ជាតិ
ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រាប់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​
27, Feb 2019 , 2:18 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​កាត់បន្ថយ​ការខ្វះខាត​ទឹក​ប្រើប្រាស់ ដោយសារ​គ្រោះរាំងស្ងួត ក្រសួង​អភិវឌ្ឍន៍ជនបទ បានចេញ​វិធាន​ការណែនាំ​សំខាន់​ចំនួន ៤​ចំណុច ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ពី​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​។ នេះ​បើតាម​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

 
​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា នឹង​ទទួលរង​ដោយ​ប្រយោល​នូវ​ឥទ្ធិពល​នៃ​បាតុភូត El Nino ដែល​បង្ក​ឲ្យ​សីតុណ្ហភាព​កម្ពុជា ហក់​ឡើងដល់​៤០​អង្សា​សេ​។ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះរាំងស្ងួត​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន​ជំនាញ និង​ប្រធាន​មន្ទីរ​រាជធានី​ខេត្ត ត្រូវ​ចុះ​ពិនិត្យមើល​អណ្ដូង​, ស្រះ​ទឹក និង​រក​វិធី​ដោះស្រាយ​បញ្ហា​នៅពេលដែល​អណ្ដូង​ខូច និង​ស្រះ​រីងស្ងួត​។ 
 
​បន្ថែម​ពីនេះ​ប្រធាន​នាយកដ្ឋាន​ជំនាញ និង​ប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ ជាពិសេស​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ទឹក និង​ប្រើប្រាស់​ដោយ​សន្សំសំចៃ​។​
 
​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍ ដើម្បី​ឆ្លើយតប​នៅ​បញ្ហា​ដែល​ពលរដ្ឋ​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។ បន្ថែម​លើ​នេះ ប្រធាន​នាយកដ្ឋាន​ជំនាញ និង​ប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវធ្វើ​របាយការណ៍ និង​រាយការណ៍​មក​ក្រសួង​ជាប្រចាំ ដើម្បី​ចេញ​វិធានការ​ជាបន្ទាន់​។ សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៧ មករា​កន្លងទៅ រដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ ស្ដីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ផងដែរ​៕
 

Tag:
 ខ្វះខាត​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com