អន្តរជាតិ
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងពីរគ្រឿងរបស់ឥណ្ឌា យន្តហោះចម្បាំង Mig-21 ។ រូបថត AFP
× ប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនបានបើកប្រតិបត្តិការយោធាមួយនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ក្នុងប្រតិបត្តិការនេះ ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំង២គ្រឿងរបស់ឥណ្ឌាក្នុងតំបន់ដែនអាកាសរបស់ខ្លួន ព្រមទាំងបានឃាត់ខ្លួនអ្នកបើកបរយន្តហោះម្នាក់របស់ឥណ្ឌាផងដែរ។
ក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធថា កងកម្លាំងអាកាសប៉ាគីស្ថានបានបើកការវាយប្រហារលើតំបន់គ្រប់គ្រងការឆ្លងកាត់ក្នុងតំបន់ជម្លោះ Kashmir ពីដែនអាកាសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។
បន្ថែមពីនេះ អ្នកនាំពាក្យយោធាប៉ាគីស្ថាន ឧត្តមសេនីយ៍ Asif Ghafoor បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាបានបើកចូលទៅក្នុងដែនដីប៉ាគីស្ថាន។ ជាការឆ្លើយតប កងកម្លាំងអាកាសប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងពីរគ្រឿង ហើយអ្នកបើកយន្តហោះម្នាក់ត្រូវបានចាប់ឃាត់ខ្លួន។
សូមបញ្ជាក់ថា ការវាយប្រហាររបស់យោធាប៉ាគីស្ថានលើឥណ្ឌា គឺធ្វើឡើងក្រោយពីក្រុងញូវដេលីកាលពីថ្ងៃអង្គារទី២៦ខែកុម្ភៈ បានប្រកាសថា ខ្លួនបានបើកការវាយប្រហារដែនអាកាសមួយក្នុងទឹកដីប៉ាគីស្ថាន ហើយបានសម្លាប់មនុស្សជាច្រើននាក់ ដែលកំពុងសម្ងំនៅក្នុងជំរំហ្វឹកហាត់របស់ក្រុមបះបោរប្រឆាំងខ្លួន។ យ៉ាងណាមិញ ភាគីប៉ាគីស្ថានបានច្រានចោលព័ត៌មានដែលថាមានអ្នកស្លាប់ច្រើន ព្រមទាំងព្រមានវិញថា ខ្លួននឹងវាយបកទៅនឹងការឈ្លានពានរបស់ឥណ្ឌា។
មែនទែនទៅ ភាពតានតឹងបានចាប់ផ្តើមឡើងកម្តៅកាន់តែខ្លាំង ចាប់តាំងពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយទៅក្នុងតំបន់ Kashmir ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។ ហេតុការណ៍បំផ្ទុះគ្រាប់បែកដែលបានសម្លាប់មន្ត្រីប៉ូលីស និងយោធាឥណ្ឌាចំនួនយ៉ាងហោចណាស់ ៤២នាក់នេះ បង្កឡើងដោយក្រុមប្រដាប់អាវុធ ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com