ជាតិ
តើ​អាចធ្វើ​ឲ្យ​ទន្លេមេគង្គ​កម្ពុជា ជាទី​ជម្រក​ដ៏​សុខសាន្ត​របស់​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​ទេ បានទេ​ទៅ​ថ្ងៃ​អនាគត​?
27, Feb 2019 , 8:19 pm        
រូបភាព
​អ្នកស្រី ចាន់ នី​ន ក្រុម​ល្បាត​ការពារ​សម្បុក​ស៊ុត​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​។ រូបភាពៈ ឈុត ឈា​ណា​
​អ្នកស្រី ចាន់ នី​ន ក្រុម​ល្បាត​ការពារ​សម្បុក​ស៊ុត​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​។ រូបភាពៈ ឈុត ឈា​ណា​
ដោយ:
​ខេត្តក្រចេះ​៖ ក្រោម​កម្តៅថ្ងៃ​ដ៏​ក្តៅហែង នា​ម៉ោង​១​កន្លះ​រសៀល ក្រុម​ល្បាត​សម្បុក​ស៊ុត «​ល្មេច​» ឬ «​កន្ធាយ​ក្បាល​កង្កែប​» បានបង្ហាញ​ពី​សកម្មភាព​ស្វែងរក​សម្បុក​ស៊ុត​ល្មេច​របស់​ពួកគាត់ ដល់​ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ នៅលើ​កោះ​មួយ​ក្នុង​ទន្លេមេគង្គ នា​ភូមិ យាវ ឃុំ​កំពង់ចាម ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ដើរ​ដោយ​ជើង​ទទេ​កាត់​វាល​ខ្សាច់ ភ្នែក​សម្លឹង​រំពៃ​សម្លឹង​រកមើល​ដានជើង​ល្មេច ដែល​ឡើង​ពី​ទឹកទន្លេ​មេគង្គ សំដៅ​ពុំនូក​ខ្សាច់​មាត់ច្រាំង​ដើម្បី​រក​កន្លែង​ពង​។ នៅក្នុង​ដៃ​របស់​ពួកគេ គ្មាន​ឧបករណ៍​អ្វី​ពេល​សេស​ទេ មាន​កាន់​ត្រឹមតែ​រំពាត់​ឈើ​តូច​ម្នា​ក់មួយ ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ សម្រាប់​ចាក់រុក​ក្នុង​គំនរ​ខ្សាច់​តាមដាន​ជើង​របស់​ល្ម​ចេ ដើម្បី​ស្វែងរក​ស៊ុត​របស់​វា​។ ធម្មជាតិ​របស់​ល្មេច វា​ឡើងគោក​នៅ​តំបន់​ដែលមាន​ខ្សាច់​ដើម្បី​ពង​។ វា​កាយ​ខ្សាច់​ជម្រៅ​ប្រហែល ២០ ទៅ ៣០​សង់ទីម៉ែត្រ​ដើម្បី​ពង​ដាក់​។ បន្ទាប់ពី​ពង​ហើយ វា​ក៏​កាយ​ខ្សាច់​នោះ​លប់​ស៊ុត​វា​វិញ​ឲ្យ​ជិត​។ បន្ទាប់មក វា​ក៏​ត្រឡប់​ចូលទៅក្នុង​ទន្លេ​វិញ​ទៅ ដោយ​ទុក​ស៊ុត​នោះ​ចោល​រហូតដល់​ថ្ងៃ​ញ៉ាស់​ដោយ​ខ្លួនឯង វា​មិន​ត្រឡប់មក​មើល​ស៊ុត​របស់​វា​វិញ​ទេ​។

 
​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប គឺជា​សត្វ​ទឹក​ពពួក​អដ្ឋិ​បម្ម​ជាតិ​មួយ​ប្រភេទ ដែលមាន​ស​ណ្ឋ​ន​ដូច​អណ្ដើក​។ អ្នកស្រុក​ខ្លះ​ហៅ​សត្វ​ប្រភេទ​នេះ​ថា ល្មិច ឬ​ល្មេច​។ ល្មេច វា​មាន​ស្នូក​ទន់ ជា​ល្មូ​ន​យក្ស​ទឹកសាប​មួយ​ប្រភេទ​ដ៏​ធំ​នៅលើ​ពិភពលោក ដែល​រស់រានមានជីវិត​នៅក្នុង​ទន្លេមេគង្គ​។ ល្មេច វា​អាច​ធំ​លូតលាស់​ដល់ ២០០​សង់ទីម៉ែត្រ និង​ទម្ងន់​អតិបរមា ៥០​គីឡូក្រាម​។ វា​ចំណាយពេល​ស្ទើរ ៩៥​ភាគរយ ពួន​នៅក្រោម​ខ្សាច់​ក្នុង​ទឹក ទុក​តែ​ត្រង់​ច្រមុះ និង​មាត់​ប្រហែល ៥​ភាគរយ​ប៉ុណ្ណោះ ដើម្បី​ចាប់​ចំណី​។ ល្មេច មានឈ្មោះ​ជា​ភាសា​អង់គ្លេស Cantor's giant softshell turtle or Asian giant softshell និង​ឈ្មោះ​វិទ្យាសាស្ត្រ (Pelochelys cantorii)​។​។ កន្ធាយ​ប្រភេទ​នេះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN Red List ជា​ប្រភេទ​កំពុង​រង​ការ​គម្រាមកំហែង​។ 
 

ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​ទម្ងន់ ១៧ គីឡូក្រាម អាយុ​ប្រហែល ១០​ឆ្នាំ ដែល​ត្រូវបានធ្វើ​ពិធី​លែង​ចូលក្នុង​ធម្មជាតិ​វិញ នៅ​ខេត្តក្រចេះ​។ រូបភាព​៖ ថាច់ ផាន់​ណា​រ៉ា​
 
​អ្នកស្រី ចាន់ នី​ន អាយុ​៦០​ឆ្នាំ ជា​អ្នក​ដើរល្បាត និង​ការពារ​សម្បុក​ស៊ុត​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប​ម្នាក់ ក្នុងចំណោម​សមាជិក​ពីរ​នាក់ ដែល​គាត់​បានធ្វើ​ការងារ​នេះ តាំងពី​ឆ្នាំ ២០១០ មកម្ល៉េះ​។ ធ្វើដំណើរ​តាម​ទូក​ម៉ាស៊ីន​តូច​មួយ ជិះ​សម្លឹង​រកមើល​ដានជើង​ល្មេច ដែល​ឡើង​ទៅរក​កន្លែង​ពង​តាម​វាល​ខ្សាច់​នៅលើ​កោះ ដោយ​ប្រុងប្រយ័ត្ន ព្រោះ​ខ្លាច​រំលង​។ វេលា​ម៉ោង​៤ ព្រឹក គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ក្រុម​របស់គាត់ ត្រូវ​ចេញដំណើរ​ស្វែងរក​ស៊ុត​លេ្ម​ច បើ​ពុំ​នោះទេ អ្នកនេសាទ​គេ​ទៅដល់​មុន គេ​នឹង​យក​អស់ហើយ​។​
 
​ចាន់ នី​ន និយាយថា ៖«​ខ្ញុំ​ត្រូវ​ចេញដំណើរ​ឲ្យ​បាន​មុន​ប្រជា​នេសាទ​នៅ​ម្តុំ​នេះ​។ បើ​ឃើញ​ដានជើង​ល្មេច ដែល​ឡើងលើ​ពុំនូក​ខ្សាច់​ទៅរក​កន្លែង​ពង ខ្ញុំ​នឹង​តាមដាន​ជើង​នោះ ដោយ​យក​ឈើ​រុករក​ទៅក្នុង​ខ្សាច់ ដើម្បី​រកមើល៍​ស៊ុត​របស់​វា​។ បើ​ប្រទះឃើញ​មាន​ស៊ុត​របស់​វា ខ្ញុំ​នឹង​ទុក​ស៊ុត​នោះ​នៅ​កន្លែង​ដើម គ្រាន់តែ​លប់​ដានជើង​វា​ចេញ​ឲ្យ​អស់ ដើម្បី​កុំ​ឲ្យ​អ្នកផ្សេង​ដឹងថា​មាន​ស៊ុត​វា​នៅ​ទីនោះ​»​។​
 
លោក​គង់ ធា​រី និង អ្នកស្រី ចាន់ នី​ន បង្ហាញ​ពី​វិធី​ដែល​ពួកគាត់​ស្វែងរក​ស៊ុត​កន្ធាយ តាមដាន​ជើង​របស់​វា​នៅលើ​កោះ​មួយ​ក្នុង​ទន្លេមេគង្គ នា​ខេត្តក្រចេះ​។ រូបភាពៈ ឈុត ឈា​ណា​
 
​ក្រុម​ល្បាត​របស់​ស្ត្រី​វ័យ​ចំណាស់ តែ​ដំណើរ​ស្វាហាប់ មានបទពិសោធន៍ និង​ប៉ិនប្រសប់​ម្នាក់នេះ មាន​សមាជិក​ពីរ​នាក់​។ គឺ​ក្មួយប្រុស​របស់គាត់ ឈ្មោះ គង់ ធា​រី ម្នាក់ទៀត​។ ជាធម្មតា អ្នក​ទាំងពីរ​ត្រូវ​ចេញ​ល្បាត ស្វែងរក​ស៊ុត​ល្មេច ក្នុង​មួយខែ តែ​៨​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅមុន​ថ្ងៃសីល​ចំនួន​ពីរ​ថ្ងៃ និង​ក្រោយ​ថ្ងៃសីល​ចំនួន​ពីរ​ថ្ងៃ ដោយ​មិន​គិត​ក្នុង​ថ្ងៃ​រនោច ឬ​កើត​ឡើយ​។ ចំពោះ​ស៊ុត​របស់​វា បាន​តិច ឬ​ច្រើន គឺ​អាស្រ័យទៅលើ​ល្មេច​ចាស់ ឬ​ក្មេង​។ បើ​ល្មេច​ចាស់ វា​អា​ចពង​បាន​ចាប់ពី​៤០ ទៅ ៤៥​គ្រាប់​។ ចំណែកឯ​ល្មេច​ក្មេង វា​ពង​បានត្រឹមតែ ២៥ ទៅ​៣០​គ្រាប់​ប៉ុណ្ណោះ​។​
 

​លោក គង់ ធា​រី ក្នុងពេល​បើកទូក​ល្បាត​។ រូបភាព​៖ ឈុត ឈា​ណា​
 
​លោក គង់ ធា​រី អាយុ ៣៦ ដែល​ត្រូវជា​ក្មួយ​របស់​ស្រី្ត​ចំណាស់ ចាន់ នី​ន មាន​ភារកិច្ច​ជា​អ្នកបើកបរ​ទូក​ម៉ាស៊ីន​ដើរល្បាត ស្វែងរក​ស៊ុត និង​ការពារ​សម្រុក​ស៊ុត​ផងដែរ​។ ទាំងពីរ​នាក់​ម្តាយមីង និង​ក្មួយ​នេះ ត្រូវបាន​អង្គការ​មួយ ដែល​ធ្វើ​ការងារ​ខាង​អភិរក្ស​ល្មេច ឬ​កន្ធាយ​ក្បាល​កង្កែប ផ្តល់​ប្រាក់ខែ​ជួន​ក្នុង​ម្នាក់ៗ ១២០​ដុល្លា​ក្នុង​មួយខែ និង ៤០​ដុល្លា សម្រាប់​ទិញ​សាំង​ចាក់​ម៉ាស៊ីន​ទូក​ល្បាត​។ ក្នុងពេល​ល្បាត ធា​រី ធា្ល​ប់​បាន​ជួបប្រទះ​នឹង​ប្រជា​នេសាទ ដែល​ប៉ុនប៉ង​យក​ស៊ុត​ល្មេច​ពី​សម្បុក ដែល​គេ​កំពុង​ការងារ​ម្តង​ដែរ​។ ប៉ុន្តែ គេ​បាន​ព្យាយាម​ពន្យល់​ប្រជា​សាទ​នោះ អំពី​ហេតុផល​ដែល​រូបគេ​ប្រឹងប្រែង​ការពារ​ស៊ុត​ទាំងយប់​ទាំង​ថ្ងៃនេះ រហូត​មានការ​យល់ព្រម​ប្រគល់​ស៊ុត​នោះ ត្រឡប់​ទៅ​ដាក់​ក្នុង​សម្បុក​វា​វិញ​។ ជាធម្មតា ស៊ុត​ល្មេច​វា​នឹង​ញ៉ាស់ ក្នុង​រយៈពេល ៥៥ ទៅ ៦០​ថ្ងៃ ដែលជា​រយៈពេល​មួយ ងាយ​នឹង​ត្រូវបាន​រកឃើញ​ដោយ​អ្នកនេសាទ ឬ​អ្នកប្រមាញ់​ស៊ុត​កន្ធាយ​ណាស់ នៅក្នុង​ធម្មជាតិ​។​
 
គង់ ធា​រី និយាយថា​៖ «​ខ្ញុំ​ធ្លាប់​ជួប​អ្នកនេសាទ​ដែល​មក​ប្រមូលយក​ស៊ុត​ល្មេច នៅក្នុង​សម្បុក​ដែល​ខ្ញុំ​ការពារ​។ ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ពួកគាត់ ហើយ​សុំ​គាត់​យក​អ្វី​ជា​ថ្នូរ​វិញ​។ ពួកគាត់​យល់ព្រម​ប្តូរ​ជាមួយនឹង​ស៊ុតទា​វិញ​។ ក្រោយមក ដោយ​ពិបាក​ការពារ​ពេក ខ្ញុំ​ក៏​ស៊ុត​ទាំងនោះ ទៅ​រក្សា​នៅផ្ទះ​។ ជា​បន្ត​បន្តា​ប់ម​កទៀត ខ្ញុំ​តែង​ប្រមូលយក​ស៊ុត​ទាំងអស់​ទៅ​រក្សាទុក​នៅផ្ទះ បន្ទាប់ពី​ខ្ញុំ​បាន​រកឃើញ​វា​។ ខ្ញុំ​ធ្វើ​សម្បុក​សិប្បនិម្មិត​ដាក់​វា រហូតដល់​ថ្ងៃ​ញ៉ាស់​។ បន្ទាប់មក ខ្ញុំ​ដាក់​ចំណីរ​ឲ្យ​វា​ស៊ី​រហូតដល់​វា​ធំ​ល្មម ទើប​ខ្ញុំ​យក​វា​ទៅ​លែង​ក្នុង​ធម្មជាតិ ឯ​ទន្លេមេគង្គ​វិញ​»​។​
 
​ល្មេច ឬ កន្ធាយ​ក្បាល​កង្កែប ត្រូវបាន​គេ​ប្រទះឃើញ​មាន​រស់នៅ​ក្នុងប្រទេស បង់​ក្លា​ដេ​ស កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី ភូមា ហ្វី​លិ​ពិន ថៃ និង​វៀតណាម និង​រស់​នៅតាម​បណ្តោយ​ឆ្នេរ​នៃ​អាស៊ី​ខាងត្បូង និង​អាស៊ី​ភាគ​ខាងកើត ពី​ភាគ​និរតី​នៃ​ប្រទេស​ឥណ្ឌា ទៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន និង​រួមទាំង​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី រហូតដល់​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ​បរ​ណេ​អូ​ផងដែរ​។​

© រក្សាសិទ្ធិដោយ thmeythmey.com