អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ ប្រកែក​មិន​ចូលរួម​វេទិកា​តស៊ូ​មតិ​ជាមួយ​អ្នកនយោបាយ​ថៃ​ដទៃទៀត​
27, Feb 2019 , 8:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បដិសេធ​ចំពោះ​ការកោះហៅ​របស់​អ្នកនយោបាយ​ផ្សេងទៀត​ឲ្យ​លោក​ចូលរួម ក្នុង​វេទិកា​ជជែក​តស៊ូ​មតិ​ស្តីពី​គោលនយោបាយ​របស់​គណ​បក្ស​ដែល​រួមការ​បោះឆ្នោត​ខែក្រោយ​។ លោក​លើក​ហេតុផល​ថា មានការ​ងារ​វល់​ច្រើន​និង​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​។ យ៉ាងណាមិញ អ្នកនយោបាយ​មួយចំនួន និយាយថា ពួកគេ​ហាក់​មិន​ភ្ញាក់ផ្អើល​ចំពោះ​រឿងនេះ​ឡើយ ដ្បិត​លោក​ប្រា​យុទ្ធ​មិន​ហ៊ាន​ប្រឈមមុខ​នឹង​សំណួរ​របស់​ពួកគេ​។

 
​ថ្លែង​នៅក្រោយ​ជំនួប​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​អង្គារ​ទី​២៦ ខែកុម្ភៈ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា​និយាយថា លោក​ពុំ​មើលឃើញថា វា​ជា​រឿង​ចាំបាច់​ដែល​លោក​ត្រូវ​ចូលរួម​ក្នុង​វេទិកា​តស៊ូ​មតិ​នោះទេ​។ នាយករដ្ឋមន្ត្រី​រូបនេះ អះអាងថា លោក​មិន​ខ្លាចញញើត​ចំពោះ​ការប្រឈមមុខ​ជាមួយ​ការសួរដេញដោល​ពី​សំណាក់​អ្នកនយោបាយ​ដ៏ទៃទៀត​នោះដែរ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post  មេដឹកនាំ​របប​សឹក​រូបនេះ គូសបញ្ជាក់ថា អ អ្នកនយោបាយ​ភាគច្រើន​ប្រើប្រាស់​វេទិកា​សួរដេញដោល​នេះ ដើម្បី​សួរ​បំបាក់​គូប្រជែង​របស់ខ្លួន ដោយ​មិន​ព្រម​លើក​បញ្ហា​ប្រឈម​ចម្បង​របស់​ជាតិ​មក​ពិភាក្សា​ឡើយ​។ លោក​មិន​ខឹង​ហើយក៏​មិន​ខ្លាច​អ្នកណា​ដែល​ចង់​ផ្ចាញ់ផ្ចាល​លោក​ឡើយ ដ្បិត​លោក​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវបំពេញ​។​
 
«​ប្រសិនបើ​អ្នក​ចង់ដឹង​ពី​ទស្សនវិស័យ​ខ្ញុំ ខ្ញុំ​មាន​រួចហើយ​។ នោះ​គឺ ស្ថិរភាព ភាព​រីកចម្រើន និង​ភាពរឹងមាំ ក្រោម​គោលការណ៍​សេដ្ឋកិច្ច​ដ៏​មាន​ប្រសិទ្ធភាព​របស់​ស្តេច​រាមា​ទី​៩​។ ហើយ​នេះ​គឺជា​ទស្សនវិស័យ​ខ្ញុំ​»​។ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​អះអាង​បែបនេះ​។​
 
​ទន្ទឹមនឹង​គ្នា​នេះ ប្រធាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​ថៃ (NCPO) រូបនេះ លើកឡើងថា អំឡុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​បាន​អនុវត្ត​កំណែទម្រង់​លើ​វិស័យ​សំខាន់ៗ​មួយចំនួន រួមបញ្ចូល​ទាំង​រឿង​សំខាន់ៗ​ក្នុង​របៀបវារៈ​ជាតិ​ផងដែរ​។ តួយ៉ាង​រដ្ឋាភិបាល​បាន​បង្កើត​យុទ្ធសាស្ត្រ​ជាតិ​រយៈពេល​២០​ឆ្នាំ និង​ផែនការមេ​សំខាន់ៗ​ដ៏ទៃទៀត​ផងដែរ​។ «​តើ​នេះ​មិនមែនជា​ទស្សនវិស័យរ​បស់​ខ្ញុំ​ទេ​ឬ​»​។ លោក​ប្រា​យុទ្ធ​ចោទសួរ​បែបនេះ​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​ការបដិសេធ​មិន​ចូលរួម​ក្នុង​វេទិកា​តស៊ូ​មតិ ប្រធាន​ទទួលបន្ទុក​ផ្នែក​យុទ្ធសាស្ត្រ​របស់​គណបក្ស​រក្សា​ជាតិ​ថៃ លោក Chaturon Chaisang និយាយថា លោក​មិន​ភ្ញាក់ផ្អើល​ចំពោះ​រឿងនេះ​ឡើយ​។ អ្នកនយោបាយ​រូបនេះ​អះអាងថា ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ មិនមាន​ភាពក្លាហាន​តទល់​នឹង​សំណួរ​របស់​អ្នកនយោបាយ​ដ៏ទៃទៀត ខណៈដែល​លោក​ចង់​កេងចំណេញ​ប្រយោជន៍​ពី​គណបក្ស​ផ្សេង ដោយ​វាយប្រហារ​គោលនយោបាយ​របស់​ពួកគេ​តែ​ម្ខាង​ប៉ុណ្ណោះ​។​
 
​បើតាម Bangkok Post ដដែល លោកស្រី  Ladawan Wongsriwong អ្នកនាំពាក្យ​នៃ​គណបក្ស​ភឿ​និយាយថា ប្រជាជន​នឹង​បាត់បង់​ឱកាស​ស្តាប់​ការបកស្រាយ​របស់លោក​នាយករដ្ឋមន្ត្រី​ទាក់ទិន​នឹង​ទស្សនវិស័យ​លោក​សម្រាប់​អនាគត​របស់​ប្រទេសជាតិ​។ លោកស្រី​ថា លោក ប្រា​យុទ្ធ គួរ​ហ៊ាន​ចេញមុខ​រៀបរាប់​ពីអ្វី​ដែល​លោក​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ ព្រមទាំង​ពន្យល់​វា​ទៅកាន់​ប្រជាពលរដ្ឋ​ថៃ​ផងដែរ​៕

Tag:
 ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com