ឥណ្ឌា និងប៉ាគីស្ថាន គឺជាសត្រូវស៊ីសាច់ហុតឈាមតាំងពីការបែងចែកគ្នា និងបានឯករាជ្យរៀងៗខ្លួននៅឆ្នាំ១៩៤៧ មក។ វិបត្តិកាស្មៀរ គឺជាដុំថ្មចំកណ្ដាលទំនាក់ទំនងអ្នកជិតខាងទាំងពីរនេះ និងជាដែកកេះដុតបញ្ឆេះឲ្យសង្គ្រាមជាញឹកញាប់ផង។ យោធាប៉ាគីស្ថាន និងឥណ្ឌា ប្រយុទ្ធគ្នាមិនតិចជាង៧ដងឡើយក្នុងការទាមទារតំបន់មួយនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ សុទ្ធតែជាមហាអំណាចដូចគ្នា បើប្រយុទ្ធគ្នាទ្រង់ទ្រាយធំ តើឥណ្ឌា ឬប៉ាគីស្ថានមានប្រៀបជាង?
ឥណ្ឌា និងប៉ាគីស្ថាន ហែករដ្ឋកាស្មៀរជាពីរនៅឆ្នាំ១៩៤៧ ។ ការដណ្ដើមគ្រប់គ្រងរដ្ឋមួយនេះ ធ្វើឲ្យប៉ាគីស្ថាន និងឥណ្ឌាធ្វើសង្គ្រាមទ្រង់ទ្រាយធំបីដង និងការប៉ះទង្គិចជាច្រើនលើកទៀត។ ការវាយប្រហារដែនអាកាសពីសំណាក់យោធាឥណ្ឌាក្នុងតំបន់គ្រប់គ្រងដោយប៉ាគីស្ថាន ជាការវិវត្តចុងក្រោយនៃជម្លោះនេះ។ វិបត្តិនៅកាស្មៀរ គឺជាជម្លោះបង្ហូរឈាមរ៉ាំរ៉ៃរវាងអ្នកជិតខាងទាំងពីរ ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា ហើយមាននុយក្លេអ៊ែរដូចគ្នាទៅទៀត។
តើឥណ្ឌា និងប៉ាគីស្ថានអាចប្រឈមមុខយោធាថ្មីទៀតដោយសារសំណុំរឿងកាស្មៀរ? តើឥណ្ឌា និងប៉ាគីស្ថានមានសាច់ដុំយោធាប៉ុណ្ណា?
បើនិយាយពីផ្លូវការទូត ឥណ្ឌា និងប៉ាគីស្ថានមិនលើសខ្វះគ្នាប៉ុន្មានឡើយ។ ប៉ុន្តែបើគន់គូរពីចំនួនប្រជាជន និងទំហំសេដ្ឋកិច្ចវិញ ក្រុងញូវដែលីពិតជានាំមុខក្រុងអ៊ីស្លាម៉ាបាដ។ សម្រាប់ឆ្នាំ២០១៨ ឥណ្ឌាមានទំហំផលិតផលក្នុងស្រុកសរុបដល់ទៅជិត២,៧ទ្រីលានដុល្លារ ខណៈប៉ាគីស្ថានមានត្រឹម១,៣ពាន់លានដុល្លារប៉ុណ្ណោះ។ មានន័យថា ឥណ្ឌាមានលុយច្រើនសម្រាប់ចំណាយជាងប៉ាគីស្ថាន។
ថវិកាចំណាយលើវិស័យការពារជាតិរបស់ឥណ្ឌាមានទំហំ៥៨ពាន់លានដុល្លារនៅឆ្នាំ២០១៨ ហើយស្ថិតនៅលំដាប់ទីប្រាំលើពិភពលោក។ នេះបើតាមទិន្នន័យរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។ ឯប៉ាគីស្ថានវិញមានចំនួន១១ពាន់ដុល្លារ។ ងាកទៅចំនួនទ័ពវិញ ប៉ាគីស្ថានមានកងទ័ព៥៦ម៉ឺននាក់ ឥណ្ឌាមាន១,២លាននាក់ ដែលសុទ្ធតែជាសកម្មទាំងអស់។ ប៉ុន្តែបើសង្គ្រាមផ្ទុះឡើង ឥណ្ឌាអាចប្រមូលកម្លាំងថែមដល់ទៅ៣០០លាននាក់ គឺ៥ដងច្រើនជាងប៉ាគីស្ថាន។
បន្ថែមពីលើនេះ ឥណ្ឌាមានរថក្រោះប្រមាណ៣៥០០គ្រឿង ច្រើនជាងរថក្រោះប៉ាគីស្ថានមួយពាន់គ្រឿង។ រថក្រោះរបស់ឥណ្ឌាភាគច្រើនជាផលិតផលរបស់រុស្ស៊ី ខណៈប៉ាគីស្ថានសម្បូរដោយរថក្រោះផលិតនៅចិន។ ក្រៅពីនេះ ក្រុងញូវដែលីមានកាំភ្លើងធំជិតមួយម៉ឺនគ្រឿង ឯអ៊ីស្លាម៉ាបាដមានតិចជាងប្រាំពាន់គ្រឿងប៉ុណ្ណោះ។ និយាយពីផ្លូវអាកាសវិញ ប៉ាគីស្ថានមានយន្តហោះចម្បាំងជាង៤០០គ្រឿងដែលផលិតនៅបារាំង អាមេរិក និងផលិតរួមគ្នាជាមួយចិនផង។ ចំណែកឥណ្ឌាវិញមានយន្តហោះប្រមាណ៨រយគ្រឿងត្រៀមជាស្រេចដើម្បីប្រយុទ្ធ ប៉ុន្តែភាគច្រើនជាយន្តហោះស៊េរីចាស់ដូចជា MiG-21 និង MiG-27 ។ កម្លាំងសំខាន់នោះ គឺយន្តហោះស៊េរីថ្មី Su-30 ដែលមានជាងបីរយគ្រឿង។
ខណៈការប្រយុទ្ធគ្នាជាច្រើនលើក កើតឡើងលើដីគោកនោះ កម្លាំងជើងទឹកមហាអំណាចតំបន់អាស៊ីខាងត្បូងទាំងពីរ មិនសសូវដើរតួនាទីសំខាន់ឡើយ។ ប៉ុន្តែឥណ្ឌាមានប្រៀបជាងប៉ាគីស្ថាន ព្រោះមានសមត្ថភាពជើងទឹកខ្លាំងទាំងបរិមាណ និងគុណភាព។ វាអាចមិនមែនជារឿងចម្លែកឡើយ ព្រោះឥណ្ឌាមានឆ្នេរប្រវែងរាប់ពាន់គីឡូម៉ែត្រឯណោះ។
អាវុធសំខាន់បំផុតរបស់ឥណ្ឌា និងប៉ាគីស្ថាន គឺនុយក្លេអ៊ែរទៅវិញទេ។ ទោះប្រទេសទាំងពីរប្រកាសពីជោគជ័យក្នុងការសាកល្បងនៅឆ្នាំ១៩៩៨ ដូចគ្នាមែន ឥណ្ឌាចាប់ផ្ដើមគិតគូរនុយក្លរអ៊ែរតាំងពីទសវត្សរ៍១៩៧០ មុនប៉ាគីស្ថានទៅទៀត។ ប៉ុន្តែប្រទេសទាំងពីរនេះ មិនដែលបញ្ចេញព័ត៌មានជុំវិញចំនួននុយក្លេអ៊ែរស្តុកក្នុងឃ្លាំងឡើយ។ បើតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ SIPRI ប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះ១៤០ទៅ១៥០គ្រាប់ ឯឥណ្ឌាមានចន្លោះពី១៣០ទៅ១៤០គ្រាប់។
ទោះមានបរិមាណតិចជាងមែន ឥណ្ឌាមានសព្វាវុធដែលអាចនាំក្បាលគ្រាប់នុយក្លេអ៊ែរបានឆ្ងាយជាងប៉ាគីស្ថាន។ មីស៊ីលអន្តរទ្វីបរបស់ឥណ្ឌា Igni-3 អាចដល់គោលដៅដែលនៅចម្ងាយប្រាំពាន់គីឡូម៉ែត្រ ខណៈមីស៊ីលប៉ាគីស្ថាន Shaheen-2 ដែលជាមីស៊ីលរត់បានឆ្ងាយជាងគេនោះ អាចបាញ់ចំគោលដៅនៅចម្ងាយតែពីរពាន់គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយសារមាននុយក្លេអ៊ែរក្បែរផ្ទះបែបនេះ ទាំងឥណ្ឌា ទាំងប៉ាគីស្ថានក៏មិនភ្លេចទិញប្រព័ន្ធការពារមីស៊ីលទុកដែរ។
យ៉ាងណាក្ដី ជាមួយនឹងអានុភាពរបស់អាវុធមហាប្រល័យនេះ បូករួមទាំងបរិមាណ និងគុណភាពផងនោះ ប្រព័ន្ធការពារមីស៊ីលទាំងនោះ ទំនងជាមិនអាចបញ្ចៀសគ្រោះមហន្តរាយបានឡើយ បើមានការប៉ះទង្គិចរហូតឈានដល់ការធ្វើសង្គ្រាមមែននោះ ហើយប្រជាជនទាំងសងខាងរាប់លាននឹងរងគ្រោះដោយសារអាវុធមួយនេះ៕