អន្តរជាតិ
មុន​ជួប​លោក គីម លោក ត្រាំ ថា កូរ៉េខាងជើង​អាច​ដូច​វៀតណាម បើ​រំសាយ​នុយក្លេអ៊ែរ​
27, Feb 2019 , 4:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាន់ទង់ជាតិវៀតណាម ចំពោះមុខនាយករដ្ឋមន្រ្តី ង្វៀន ស៊ួនហ្វុក (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាន់ទង់ជាតិវៀតណាម ចំពោះមុខនាយករដ្ឋមន្រ្តី ង្វៀន ស៊ួនហ្វុក (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​អះអាងថា កូរ៉េខាងជើង នឹង​ចម្រុងចម្រើន​ឆាប់រហ័ស​ដូច​វៀតណាម បើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​។ តាមរយៈ Twitter របស់ខ្លួន លោក ត្រាំ បាន​ផ្ញើ​សារ​មាន​លក្ខណៈ​បន្ទន់ចិត្ត​ទៀតថា កូរ៉េខាងជើង​មាន​សក្ដា​នុព​ល​ខ្លាំង​ដែល​ប្រទេស​ផ្សេងទៀត​ក្នុង​ប្រវត្តិសាស្ត្រ​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ផ្ដើម​ជំនួប​លើក​ទី​ពីរ​របស់ខ្លួន​នៅ​ម៉ោង​៦ និង​៣០​នាទី​ថ្ងៃទី​២៧ ខែកុម្ភៈ​នៅឯ​សណ្ឋាគារ Sofitel Legend Metropole ក្នុង​ទីក្រុង​ហាណូយ​។ មុន​ជំនួប​លើក​ទី​ពីរ​តទល់​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក ត្រាំ ក៏​ផ្ញើ​សារ​អន្ទង​ចិត្តជា​ថ្មី​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន បើសិនជា​ចង់​រីកចម្រើន​ដូច​គេឯង​។​
 
​ក្នុង​សារ Twitter ជា​លើកដំបូង​តាំងពី​ទៅដល់​វៀតណាម លោក ត្រាំ សរសេរថា វៀតណាម​គឺជា​ប្រទេស​ជឿនលឿន​មួយ​លើ​ពិភពលោក ហើយ​កូរ៉េខាងជើង​ក៏​អាច​ឈានដល់​ចំណុច​នេះ​យ៉ាង​ឆាប់រហ័ស​ដែរ ប្រសិនបើ​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ​។ ប្រធានាធិបតី​អាមេរិក បាន​ហៅ​លោក គីម ថា ជា​មិត្តភក្តិ​ល្អ​របស់ខ្លួន ហើយ​ដែលមាន​សក្ដានុពល​ខ្លាំង​ទៀតផង​។ បើតាម​លោក ត្រាំ សក្ដានុពល​កូរ៉េខាងជើង នឹងត្រូវ​បញ្ចេញ​ឆាប់ៗ​នេះ​។​
 
​មុន​ជួប​លោក គីម មេដឹកនាំ​អាមេរិក​ក៏​ជួប​បណ្ដា​មេដឹកនាំ​វៀតណាម​ដែលជា​ម្ចាស់ផ្ទះ​ជំនួប​ត្រាំ​-​គីម​លើក​ទី​ពីរ​ផង​។ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ លោក ត្រាំ បាន​ជួប​ជាមួយ​ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម ង្វៀន ភូ​ជុង និង​នាយករដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុ​ក​។ នា​ជំនួប​ជាមួយ​លោក ង្វៀន ភូ​ជុង លោក ត្រាំ និយាយថា លោក និង​លោក គីម មាន​អារម្មណ៍​ក្នុងការ​ជួបគ្នា​នៅ​វៀតណាម ព្រោះ​វៀតណាម​ជា​គំរូ​ដ៏​ល្អ​។​
 
​មាន​ទីតាំងនៅ​អាស៊ីអាគ្នេយ៍ វៀតណាម​ត្រូវគេ​មើលឃើញថា ជា​ឧទាហរណ៍​សមស្រប​បំផុត​សម្រាប់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​។ វៀតណាម​ជា​រដ្ឋ​កុម្មុយនីស្ត តែមាន​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី​។ ដូចនេះ ប្រព័ន្ធ​ដឹកនាំ​បែបនេះ អាចជា​ផ្លូវ​ដើរ​ថ្មី​របស់​កូរ៉េខាងជើង​ពេល​ឈប់​គិតគូរ​ខ្លាំង​ទៀត​លើ​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​នៅពេល​ខាងមុខ​។​
 
​សម្រាប់​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ​នេះ លោក ត្រាំ និង​លោក គីម នឹង​ជួប​ទល់មុខ​រយៈពេល​២០​នាទី ដោយ​មានតែ​អ្នកបកប្រែ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការប្រកាស​របស់​សេត​វិមាន ដែល​បន្តថា ក្រោយ​ជជែក​គ្នា​ទល់មុខ​រួច មេដឹកនាំ​ទាំងពីរ​នឹងចូលរួម​កម្មវិធី​អាហារ​ពេល​ល្ងាច​រយៈពេល​មួយ​ម៉ោង​កន្លះ​ទៀត ដោយមាន​វត្តមាន​មន្ត្រី​សំខាន់ៗ​ចូលរួម​ដែរ​។ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​នាយក​ស្តីទី​ខុ​ទ្ទ​ការ​ល័យ​ប្រធានាធិបតី Mick Mulvaney ជា​មន្ត្រី​អម​លោក ត្រាំ ខណៈ​លោក គីម យ៉ុង​ឈុ​ល និង​មន្ត្រី​ម្នាក់ទៀត នឹង​អង្គុយ​អម​លោក គីម ៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com