កីឡាជាតិ
ជាតិ
សៀង ច​ន្ធា នៅតែ​ស្តាយ​ឱកាស​មាស​របស់ខ្លួន​នា​ជំនួប​ដណ្តើម​លេខ​បី​ជាមួយ​វៀតណាម​
27, Feb 2019 , 9:39 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា បានបង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង ក្រោយ​ខក​ឱកាស​ក្នុងការ​សម្រេច​ទីនា​ជំនួប​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ U22 វៀតណាម កាលពី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ​។ ច​ន្ធា បានដាក់​កំហុស​លើ​ខ្លួនឯង​ដោយ​ចាត់ទុក​ការសម្រេច​ស៊ុត​បាល់​មិន​បោះ​ឲ្យ​មិត្ត​រួម​ក្រុម ក្រោយ​អូស​ផុត​ខ្សែការពារ​វៀតណាម​ជាការ​សម្រេចចិត្ត​ខុស​។ ជាមួយ​ការសុំ​ទោស​អ្នកគាំទ្រ​ចំពោះ​កំហុស​កើតឡើង​ដោយ​អ​ចេតនា រូបគេ​រំពឹងថា អ្នកគាំទ្រ​នឹង​បន្ត​គាំទ្រ​ក្រុមយុវជន និង​ជម្រើសជាតិ​កម្ពុជា​។​

 
​សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា សៀង ច​ន្ធា បាន​សុំទោស​ប្រជាពលរដ្ឋ ពិសេស​អ្នកគាំទ្រ​កីឡាបាល់ទាត់ ក្រោយ​រូបគេ​ធ្វើ​ឲ្យ​រំលង​ឱកាស​មាស​ក្នុងការ​បំប៉ោង​សំណាញ់​ទី​ក្រុម U22 វៀតណាម នា​ជំនួប​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ព្រឹត្តិការណ៍ AFF U22 Championship កាលពី​ថ្ងៃទី​២៦ កុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ច​ន្ធា បានចាត់ទុក​ការសម្រេច​ស៊ុត​បាល់​សំដៅ​សំណាញ់​ទី​ក្រោយ​អូស​ផុត​ខ្សែការពារ​វៀតណាម ជា​កំហុស​កើត​ពី​ការសម្រេចចិត្ត​មិនបាន​ត្រឹមត្រូវ​។​




 
«​ក្នុងអំឡុង​ពេលនោះ​(​ពេល​អូស​បាល់​ដាច់​ម្នាក់ឯង​)​ខ្ញុំ​សម្រេចចិត្ត​ខុស​។ ខុស​ត្រង់​យើង​សម្រេចចិត្ត​យឺត​ពេក​អត់​បាន​មើល​ជំហរ​របស់​អ្នកចាំទី​(​វៀតណាម​)​។ សម្រាប់​ខ្ញុំ​ដំណោះស្រាយ គឺ​ត្រូវ​ប៉ះ​ឲ្យ​មិត្ត​រួម​ក្រុម ឬ​ទាត់​លើ​ក្បាល​អ្នកចាំទី​ព្រោះ​គាត់​ផ្តេកខ្លួន​។ ពីដំបូង​ខ្ញុំ​អត់​ឃើញ​មិត្ត​រួម​ក្រុម​នោះទេ ពេល​ជិត​ដល់ទី​ខ្ញុំ​ឃើញ តែ​វា​យឺត​ពេល​ទៅហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់ សៀង ច​ន្ធា​។ 




 
​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះ​បាន​បន្ថែមថា រូបគេ​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​កំហុស​មួយ​នេះ ព្រោះ​វា​អាចជា​គ្រាប់​បាល់​ដែល​នាំ​កម្ពុជា​យកឈ្នះ​វៀតណាម​ជា​ប្រវត្តិសាស្ត្រ​។ រូបគេ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ស្តាយ​ខ្លាំង​បង ដោយសារ​គ្រាប់​នឹង​អាច​នាំ​ឲ្យ​យើង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ ជាដំបូង​ខ្ញុំ​សុំទោស​អ្នកគាំទ្រ ដែល​មិនអាច​រក​គ្រាប់​បាល់​ឲ្យ​ក្រុម U22 កម្ពុជា​»​។ 




 
​ទោះបី​យ៉ាងនេះ​ក្តី សៀង ច​ន្ធា បានចាត់ទុក​ការបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​រូបគេ​ក្នុងការ​ដកស្រង់​បទពិសោធ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ជាមួយ​ការទទួលស្គាល់​នៅ​ខ្សោយ​ផ្នែក​កាយសម្បទា និង​កម្លាំង ខ្សែប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​រូបនេះ​រំពឹងថា រូបគេ​នឹង​ទទួលបាន​ឱកាស​ជាប់​ជម្រើសជាតិ​សាជាថ្មី​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC U23 Championship ដែល​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែ​មិនា ឆ្នាំ​២០១៩​។ ជាមួយគ្នានេះ​រូបគេ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ 


 
​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U22 Championship ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៧-២៦ ខែកុម្ភៈ ម្ចាស់ផ្ទះ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ប្រកួត​ចាញ់ U22 វៀតណាម​យ៉ាង​ប្រផិតប្រផើយ​នៅ​ចុង​ម៉ោង ១-០​។ U22 កម្ពុជា ក៏​ជា​ក្រុម Fair Play ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ ចំណែក​ក្រុម U22 ឥណ្ឌូណេស៊ី ដែល​បាន​ទម្លាក់ U22 វៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ ក្រោយ​យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក U22 ថៃ ក្នុង​លទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕   
 

Tag:
 បាល់ទាត់​
  សៀង ច​ន្ធា​
  AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com