ជាតិ
សម្ដេច ស ខេង ៖ ករណី​គ្រឿងញៀន​នៅ Rock គ្មានអ្វី​ពាក់ព័ន្ធ​លោក គិត ម៉េង ឡើយ​
27, Feb 2019 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​Rock គ្មានអ្វី​ពាក់ព័ន្ធ​នឹង​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ ដែល​បង្ហាញ​ពី​ភាពមិនប្រក្រតី​ទាក់ទង​នឹង​លោក គិត ម៉េង នោះទេ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ការបង្ក្រាប​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាល​លើ​ករណីនេះ ក៏បាន​កើតមាន​ពាក្យ​ច​ចាម​អារាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ​មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាបជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​នោះទេ​»។​
 
 
​កាលពី​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សមត្ថកិច្ច បាន​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣០០​នាក់​ផងដែរ​៕
 

Tag:
 ស ខេង​
  Rock
© រក្សាសិទ្ធិដោយ thmeythmey.com