កីឡាជាតិ
ជាតិ
លោក Inoue Kazunori មក​ដឹកនាំ​ឡើងវិញ U15 ជំនួស​លោក Lee Taehoon
27, Feb 2019 , 6:39 pm        
រូបភាព
លោក Inoue Kazunori អតីតគ្រូបង្វឹកក្រុមសាលាបាល់ទាត់ជាតិបាទី U18 និងជម្រើសជាតិ U19
លោក Inoue Kazunori អតីតគ្រូបង្វឹកក្រុមសាលាបាល់ទាត់ជាតិបាទី U18 និងជម្រើសជាតិ U19
ដោយ:
​លោក Inoue Kazunori ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ​(U15) ជំនួស​លោក Lee Taehoon ដែល​បាន​ចប់​កិច្ចសន្យា​កាលពី​ចុងឆ្នាំ​២០១៨​។ នេះ​ជាការ​ចូលរួម​លើក​ទី​២​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ ពោលគឺ​លោក​ធ្លាប់​ដឹកនាំ​យុវជន​នៅទីនេះ​ម្តង​រួចមកហើយ​។

 
​គ្រូបង្វឹក​ដែល​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF U16 Championship កាលពី​អំឡុង​ឆ្នាំ​២០១៦ លោក Inoue Kazunori ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៥​ឆ្នាំ​។ ការតែងតាំង​នេះ គឺ​ដើម្បី​ជំនួស​លោក Lee Taehoon ដែល​បាន​ផុត​សុពលភាព​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពី​ចុងឆ្នាំ​២០១៨​។​
 
​លោក Inoue Kazunori ក៏​ត្រូវបាន​សហព័ន្ធ​តែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ផងដែរ​។ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​រូបនេះ ធ្លាប់​ដឹកនាំ​ក្រុមយុវជន​បាទី និង​យុវជន​ជម្រើសជាតិ​កម្ពុជា​ម្តង​រួចមកហើយ​។ ក្នុងអំឡុង​ចំណាយពេល​២​ឆ្នាំ​ចន្លោះ​ពី​ឆ្នាំ​២០១៦-២០១៨​រួម​រស់នៅ​កម្ពុជា គ្រូបង្វឹក​រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ប្រចាំ​ព្រឹត្តិការណ៍ AFF U16 Championship 2016​។ 
 
​បន្ថែម​លើ​នេះ លោក​បាន​ដឹកនាំ​ក្រុម U18 ចូលក្នុង​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF U18 Championship 2017 នៅ​មី​យ៉ាន់​ម៉ា និង​ដឹកនាំ​ក្រុម U19 ចូលរួម​ក្នុង​វគ្គ​ជម្រុះ AFC U19 Championship ទៀតផង​។ 
 
​កិច្ចសន្យា​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​នេះ មាន​សុពលភាព​រយៈពេល​១​ឆ្នាំ​។ បច្ចុប្បន្ន​សាលា​បាល់ទាត់​ជាតិ​បាទី​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Inoue Kazunori កំពុង​ជ្រើសរើស​និង​ធ្វើតេស្ត​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​៕        
 

Tag:
 បាល់ទាត់​
  Inoue Kazunori
  U15
  សាលា​បាល់ទាត់​ជាតិ​បាទី
© រក្សាសិទ្ធិដោយ thmeythmey.com