ជាតិ
CMACទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ និងគ្រឿងចក្រពីអង្គការJMAS សម្រាប់ដោះមីននៅខេត្តកំពង់ធំ រូបភាពបានពីCMAC
× ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) ទទួលបានការគាំទ្រកម្លាំងគ្រឿងចក្រ និងថវិកាជាង៣១ម៉ឺនដុល្លារ ពីអង្គការJMAS នៃប្រទេសជប៉ុន លើគម្រោងបោសសម្អាតមីន និងគ្រាប់បែកចង្កោម នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ គម្រោងនេះ មានរយៈពេលមួយឆ្នាំ ដែលនឹងអនុវត្តឡើងចាប់ពីថ្ងៃទី១ មីនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២០។
យោងតាមទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកCMAC ក្រៅពីគម្រោងបោសសម្អាតមីន ក៏ផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ដូចជា ការជួសជុលផ្លូវ ជីកស្រះ ធ្វើអណ្តូងទឹក និងប្រព័ន្ធប្រឡាយទឹកជាដើម។ លោកបានបញ្ជាក់ថា កម្លាំងCMAC និងJMAS បានសហការគ្នាតាំងពីឆ្នាំ២០០២មកម្លេះ។
កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាជាង៤០០លានដុល្លារទៀត សម្រាប់ការបោសសម្អាតមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែក ឱ្យអស់នៅក្នុងឆ្នាំ២០២៥ នៅលើផ្ទៃដីប្រមាណ១៩៧០គីឡូម៉ែត្រក្រឡា។
គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញនិងកម្ទេចចោលគ្រប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់, គ្រាប់មីនប្រឆាំងរថគ្រោះជាង២,៤ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះជាង២,៧លានគ្រាប់។ ចំនួនប្រជាជនដែលរងគ្រោះ បានធា្លក់ចុះពី២៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨៕
Tag:
ថវិកា
គ្រឿងចក្រ
មីន
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com