ជាតិ
កម្មករ​រោងចក្រ​អូ​លីវ អឹ​ភែ​រិល​ជាង​២០០​នាក់​បាន​ដួលសន្លប់​បី​ថ្ងៃ​ជាប់ៗ​គ្នា​
27, Feb 2019 , 7:59 pm        
រូបភាព
កម្មការិនីពីរនាក់ទទួលការព្យាបាល បន្ទាប់ពីបានដួលសន្លប់នៅពេលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់អូរលីវ អឹភែរឹល (ខេមបូឌា) ភ្នំពេញ។ (រូបថត៖ សង់ត្រាល់)
កម្មការិនីពីរនាក់ទទួលការព្យាបាល បន្ទាប់ពីបានដួលសន្លប់នៅពេលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់អូរលីវ អឹភែរឹល (ខេមបូឌា) ភ្នំពេញ។ (រូបថត៖ សង់ត្រាល់)
ដោយ: VOA
​ភ្នំពេញ ៖ យ៉ាងហោចណាស់​មានកម្ម​ករ​កម្មការិនី​នៃ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ស​រុ​ប​ជាង​២០០​នាក់ បាន​ដួលសន្លប់ និង​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​សៅរ៍​។ នេះ​បើតាម​ក្រុម​សហជីព​និង​អាជ្ញាធរ​។​

 
​មន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​អង្គា​រដាក់​ការស្តីបន្ទោស​ទៅលើ​ក្លិន​ប្រេង​ចាស់ៗ​ដែល​គេ​បង្ហូរ​ចោល​ក្បែរ​រោងចក្រ​ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ធ្វើឱ្យ​កម្មករ​បន្ត​ដួលសន្លប់​។​
 
​លោក សែម ជឿន អ្នក​ចងក្រង​ឯកសារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គ​ការសង់​ត្រា​ល់ (Central) ដែល​បាន​ចុះទៅ​ជួប​ជាមួយនឹង​កម្មករ​កម្ម​ការិនី​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ផ្ទាល់​បាន​ប្រាប់ VOA ថា កម្មករ​របស់​រោងចក្រ​កាត់ដេរ អូ​លីវ អឹ​ភែ​រិល​(​ខេ​ម​បូ​ឌា​)​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដួលសន្លប់​ចាប់តាំងពី​ថ្ងៃ​សៅរ៍​។ លោក​ថា មាន​កម្មករ​សរុប​ជាង​២០០​នាក់ បាន​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។​
 
​លោក​បាន​និយាយថា​៖
 
«​សន្លប់ និយាយ​ទៅ​។ គាត់​មាន​អាកា​រៈ​ខ្លះ​សន្លប់ ខ្លះ​ពួកគាត់​កំពុងធ្វើការ​អ៊ីចឹងទៅ មាន​របៀប​ថប់ដង្ហើម​ហើយ រក​ក្អួតចង្អោរ​អ៊ីចឹង អ៊ីចឹង​ក៏​ថៅកែ​គេ​ឲ្យ​គាត់​ចេញ​»​។​
 
​លោក សែម ជឿន បាន​បន្តថា​៖
 
«​គេ​ឲ្យ​អ្នក​ដែល​សន្លប់​ហ្នឹង គេ​ឲ្យ​សម្រាក ជាក់ស្តែង​ណា​។ ប៉ុន្តែ​អ្នក​ដែលមាន​សុខភាព​ធម្មតា​ហ្នឹង​គេ​ឲ្យ​គាត់​នៅ​ធ្វើការ​។ ប៉ុន្តែ​អ្នក​ដែល​សុខភាព​ធម្មតា​ហ្នឹង​គឺ​ត្រូវតែ​សន្លប់​ទៀត​ឲ្យ​តែ​ចូល​»​។​
 
​អ្នកនាង រស់ សោភ័ណ កម្មករ​ផ្នែក​ដេរ​នៃ​រោងចក្រ​កាត់ដេរ​អូ​លីវ បាន​រៀបរាប់​ប្រាប់ VOA ថា ខ្លួន​មាន​អាកា​រៈថ​ប់ៗ​ដង្ហើម​តាំងពី​ចូល​ទៅដល់​រោងចក្រ​ភ្លាម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រោយពេល​មិត្ត​រួម​ការងារ​ជាច្រើន​បាន​សន្លប់​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ចន្ទ ដោយសារតែ​ក្លិន​ប្រេង និង​ហ្គាស​។ យ៉ាងណាក៏ដោយ​នាង​ថា នៅ​ថ្ងៃ​អង្គារ​នេះ​មិនមាន​ក្លិន​អ្វី​នោះទេ ពេលដែល​ពួកគេ​ចាប់ផ្តើម​អាកា​រៈ​សន្លប់​នោះ​។​
 
​អ្នកនាង​បាន​និយាយថា​៖
 
«​ចូលទៅ​មាន​លក្ខណៈ​ដូច​ណែនៗ​ទ្រូង ថប់ៗ​ដង្ហើម ឈឺក្បាល​ហ្មង​ចូលទៅ អត់​មាន​ធំក្លិន​អី​ទេ​។ អត់​ទាន់​ចូលដល់​រោងចក្រ​ផង​ហ្នឹង ទើប​ទៅដល់​កន្លែង​តុ​បាយ​។ អាកា​រៈ​ម្នាក់ៗ​ចាប់ផ្តើម​អ៊ីចឹង​ហ្មង​»​។​
 
​លោក ប៉ុក វណ្ណ​ថា​ត ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករ​ណី​ដួលសន្លប់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្មករ​ទាំងនោះ​មិនបាន​សន្លប់​នោះទេ គ្រាន់​តែមាន​អាកា​រៈ​ទន់ដៃទន់ជើង​តែប៉ុណ្ណោះ​។​
 
​លោក ប៉ុក វណ្ណ​ថា​ត ដែល​បាន​ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​បាន​ប្រាប់ VOA ថា​៖
 
«​ព្រឹក​មិញ​ដែលមាន​បញ្ហា​បន្តិចបន្តួច​ហ្នឹង​យើង​ឲ្យ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។ អ្នក​នៅសល់​ទាំង​ប៉ុន្មាន​គឺ​បន្ត​ដល់​ម៉ោង​នេះ អត់​អី​ទេ​។ ព្រឹក​មិញ​ហ្នឹង​ប្រហែលជា​៣០​នាក់​ទៅ​៥០​នាក់​ទៀត វា​ប៉ុណ្ណឹង​។ គ្រាន់​ទន់ដៃទន់ជើង​ទេវា​មិន​សន្លប់​អី​ទេ​។ ហើយ​យើង​ធ្វើ​អ៊ីចឹង​ដើម្បី​ទប់​សភាព​ការ​ឲ្យ​រោងចក្រ​ហ្នឹង​មានដំណើរ​ការឡើង​វិញ​»​។​
 
​មន្ត្រី​ដដែល​បាន​និយាយថា​តាម​ការត្រួតពិនិត្យ​រប​ស់លោក រោងចក្រ​នោះ​មិនមាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​ឫសគល់​ដែល​បណ្តាល​ឲ្យ​កម្មករ​ចាប់ផ្តើម​ទន់ដៃទន់ជើង​នេះ​ដោយសារ​ក្លិន​ប្រេង​ដែល​ត្រូវបាន​បង្ហៀរ​ចោល​របស់​កន្លែង​ជួសជុល​ត្រាក់ទ័រ​មួយ​នៅក្បែរនោះ​។​
 
«​ការ​សាយភាយ​ប្រេង​របស់​ការ​ច្រាល​ប្រេង​ចោល វា​នៅ​ជិត​ហ្នឹង ខ្យល់​ហ្នឹង​វា​បុក​ទៅ​ហ្នឹង​ហ្មង បាទ​រឿង​ពិតតែ​ប៉ុណ្ណឹង​ទេ​»​។​
 
​យ៉ាងណាក៏ដោយ លោក​ឃុន ថា​រ៉ូ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គ​ការសង់​ត្រា​ល់ (Central) បានបង្ហាញ​ក្តីបារម្ភ​ប្រាប់ VOA ថា ករណី​កម្មករ​រោងចក្រ​ដួលសន្លប់​នៅតែមាន​ការកើនឡើង ទោះបីជា​ស្ថាប័ន​ពាក់ព័ន្ធ​បានដាក់​យន្តការ​ការពារ​យ៉ាងណា​ក៏ដោយ​។​
 
«​កន្លងមក​យើង​ពិនិត្យ​មើលឃើញ ហើយ​ទោះបីជា​មានការ​សិក្សា​ស្រាវជ្រាវ​អំពី​ឫសគល់​នៃ​ការដួលសន្លប់​របស់​ក​ម្មករ​ហ្នឹង​ក៏ដោយ យើង​ឃើញថា យន្តការ​ក្នុងការ​អនុវត្ត​ដើម្បី​ការពារ ទប់ស្កាត់​ទៅ​ហ្នឹង​ការដួលសន្លប់​វា​អត់​ឃើញ​មាន​ប្រសិទ្ធភាព​អ៊ីចឹង​ណា​»​។​
 
​ករណី​កម្មករ​រោងចក្រ​កាត់ដេរ​ដួលសន្លប់​នៅតែ​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ រហូតមកដល់​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ករណី​ដែល​កម្មករ​រោងចក្រ​បាន​ដួលសន្លប់​ចំនួន​ពីរ​ករណី​មកហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com