អន្តរជាតិ
អាកាសចរណ៍​មួយ​នៅ​ថៃ​ផ្អាក​ជើងហោះហើរ​ទៅ​អឺរ៉ុប ក្រោយ​ប៉ា​គី​ស្ថាន​បិទផ្លូវ​អាកាស​
28, Feb 2019 , 11:20 am        
រូបភាព
ដោយ:
​ជើងហោះហើរ​អន្តរជាតិ​ទាំងអស់​រវាង​ថៃ​និង​អឺរ៉ុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways  ត្រូវបាន​លុបចោល​កាលពី​យប់​ថ្ងៃ​ពុធ និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ ការប្រកាស​លុបចោល​ជើងហោះហើរ​បន្ទាន់​បែបនេះ គឺធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ប៉ា​គី​ស្ថាន​សម្រេច​បិទផ្លូវ​អាកាស​របស់ខ្លួន ដែល​ប្រធាន​ក្រុមហ៊ុន​នេះ​ចាត់ទុកថា ជា​រឿង​អាសន្ន​មួយ​។

 
​ដំបូង​ឡើយ​ជើងហោះហើរ​ចំនួន ៤ ដែល​ត្រូវបាន​លុបចោល គឺ​ចេញពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ថៃ ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចំនួន​៤ រួមមាន  រុស្ស៊ី​, បារាំង​, ចក្រភព​អង់គ្លេស​, អាល្លឺម៉ង់​។ ប៉ុន្តែ​ចំនួន​នៃ​ការលុបចោល​ជើងហោះហើរ​បាន​កើនឡើង​យ៉ាង​រហ័ស​។ ការលុបចោល​បែបនេះ ក៏​នឹង​ប៉ះពាល់​ដល់​អាកាសយានដ្ឋាន​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា​ផងដែរ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post ប្រធាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ Thai Airways លោក Sumeth Damrongchaitham បានចាត់ទុក​ស្ថានការណ៍​នេះ​ថា​ជា​រឿង​អាសន្ន ហើយ​លោក​ក៏បាន​កោះហៅ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​អាកាសចរណ៍​ជាន់ខ្ពស់​ថែមទៀត​ផង​។ លោក​អះអាងថា វិធានការ​ជា​បណ្តោះអាសន្ន​ដ៏​ចាំបាច់​នោះ គឺ​ត្រូវតែ​ផ្លាស់ប្តូរ​ជើងហោះហើរ​រវាង​ថៃ និង​អឺរ៉ុប​។​
 
​កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​២៧​ខែកុម្ភៈ រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​បិទផ្លូវ​ហោះហើរ​របស់ខ្លួន​នៅ​ផ្នែក​ភាគ​ខាងជើង​នៃ​ប្រទេស​។ យ៉ាងណាមិញ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​វា​នឹង​អាច​ជះឥទ្ធិពល​ដល់​ចរាចរណ៍​ផ្លូវអាកាស​រវាង​អឺរ៉ុប​និង​ថៃ​ឬ​យ៉ាងណា​នោះ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ នា​ថ្ងៃ​ដដែល​នេះ ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង Islamabad បាន​ដាក់ចេញ​ការព្រមាន​លើ​ការធ្វើដំណើរ ដោយ​ណែនាំ​ឲ្យ​អ្នកដំណើរ​ថៃ​ទាំងអស់​បញ្ជៀ​ស​ការធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​កា​ស្មៀ និង​ទីតាំង​ជម្លោះ​រវាង​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​។  
 
​ក្រៅពី​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ថៃ ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​មួយចំនួន​រួមមាន Emirates និង Qatar Airways ក៏បាន​ផ្អាក​ជើងហោះហើរ​របស់ខ្លួន​ទៅកាន់​ប៉ា​គី​ស្ថាន​ផងដែរ ក្រោយ​ទទួលបាន​សេចក្តីប្រកាស​បិទផ្លូវ​ហោះហើរ​របស់​ប៉ា​គី​ស្ថាន​។ ការហោះហើរ​របស់​ក្រុមហ៊ុន​អាកាស​ទាំងនេះ ដែល​ត្រូវ​ឆ្លងកាត់​ប៉ា​គី​ស្ថាន មុននឹង​អាចធ្វើ​ដំណើរ​ទៅកាន់​អឺរ៉ុប ម​ជ្ឈ​បូព៌ា និង​អាស៊ី នឹងត្រូវ​បាន​ផ្អាក​។ ចំណែកឯ ជើងហោះហើរ​ខ្លះ ត្រូវបាន​ផ្លាស់ប្តូរ​ផ្លូវ​ឆ្លងកាត់ ដោយ​ត្រូវ​ហោះ​ឆ្លងកាត់​តាម​ទីក្រុង  Mumbai ដើម្បី​បញ្ជៀ​ស​ការហោះ​ឆ្លងកាត់​ចូល​ផ្លូវអាកាស​របស់​ប៉ា​គី​ស្ថាន​។ 
 
​ទាក់ទិន​នឹង​រឿងនេះ អ្នកជំនាញ​ផ្នែក​អាកាសចរណ៍ លោក Mark Martin បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​៖«​អ្នក​មិនអាច​ហោះហើរ​ឆ្លងកាត់​ប្រទេស​ចិន​បានឡើយ ដូច្នេះ​អ្នក​ត្រូវតែ​ហោះ​ឆ្លងកាត់​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា ដើម្បី​អាច​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ និង​អូស្ត្រាលី​។ ភាគច្រើន​នៃ​ជើងហោះហើរ​ដែលមាន​ទិសដៅ​ទៅកាន់​រដ្ឋធានី​បាងកក និង​សិង្ហ​បុរី នឹងត្រូវ​ហោះ​ឆ្លងកាត់​អី​រ៉ង់​ជំនួស​វិញ​»​។ 
 
​ជើងហោះហើរ​អន្តរជាតិ​ដែលជា​ធម្មតា​ត្រូវ​ឆ្លងកាត់​រវាងផ្លូវ​អាកាស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន នឹងត្រូវ​បង្ខំ​ផ្លូវ​ប្តូរ​ជើងហោះហើរ​ខ្លួន រួមមាន​ដូចជា ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​, Finnair, British Airways និង Air India ជាដើម​។ នេះ​បើតាម​វេ​ប​សាយ flightradar24.com ដែល​តាមដាន​ចរាចរណ៍​នៃ​យន្តហោះ​ទូទាំង​ពិភពលោក​។ 
 
​សូមបញ្ជាក់ថា ការបិទផ្លូវ​ហោះហើរ​នេះ គឺធ្វើឡើង​ខណៈដែល​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​ត្រូវបាន​រាយការណ៍​ថា បាន​ប៉ះទង្គិច​គ្នា រួមមាន ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា​ពីរ​គ្រឿងក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។ ក្នុង​ហេតុការណ៍​នេះ យោធា​ប៉ា​គី​ស្ថាន​អះអាងថា ខ្លួន​បាន​ចាប់ខ្លួន​អ្នកបើក​យន្តហោះ​របស់​ឥណ្ឌា​ម្នាក់​ថែមទៀត​ផង​។ 
 
​ការណ៍​នេះ​បាន​បញ្ឆេះ​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ទាំងពីរ​នេះ ចាប់​តាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ដែល​ក្រុម​ឧទ្ទាម​មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​ក្នុង​ទឹក​ដីកា​ស្មៀ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា កាលពី​ថ្ងៃទី​១៤ ខែកុម្ភ​កន្លងទៅ​។ ក្នុង​ហេតុការណ៍​បំផ្ទុះ​នេះ មន្ត្រី​ប៉ូលីស និង​ទាហាន​ឥណ្ឌា​ចំនួន ៤០​នាក់​បាន​ស្លាប់​៕
 

Tag:
 ​ថៃ​
  អឺរ៉ុប​
  ប៉ា​គី​ស្ថាន​
  កា​ស្មៀ​រ
© រក្សាសិទ្ធិដោយ thmeythmey.com