ជាតិ
សង្គមជាតិ
ជម្លោះដីធ្លី​នៅ​ព្រះសីហនុ​៖ មេបក្ស​ខ្មែរ​ក្រោក​ថា នាយករដ្ឋមន្ត្រី ព្រមាន​ដក​អភិបាលរង​មួយចំនួន​
28, Feb 2019 , 2:29 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន៖ កិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តី និង ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩
រូបពីក្រសួងព័ត៌មាន៖ កិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តី និង ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ដែល​គេ​ស្គាល់​ជាទូទៅ​ថា វិ​ល្លាម ហ្គ័​ង បាន​សរ​សរលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ក៏​សម្តែង​ការសោកស្តាយ​ដែរ ចំពោះ​ការ​ផ្ទុះឡើង​នូវ​អំពើហិង្សា​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ ក្នុង​រឿង​តវ៉ា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នាពេល​ថ្មីៗ​នេះ ហើយ​បាន​គំរាម​ដក​អភិបាលរង​ខេត្ត​មួយចំនួន ដែលជា​អ្នកដឹកនាំ​កម្លាំង​ចុះទៅ​អន​វុត្ត​ដីកា​របស់​តុលាការ​កំពូល​។

 
​ប្រធាន​គណបក្ស​ខ្មែរ ថែមទាំង​សរសេរ​ទៀតថា នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​ពិនិត្យ​ដក​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ​ផងដែរ​។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នាយករដ្ឋមន្រ្តី បានព្រមានដកអភិបាលរងខេត្តនិងមេបញ្ជាការយោធាខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២0១៩នេះ។

ប្រធានគណបក្សខ្មែរក្រោក ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែរនោះ បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំ សរសេរតាមប្រសាសន៍របស់សម្តេច គឺគាត់ ព្រមានអ៊ីចឹងមែន តែគាន់និយាយទូទៅ គាត់អត់បញ្ចេញឈ្មោះទេ»។  
 
ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាតវ៉ា ក្រោយតុលាការកំពូល ចេញសាលដីកាស្ថាពរសម្រេ​ចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីពួកគាត់ លើរឿងដីធ្លី នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់មក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលរួមមាន កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង កម្លាំងយោធា ក្រោមការដឹកនាំរបស់អភិបាលរងខេត្ត បានចុះទៅអនុវត្តសាលដីការបស់កំពូល ហើយក៏ប្រឈមមុខជាមួយប្រជាពលរដ្ឋ រហូតឈានដល់ផ្ទុះអំពើហិង្សា។ 

កម្លាំងប្រដាប់អាវុធ បានបាញ់កាំភ្លើង៦គ្រាប់ ក្នុងព្រឹត្តិការណ៍នោះ។ ប៉ុន្តែ សមត្ថកិច្ច បដិសេធថា គ្រាប់កាំភ្លើងដែលត្រូវប្រជាពលរដ្ឋម្នាក់ មិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចឡើយ។ រហូតមកដល់ពេលនេះ សមត្ថកិច្ច មិនទាន់រកឃើញជនល្មើស ដែលបាញ់ត្រូវប្រជាពលរដ្ឋនោះទេ។ 

សមត្ថកិច្ច ធ្លាប់បកស្រាយថា សមត្ថកិច្ច បានតដៃនិងរហូតឈានដល់ប្រើអាវុធ គឺដើម្បីបញ្ឈប់ប្រជាប្រជាពលរដ្ឋ ក្នុងការប្រើអំពើហិង្សា ដូចជា ដុតកង់ឡាន គប់ដប គប់ដុំថ្ម និងបាញ់ចម្ពាមកៅស៊ូ ជាដើម។ 

យ៉ាងណាក៏ដោយ មានមន្រ្តីកងរាជអាវុធ៥នាក់ និង យោធិនម្នាក់ បានរងពិន័យ ពាក់ព័ន្ធនឹងអំពើហិង្សានេះ៕ 

អត្ថបទទាក់ទង



Tag:
 ហុន សែន​
  ដីធ្លី​
  ព្រះសីហនុ​
  វិ​ល្លាម ហ្គ័​ង​
© រក្សាសិទ្ធិដោយ thmeythmey.com