ជាតិ
សង្គមជាតិ
ACU ស៊ើបអង្កេត​លើ​ស្នងការរង​ម្នាក់​ដែល​ជូន​ថ្លៃទឹកដោះ​១០​ម៉ឺន​ដុល្លារ និង​ឡាន​ទំនើប​ដល់​កូនក្រមុំ​
28, Feb 2019 , 3:18 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុក Sreng Sokha
រូបពីគណនីហ្វេសប៊ុក Sreng Sokha
ដោយ: ថ្មីៗ
​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU ) ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន បាន​ចាប់​ផ្តើ​ប​ស៊ើប​សង្កេត​ទ្រព្យសម្បត្តិ​របស់លោក ស្រេង សុខា ស្នងការរង​ខេត្តកណ្តាល​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីជូនដំណឹង​ពី​ចំណាត់ការ​នេះ នៅ​ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។


 
​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺធ្វើឡើង​បន្ទាប់ពី អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​រិះគន់​លោក ស្រេង សុខា ថា មានទ្រព្យ​សម្បត្តិ​ច្រើន រហូតដល់​មានលទ្ធភាព​បង្គាប់​១០​ម៉ឺន​ដុល្លារ និង លុច​ស៊ី​ស​៥៧០ ដល់​ខាង​ស្រី​។ អ្នកប្រើប្រាស​បណ្តាញ​សង្គម ងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​ស្នងការរង​រូបនេះ មាន​លុយ​ច្រើន​យ៉ាងនេះ​?  
 
​យ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក ស្រេង សុខា គ្រាន់តែ​ប្រឈម​នឹង​ការស៊ើបអង្កេត​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ តែ​តំណែង​របស់លោក មិនទាន់​ប៉ះពាល់​នោះទេ​។​
 
​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា​៖«​ក្រុមប្រឹក្សា​អង្គភាព​ប្រឆាំង​អំពើពុករលួយ គាំទ្រ​រាល់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ការបង្ការ ការទប់ស្កាត់ និង​ការ​បោសសម្អាត​អំពើពុករលួយ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​»​។ 
 
​ចំណាត់ការ​លើ​លោក ស្រេង សុខា គឺ​ដូចគ្នា​ទៅនឹង​ចំណាត់ការ​លើ​លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ដែល​ទើបនឹង​ត្រូវបាន​ដក​ចេញពី​តំណែង ដោយសារតែ​សម្ញែង​ទ្រព្យសម្បត្តិ​។ តាមរយៈ​វីដេអូ​ដែល​បែកធ្លាយ ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​កន្លងទៅ លោក គឹម រស្មី បាន​ចែក​លុយ​ឲ្យ​កូន​៥​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​ដុល្លារ​។ 
 
​អង្គភាព​ប្រឆាំង​អំពើពុករលួយ សរសេរ​ក្នុង​សេចក្តីជូនដំណឹង​ថា ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិ​របស់លោក គឹម រស្មី ជិត​ចប់សព្វគ្រប់​ហើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើ​ឲ្យ​ព្រះមហាក្សត្រ បញ្ចប់​តំណែង​របស់លោក គឹម រស្មី បាន​ហៅថា ជាការ​វះកាត់​ដ៏​ឈឺចាប់​៕ 
 

Tag:
 ស្រេង សុខា​
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com