ជាតិ
សង្គមជាតិ
ជម្លោះដីនៅខេត្តព្រះសីហនុ៖ សម្ដេច ហ៊ុន សែន បញ្ជាឲ្យរឹបអូសដីសម្បទាន យកមកដោះស្រាយឲ្យពលរដ្ឋវិញ រូបពីក្រសួងព័ត៌មាន
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរឹបអូសដីសម្បទានសេដ្ឋកិច្ច ដែលមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ យកមកគ្រប់គ្រងវិញ ហើយយកដីនោះ បែងចែកឲ្យពលរដ្ឋវិញ។ ការសម្រេចរបស់សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៃគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ។
ក្រោយពីពិនិត្យមើលរបាយការណ៍របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលភាគច្រើនពាក់ព័ន្ធនឹងបញ្ហាដីធ្លីនោះ សម្ដេច ហ៊ុន សែន ក៏សម្រេចចេញវិធានការភ្លាមៗ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋឲ្យទាន់ពេលវេលា។ ក្នុងចំណោមបញ្ហាដីធ្លីទាំងនោះ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរឹបអូសដីសម្បទានសេដ្ឋកិច្ច ដែលមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋនោះ យកមកគ្រប់គ្រងវិញ ហើយរៀបចំជាដីសម្បទានសង្គមកិច្ច បែងចែកឲ្យពលរដ្ឋ ដែលកំពុងរស់នៅស្នាក់អាស្រ័យផលនៅទីនោះវិញ។ នេះជាការលើកឡើងរបស់លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានធ្វើសន្និសីទកាសែត នៅក្នុងកិច្ចប្រជុំនេះ។
បើតាមលោក ឈឹម ផលវរុណ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកដោះស្រាយបញ្ហានេះ។ រដ្ឋមន្ត្រីទាំងពីរ ត្រូវសិក្សាបែបបទមូលដ្ឋាន និងធ្វើចំណាត់ការជាលក្ខណៈគតិយុត្តស្នើទៅតុលាការ ដើម្បីពិនិត្យមើលលើការកាត់សេចក្តីនេះឡើងវិញ។
ក្រៅពីដោះស្រាយបញ្ហាដីធ្លីនេះ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឲ្យពិនិត្យដកមេបញ្ជាការយោធាខេត្តព្រះសីហនុនិងអភិបាលរងខេត្តមួយចំនួន ដែលពាក់ព័ន្ធនឹងករណីផ្ទុះអំពើហិង្សា រវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ ក្នុងរឿងតវ៉ាដីធ្លីនៅខេត្តព្រះសីហនុនេះ។ សម្រាប់សម្ដេច ហ៊ុន សែន ការប្រើកងកម្លាំងបង្ក្រាបលើពលរដ្ឋ ដែលបង្កឲ្យមានអ្នករងរបួសនេះ ជារឿងមិនត្រឹមត្រូវឡើយ។
ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាតវ៉ា ក្រោយតុលាការកំពូល ចេញសាលដីកាស្ថាពរសម្រេចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីពួកគាត់ លើរឿងដីធ្លី នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់មក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលរួមមាន កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង កម្លាំងយោធា ក្រោមការដឹកនាំរបស់អភិបាលរងខេត្ត បានចុះទៅអនុវត្តសាលដីការបស់កំពូល ហើយក៏ប្រឈមមុខជាមួយប្រជាពលរដ្ឋ រហូតឈានដល់ផ្ទុះអំពើហិង្សា។
កម្លាំងប្រដាប់អាវុធ បានបាញ់កាំភ្លើង៦គ្រាប់ ក្នុងព្រឹត្តិការណ៍នោះ។ ប៉ុន្តែ សមត្ថកិច្ច បដិសេធថា គ្រាប់កាំភ្លើងដែលត្រូវប្រជាពលរដ្ឋម្នាក់ មិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចឡើយ។ រហូតមកដល់ពេលនេះ សមត្ថកិច្ច មិនទាន់រកឃើញជនល្មើស ដែលបាញ់ត្រូវប្រជាពលរដ្ឋនោះទេ។
ងាកចេញពីដីធ្លីនៅខេត្តព្រះសីហនុនេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឲ្យអាជ្ញាធរ ដកហូតដីសម្បទានសេដ្ឋកិច្ច នៅតំបន់ភ្នំដោះក្រមុំ ក្នុងខេត្តរតនគិរី មកគ្រប់គ្រងវិញដែរ ដើម្បីកុំឲ្យមានបញ្ហាប៉ះពាល់ដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច។ ការសម្រេចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះធ្វើឡើងក្រោយពីមានការស្នើរបស់ប្រធានគណបក្សជនជាតិដើមភាគតិចប្រជាធិបតេយ្យ ដែលនាំយកក្តីព្រួយបារម្ភរបស់ពលរដ្ឋប្រាប់ទៅសម្ដេច។ សម្ដីសម្ដេចក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ស្មើនឹងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន បានកំណត់ប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រៀងរាល់៦ខែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com