អន្តរជាតិ
នៅពេលដែល​សមាជិក​គ​ណ​បក្ស​ប្រជាធិបតេយ្យ​ងាក​ទៅខាង​ឆ្វេង​សម្រាប់​ឆ្នាំ​២០២០ លោក​ត្រាំ​រិះគន់​លទ្ធិសង្គមនិយម​
28, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មកពី​រដ្ឋ Vermont ជា​អ្នក​ដែល​ចូលរួម​នៅពេល​ថ្មីៗ​បំផុត​នៅក្នុង​ការប្រកួតប្រជែង​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២០​។ លោក​Sanders​និង​សមាជិក​ជាច្រើន​ទៀត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងការ​ប្រកួតប្រជែង​នោះ គាំទ្រ​ទស្សនៈ​ជឿនលឿន​ស្តីពី​បញ្ហាសំខាន់ៗ​ដូចជា សេដ្ឋកិច្ច បរិស្ថាន និង​ការថែទាំ​សុខភាព​។ នៅក្នុង​ការឆ្លើយតប ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ពួក​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​ទៀត បាន​ចោទប្រកាន់ថា គណបក្ស​ប្រជាធិបតេយ្យ បាន​ឆ្ពោះទៅរក​ការប្រកាន់យក​លទ្ធិសង្គមនិយម​ដើម្បី​បង្កើត​អ្វីដែល​អាចជា​ការជជែក​ដេញដោល​ខាង​មនោគមវិជ្ជា​ដ៏​សំខាន់​មួយ​នៅ​ឆ្នាំក្រោយ​។​

 
​លោកស្រី Kamala Harris ទៅ​លោក Cory Booker​និង​លោកស្រី Elizabeth Warren ពួក​អ្នកប្រកួតប្រជែង​ដើម្បី​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​កំពុង​ធ្វើ​ឲ្យ​ពួក​អ្នកបោះឆ្នោត​មានការ​រំភើប​អំពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែងថា​៖ «​យើង អាច​ឈ្នះ​នៅក្នុង​ការប្រយុទ្ធ​នេះ​។ យើង​ត្រូវ​ហ៊ាន​សុបិន​ប្រយុទ្ធ​ខ្លាំងក្លា​ហើយ​យើង​នឹង​ឈ្នះ​»​។​
 
​លោក​Bernie Sanders​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​Vermont​ដែល​បាន​ហៅ​ខ្លួនឯង​ថា ជា​អ្នកប្រជាធិបតេយ្យ​សង្គម​និយម ជា​បេក្ខជន​ថ្មីៗ​បំផុត​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​។ ក្នុង​យុទ្ធនា​ការឃោសនា​តាម​វីដេអូ​។​លោក​បាន​និយាយថា​៖ «​យុទ្ធនា​ការឃោសនា​រប​ស់​យើង គឺ​អំពី​ការបង្កើត រដ្ឋាភិបាល​និង​សេដ្ឋកិច្ច​ដែល​ផ្តល់​ការងារ​សម្រាប់​មនុស្ស​ច្រើន មិនមែន​សម្រាប់តែ​មនុ​ស្ស​បី​ឬ​បួន​អ្នក​នោះទេ​»​។ គេ​ឃើញ​មានការ​រំភើប​យ៉ាងខ្លាំង​បែប​នេះដែរ​សម្រាប់​សមាជិក​សភា​ថ្មី​របស់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ដូចជា​តំណាងរាស្ត្រ​រដ្ឋ​ញូយ៉ក​អ្នកស្រី Alexander Ocasio-Cortez ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ផែនការ​បរិ​ដ្ឋា​ន​ថ្មី​ដ៏​ធំ​មួយ​។​អ្នកស្រី​តំណាង Alexander Ocasio-Cortez​ថ្លែងថា​៖ «​ខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង​។ យើង​កំពុង​ធ្វើ​ការវិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត ហើយ​អតីតកាល​របស់​យើង នឹងមិន​ទាញ​យើង​ឲ្យ​ដើរ​ថយក្រោយ​ទេ​»​។​
 
​ក៏ប៉ុន្តែ ការផ្តោត​របស់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​លើ​ផែនការ​ដ៏​ធំ​ទូលាយ​សម្រាប់​កម្មវិធី​ប​រិ​ដ្ឋា​ន ពន្ធដារ​លើ​អ្នកមាន​ទ្រព្យសម្បត្តិ​ហើយនឹង​ការពង្រីក​កម្មវិធី​ថែទាំ​សុខ ភាព​របស់​រដ្ឋាភិបាល កំពុង​ធ្វើ​ឲ្យ​មានការ​រឹះ​គន់​ពី​ពួក​គណបក្ស​សាធារណរដ្ឋ​និង​ប្រ​ធា នា​ធិបតី ដូ​ណា​ល់ ត្រាំ លើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះ​។​ប្រធានាធិបតី​ត្រាំ ថ្លែងថា​៖ «​មាន​អ្នក​ដែល​ព្យាយាម​អនុវត្ត​លទ្ធិសង្គមនិយម​នៅក្នុង​សហរដ្ឋអាមេរិក​។​ខ្ញុំ​ចង់​និយាយ​ម្តងទៀត​ទៅកាន់​លោក អ្នក ហើយ​ខ្ញុំ​និយាយ​ឲ្យ​ពិភពលោក​ឮថា ប្រទេស​អាមេរិក នឹងមិន​ក្លាយជា​ប្រទេស​សង្គមនិយម​បានទេ​។​មិន​អាចជា​ប្រទេស​សង្គមនិយម​បានជា​ដាច់ខាត​»​។​
 
​លោកស្រី​Nancy Pelosi ប្រធានសភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក និយាយថា ការ ជជែក​ដេញដោល​ដ៏​រស់​រវើក ជា​ផ្នែក​មួយ​របស់​គណបក្ស​ដ៏​ធំ​។​លោកស្រី​Nancy Pelosi និយាយថា​៖ «​សូម​ស្វាគមន៍​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​។​យើង​មិនមែន​ប្រថាប់ត្រា​ឲ្យ​នរណាម្នាក់​ទេ​។​យើង​មិនមែន​នៅក្រោម​របប​គ្រប់គ្រង​ដែលមាន​គណបក្ស​តែមួយ​ទេ​។​យើង មិនដែល​ចង់​ហើយនឹង​ចង់​ឲ្យ​នរណា​មួយ​ដឹកនាំ​គណបក្ស​មួយ​ដែល​ត្រូវបាន​គេ​ពណ៌នា​ថា​ជា​របៀប​នោះទេ​»​។​
 
​លោក Larry Sabato​ជា​អ្នកវិភាគ​បាន​និយាយថា ពួក​គណបក្ស​ប្រជាធិបតេយ្យ មានកេរ្តិ៍ឈ្មោះ​ជា​យូរយា​ណាស់​មកហើយ​ខាង​បំបែក​និង​ការតស៊ូ​ខាង​មនោគមវិជ្ជា​។​លោក Larry Sabato​និយាយថា​៖ «​អ្នកនិពន្ធ​រឿង​កំប្លែង Will Rogers​និយាយ​បានល្អ​បំផុត​ក្នុង​ទសវត្សរ៍​១៩២០​។​លោក​បាន​និយាយទៀតថា ខ្ញុំ​មិន​ស្ថិតនៅក្នុង​គណបក្សនយោបាយ​ណាមួយ​ទេ​។​ខ្ញុំ​ជា​អ្នកប្រជាធិបតេយ្យ​ម្នាក់​។​ហើយ​យើង កំពុង​មើលឃើញ​ការណ៍​នេះ​ម្តងទៀត​។​មាន​ភាគី​ជាច្រើន​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ពួកគេ​ត្រូវបាន​តំណាង​ឲ្យ​បេក្ខជន​ម្នាក់​២​នាក់​ឬ​៣​នាក់​»​។​
 
​លោកស្រី Elaine Kamarck នៃ​វិទ្យាស្ថាន​Brookings និយាយថា ពួក​អ្នកបោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ នឹង​ស្វែងរក​បេក្ខជន​ដែលមាន​លក្ខណៈសម្បត្តិ​ជាក់លាក់​នៅពេលដែល​ពួកគេ​ជ្រើសរើស​អ្នកទទួលបាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​។​លោកស្រី Elaine Kamarck និយាយថា​៖ «​ពួកគេ​ស្វែងរក​បេក្ខជន​ក្មេង​និង​មាន​ភាព​ប្រកដប្រជា​ថ្លៃថ្នូ​ល្មម​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​នៅក្នុង​ប្រទេស​។​ពួកគេ នឹង​ស្វះស្វែង​រកមើល​បេក្ខជន​ណា​ម្នាក់​ដែល​ខុសគ្នា​ស្រឡះ​ពី​ប្រ​ធា នា​ធិបតី​ដូ​ណា​ល់ ត្រាំ​»​។​
 
​ក៏ប៉ុន្តែ លោក Jim Kessler នៃ​វិជ្ជា​ស្ថាន​Third Way និយាយថា ពួក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន ចង់​ស្វែងរក​បេក្ខជន​ម្នាក់​ដែល​អាច​ឈ្នះ​ប្រធានាធិបតី​ត្រាំ​បាន​។​លោក និយាយថា​៖ «​ប្រសិនបើ បេក្ខជន​ម្នាក់​ងាក​ទៅខាង​ឆ្វេង​ខ្លាំង​ពែ​ក​ដោយមាន​របៀបវារៈ​ដូចជា​លោក​Bernie Sanders ខ្ញុំ​គិតថា បេក្ខជន​នោះ អាច​ងាយ​ចាញ់​ប្រ​ធា នា​ធិបតី ដូ​ណា​ល់ ត្រាំ ហើយ​ខ្ញុំ គិតថា ពួក​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​មិនទាន់​គាំទ្រ​ការ​ងាក​ទៅខាង​ឆ្វេងនិយម​យ៉ាងខ្លាំង​បែបនេះ​ទេ​»​។​
 
​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​Joe Biden​និង​លោក Michael Bloomberg អតីត​អភិបាលក្រុង​ញូយ៉ក ដែលជា​អ្នក​ប្រកាន់​នយោបាយ​ផ្លូវកណ្តាល​អាច​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ជ្រើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិ​ប តេ​យ្យ​នៅពេល​ឆាប់ៗ​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ការជជែក​ដេញដោល​នេះ​មាន​ភាពរស់រវើក​នៅក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​បឋម​នៅពេល​ខាងមុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com