សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ ពិចារណា​ហាមឃាត់​ការ​នាំចូល​រថយន្ត​មួយ​ទឹក ដើម្បី​ការពារ​បរិស្ថាន​
28, Feb 2019 , 8:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ថៃ ពិចារណា​អនុវត្ត​ការហាមឃាត់​លើ​ការ​នាំចូល​រថយន្ត​ដែល​ប្រើប្រាស់​រួច (​មួយ​ទឹក​) ពី​បរទេស​។ សម្រាប់​ចំណាត់ការ​ថ្មី​នេះ រដ្ឋាភិបាល​ក្រុង​បាងកក​អះអាងថា វា​នឹង​ជួយ​ការពារ​ដល់​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​ខ្យល់​ក្នុងប្រទេស ដ្បិត​ការប្រយុទ្ធ​ប្រឆាំងនឹង​ខ្យល់​កខ្វក់​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​ជាតិ​របស់​ថៃ​រួចរាល់​។ 

 
​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ លោកស្រី Chutima Bunyapraphasara និយាយថា ក្រសួង​កំពុង​រឹតបន្តឹង​បទបញ្ជា​លើ​ការ​នាំចូល​រថយន្ត​ដែល​ប្រើប្រាស់​រួច​ពី​បរទេស ក្រោយពី​ធ្វើការ​ពិភាក្សា​ចំពោះ​បញ្ហា​នេះ​ជាមួយ​ភ្នាក់ងាររដ្ឋ​ពាក់ព័ន្ធ​ប្រមាណ​ជាង​១៥​លើក​មកហើយ​នោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Bangkok Post នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ។​
 
​ការហាម​ប្រាម​ថ្មី​នេះ នឹងត្រូវ​អនុវត្ត​តែ​ទៅលើ​ការ​នាំចូល​រថយន្ត​មួយ​ទឹក​សម្រាប់​ប្រើ​ជា​លក្ខណៈ​ឯកជន​ដោយ​មិន​រាប់បញ្ចូល ការ​នាំចូល​រថយន្ត​ធុន​ធំ​មួយ​ទឹក​,  រថយន្ត​សម្រាប់​សហគ្រាស​ឯកជន​និង​មន្ត្រីរាជការ​, រថយន្ត​របស់​មន្ទីរ​ពេទ្យ​, រថយន្ត​ពន្លត់​អគ្គិសនី និង​ការ​នាំចូល​ដើម្បី​នាំចេញ​បន្ត​។ បើតាម​សារព័ត៌មាន​ដដែល ក្រសួងពាណិជ្ជកម្ម​ថៃ នឹង​បញ្ជូន​សំណើ​នេះ​ទៅកាន់​គណៈរដ្ឋមន្ត្រី​នាពេល​ឆាប់ៗ​នេះ​។​
 
​តាមពិតទៅ ការ​នាំចូល​រថយន្ត​មួយ​ទឹក​សម្រាប់​ប្រើ​ជា​លក្ខណៈ​ឯកជន គឺមាន​ចំនួន​តិចតួច  មាន​ត្រឹមតែ​១០០​គ្រឿង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៨​។ នេះ​បើតាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ពន្ធគយ​ថៃ​។ យ៉ាងណាមិញ លោកស្រី Chutima លើកឡើងថា ករណី​នៃ​ការរត់ពន្ធ​រថយន្ត​មួយ​ទឹក​ដើម្បី​យកទៅលក់​ក្នុងប្រទេស​ថៃ អាចមាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់ ពោលគឺ​ច្រើនជាង​ចំនួន​ដែល​ត្រូវបាន​រាយការណ៍​ដល់​នាយកដ្ឋាន​ពន្ធគយ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ការប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​ខ្យល់​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​របៀបវារៈ​ជាតិ​របស់​ថៃ ដែល​ប្រមែប្រមូល​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ ចាត់វិធានការ​ចាំបាច់​ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​ខ្យល់​កខ្វក់​។​
 
​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា កាលពី​ថ្មីៗ​នេះ ក៏បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​សំណុំរឿង​ខ្យល់​កខ្វក់ ស្វែងរក​មធ្យោបាយ​ទប់ស្កាត់​ប្រជាកសិករ​ថៃ​ពី​ការដុត​ព្រៃឈើ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​។ ដ្បិត​រដ្ឋាភិបាល​អះអាង​ថា ការអនុវត្ត​របៀបនេះ​បង្កើន​កម្រិតជាតិពុល​ក្នុង​ខ្យល់​៕
 

Tag:
 ថៃ​
  ការ​នាំចូល​រថយន្ត​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com