ជាតិ
សិល្បះ
ភរិយាកវី គង្គ ប៊ុនឈឿន នឹងមកដោះស្រាយករណីផលិតកម្មដែលយកស្នាដៃស្វាមីទៅកាឡៃ
× ភ្នំពេញ៖ អ្នកស្រី គាត គឹមលន ភរិយាកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ដែលកំពុងរស់នៅប្រទេសន័រវេស នឹងមកដល់កម្ពុជានាថ្ងៃទី១៥ខែមីនាខាងមុខ ដើម្បីដោះស្រាយករណីបំពានកម្មសិទ្ធិបញ្ញាលើបទចម្រៀង «ថ្ងៃដែលអូនចុកឈាម» ឬ បទ «នឹកភូមិភ្នំធំ»។ នេះបើតាមអ្នកស្រី ប៊ុនឈឿន សូរីដា កូនស្រីច្បង។
ក្នុងដំណាក់កាលប្រមូលឯកសារ និងភស្ដុតាងនេះ អ្នកស្រី ប៊ុនឈឿន សូរីដា បានប្រាប់សារព័ត៌មាន ThmeyThmey ថា ដំណើរការដាក់ពាក្យបណ្ដឹងនឹងធ្វើឡើងក្រោយពីម្ដាយរបស់អ្នកស្រីមកដល់កម្ពុជា។
ក្នុងនាមជាកូនស្រីកវីម្ចាស់បទ «ថ្ងៃដែលអូនចុកឈាម» ឬ «នឹកភូមិភ្នំធំ» អ្នកស្រី សូរីដា ថាបទដែលនាយចឺមយកទៅកាឡៃ បង្ហាញពីការមិនឱ្យតម្លៃស្នាដៃដើម។ កូនស្រីកវីម្ចាស់ស្ទឹងសង្កែរូបនេះ ទាមទារឱ្យផលិតកម្មសាមីដកបទ «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ដែលច្រៀងដោយនាយចឺមចេញ ហើយត្រូវធ្វើទៅតាមនិតិវិធីច្បាប់ស្ដីពីកម្មសិទ្ធបញ្ញា។
រូបពីហ្វេសប៊ុកអ្នកស្រី ប៊ុនឈឿន សូរីដា
អ្នកស្រី សូរីដា បញ្ញាក់ ៖«យើងទាមទារឱ្យគាត់ដកបទនេះចេញ ហើយត្រូវធ្វើទៅតាមនិតិវិធីច្បាប់ស្ដីពីកម្មសិទ្ធបញ្ញា។ បទនេះវាដូចជាអាក្រក់មើលខ្លាំងពេក។ ពីមុនមានគេយកបទពីមុនមកច្រៀងដែរ តែគេដាក់កម្មសិទ្ធបញ្ញា មរតកដើម ហើយគេច្រៀងសមរម្យផង»។
ប្រសិនបើខាងផលិតកម្មដកបទដែលនាយចឺមកាឡៃស្នាដៃដើម ចេញពីប្រព័ន្ធផ្សព្វផ្សាយមុនពេលអ្នកស្រី គាត គឹមលន មកដល់កម្ពុជា ក៏គ្រួសាររបស់កវី គង្គ ប៊ុនឈឿន ទាមទារឱ្យមានការធ្វើសន្និស័ទសារព័ត៌មានសុំទោសជាផ្លូវការ និងនៅតែអនុវត្តន៍ទៅតាមច្បាប់ដែរ។ «ទោះបីជាគេដកមុនដាក់ពាក្យបណ្ដឹងក្ដី ក៏យើងនៅតែធ្វើទៅតាមច្បាប់ដែរ។ គាត់ត្រូវធ្វើសន្និស័ទកាសែតសុំទោសជាសាធារណៈ មិនមែនដកស្ងាត់ៗនោះទេ។ បើមិនធ្វើបែបនេះនឹងនៅតែមានករណីនេះបន្តទៅពេលក្រោយទៀត»។ នេះជាការបញ្ជាក់របស់កូនស្រីច្បងកវី គង្គ ប៊ុនឈឿន។
សូមស្ដាប់សម្ដីអ្នកស្រី ប៊ុនឈឿន សូរីដា ខាងក្រោម ៖
អ្នកស្រី ប៊ុនឈឿន សូរីដា បញ្ជាក់បន្ថែមថា ៖«ការយកបទចម្រៀងមរតកដើម មកច្រៀងឡើងវិញ បញ្ជាក់ថាអ្នកនោះស្រឡាញ់ និងពេញចិត្តចម្រៀងពីដើមហើយ តែពួកគេគួរតែច្រៀងឱ្យដូចបទពីមុន និងដាក់កម្មសិទ្ធបញ្ញាឱ្យម្ចាស់ស្នាដៃដើមជាការល្អប្រសើរ»៕
Tag:
គង្គ ប៊ុនឈឿន
ចម្រៀង
សិល្បៈ
ចម្រៀងមរតកដើម
© រក្សាសិទ្ធិដោយ thmeythmey.com