កីឡាជាតិ
ជាតិ
លោក អ៊ុក សិទ្ធិជាតិ៖ សហព័ន្ធមិនត្រូវយកម្ចាស់មេដាយអន្តរជាតិ ធ្វើតេស្តជាមួយកីឡាករវ័យក្មេង លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា, រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា
× លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ជំរុញឲ្យសហព័ន្ធកីឡាជាតិផ្តល់ឱកាសដល់កីឡាករវ័យក្មេង ដោយមិនត្រូវយកម្ចាស់មេដាយលើឆាកអន្តរជាតិធ្វើតេស្តលាយឡំជាមួយពួកគេក្នុងការជ្រើសរើសយុវជនថ្នាល។ ព្រោះ លោកជឿជាក់ថាការធ្វើតេស្តចំរុះគ្នាអាចធ្វើឲ្យយុវជនមានទេពកោសល្យមួយចំនួនបាត់បង់ឱកាស និងបាក់ទឹកចិត្ត។
នាវគ្គបណ្តុះបណ្តាលស្តីពី«ការចុះឈ្មោះនិងគ្រប់គ្រងទិន្នន័យកីឡាករកីឡាការិនីថ្នាលនិងជម្រើសជាតិតាមប្រព័ន្ធព័ត៌មានវិទ្យា»អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក អ៊ុក សិទ្ធិជាតិ ប្រាប់ឲ្យសហព័ន្ធកីឡាជាតិជៀសវាងយកកីឡាករ ដែលធ្លាប់ឈ្នះមេដាយពិភពលោក អាស៊ី ឬស៊ីហ្គេម ធ្វើតេស្តសមត្ថភាពជាមួយកីឡាករវ័យក្មេង។ ការជំរុញបែបនេះ គឺដើម្បីផ្តល់ឱកាសឲ្យយុវជនមានទេពកោសល្យថ្មីៗ ទទួលបានឱកាសធ្វើជាយុវជនថ្នាល។
លោកជឿជាក់ថា បើសហព័ន្ធពុំធ្វើបែបនេះទេ នោះយុវជន ដែលមានទេពកោសល្យ និងសក្តានុពលថ្មីៗអាចបាត់បង់ឱកាសក្នុងការក្លាយជាយុវជនថ្នាល ដើម្បីតំណាងឲ្យប្រទេសជាតិក្នុងការប្រកួតលើឆាកអន្តរជាតិ ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ លើសពីនេះ អាចធ្វើឲ្យយុវជនទាំងនោះបាក់ទឹកចិត្តរអាក្នុងការធ្វើតេស្តនៅលើកក្រោយៗទៀត។
អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារូបនេះ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើរៀបចំឡើងដើម្បីផ្សព្វផ្សាយការយល់ដឹងពីរបៀបប្រើប្រាស់ប្រព័ន្ធចុះឈ្មោះតាមអនឡាញ និងការប្រើប្រាស់ទំព័រហ្វេសប៊ុក ឬគេហទំព័រដល់សហព័ន្ធកីឡាជាតិ។ ក្នុងន័យបង្កភាពងាយស្រួលដល់សហព័ន្ធក្នុងការគ្រប់គ្រងកីឡាករនិងទិន្នន័យពាក់ព័ន្ធគុណផល សុខភាព និងប្រភេទឈាមជាដើម។
បើតាមលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា វគ្គបណ្តុះបណ្តាលនេះរៀបចំមួយថ្ងៃពេញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានសិក្ខាកាមចំនួន៨០នាក់មកពី៣៤សហព័ន្ធចូលរួម។ សហព័ន្ធទាំងនេះ សុទ្ធសឹងជាសហព័ន្ធ ដែលត្រូវប្រមូលផ្តុំកីឡាករជម្រើសជាតិសម្រាប់ឆ្នាំ២០១៩។ សម្រាប់ការចូលរួម មួយសហព័ន្ធអាចបញ្ជូនមនុស្សពីរនាក់ឲ្យចូលរួម គឺអគ្គលេខាធិការ និងមន្ត្រីព័ត៌មានរបស់សហព័ន្ធ៕
Tag:
អគ្គនាយកដ្ឋានកីឡា
អ៊ុក សិទ្ធិជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com