អន្តរជាតិ
លោក ត្រាំ ថា អាមេរិក​មិន​ដក​ទណ្ឌកម្ម ទើប​ជំនួប​គ្មាន​កិច្ចព្រមព្រៀង​
28, Feb 2019 , 9:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមិនបានផលនៅវៀតណាម។ (រូបភាព Bloomberg)
លោក ដូណាល់ ត្រាំ ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមិនបានផលនៅវៀតណាម។ (រូបភាព Bloomberg)
​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​ពីរ បានបញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ ទណ្ឌកម្ម គឺជា​ចំណុច​ខ្ទាស់​គ្នា​ព្រោះ​អាមេរិក​មិន​ព្រម​ដក​ទណ្ឌកម្ម​តាម​ការទាមទារ​របស់​កូរ៉េខាងជើង​។ តាមពិត កិច្ចព្រមព្រៀង​ត្រៀម​រួចហើយ​សម្រាប់​មេដឹកនាំ​ទាំងពីរ តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យល់ថា ជំនួប​នៅ​វៀតណាម​មិនមែនជា​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ចុះហត្ថលេខា​ឡើយ​។ ទោះ​គ្មាន​ផ្លែផ្កា​ធំដុំ ជំនួប​នៅ​ហាណូយ​ក៏មាន​ផល​តិចតួច​ដែរ​។​

 
​ខុសពី​ការរំពឹងទុក ជំនួប​តទល់​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មិនមាន​លទ្ធផល​អ្វី​ឡើយ​។ ជំនួប​ពីរ​ថ្ងៃ​នៅឯ​រដ្ឋធានី​ហាណូយ បានបញ្ចប់​មុន​ផែនការ ដោយ​គ្មាន​ជំនួប​អាហារ​ថ្ងៃត្រង់ និង​ការចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​ឡើយ​។ ទាំង​លោក ត្រាំ ទាំង​លោក គីម បាន​ជិះឡាន​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ​។ ដក ឬ​មិន​ដក​ទណ្ឌកម្ម ជា​មូលហេតុ​ធ្វើ​ឲ្យ​ជំនួប​នេះ​បរាជ័យ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៨ ខែកុម្ភៈ លោក ត្រាំ និយាយថា អាមេរិក​ត្រូវ​សម្រេចចិត្ត​ដើរចេញ​។ ភាគី​ទាំងពីរ​ខ្វែងគំនិត​គ្នា​លើ​លទ្ធភាព​នៃ​ការដក​ទណ្ឌកម្ម​របស់​អាមេរិក​លើ​កូរ៉េខាងជើង ដែលជា​ការទាមទារ​រ​បស់​ក្រុង​ព្យុងយ៉ាង​ជា​យូរ​មកហើយ​។ លោក​ប្រធានាធិបតី​អាមេរិក​បន្តថា វា​ក៏​ព្រោះតែ​ទណ្ឌកម្ម គឺ​កូរ៉េខាងជើង​ចង់​ឲ្យ​អាមេរិក​ទណ្ឌកម្ម​ទាំងស្រុង ប៉ុន្តែ​អាមេរិក​មិនអាច​ធ្វើតាម​ការ​លក្ខខណ្ឌ​នេះ​បានឡើយ​។​
 
​លោក ត្រាំ បាន​​លើកឡើង​ការធ្វើសម្បទាន​របស់​កូរ៉េខាងជើង​ដែល​ចង់​រំសាយ​នុយក្លេអ៊ែរ​តែ​ផ្នែក​ដែល​ខ្លួន​គិតថា​មិនសូវ​សំខាន់ តែ​ជា​រឿង​សំខាន់​របស់​អាមេរិក​។ ក្នុង​សន្និសីទ​ដដែល លោក ត្រាំ ទម្លាយ​ថា កូរ៉េខាងជើង​បានស្នើឲ្យ​លើកលែង​ទណ្ឌកម្ម​គ្រប់យ៉ាង ជា​ថ្នូរ​នឹង​ការបោះបង់​ទីតាំង​នុយក្លេអ៊ែរ Yongbyon តែ​មិនមែនជា​ផ្នែក​ណាមួយ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ​។ លោក ត្រាំ ទំនង​គិតថា សំណើរ​របស់​កូរ៉េខាងជើង​ទៅ​ហួស​ពីអ្វី​ដែល​អាមេរិក​អាចធ្វើ​បាន​។​
 
​យ៉ាងណាមិញ កូរ៉េខាងជើង​នឹងមិន​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​ទៀតឡើយ​។ នេះ​បើតាម​ការប្រកាស​របស់​លោក ត្រាំ ដែល​បន្តថា សុទិដ្ឋិនិយម​ដែល​កើតឡើង​អំឡុងពេល​ចរចា នឹង​បើកផ្លូវ​ដល់​ការចរចា​នៅ​ថ្ងៃ​អនាគត ហើយ​លោក​ចង់​សម្រេច​ច​កិច្ចការ​ឲ្យ​បាន​ត្រឹមត្រូវ ជាជាង​ធ្វើ​ទាំង​ប្រញាប់ប្រញាល​។ ខណៈ​ជំនួប​លើក​ទី​ពីរ​ចប់​ទៅដោយ​គ្មាន​បាន​ផល​អ្វី​នោះ លោក ត្រាំ មិនទាន់​ចង់បាន​ជំនួប​លើក​ទី​បី​ទៀតឡើយ​។​
 
​វា​ដូចជា​រឿង​ភ្ញាក់ផ្អើល​ខ្លាំង ដែល​ចុងក្រោយ​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម បែរជា​គ្មាន​បាន​ផល ខណៈពេល​ជួបគ្នា​ដំបូង មេដឹកនាំ​ទាំងពីរ​ហាក់​ល្អូក​ល្អឺ​ន​នឹង​គ្នា​ខ្លាំង​។ ប្រមុខ​ដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​ថែមទាំង​និយាយថា លោក​ធ្វើដំណើរ​ទៅ​វៀតណាម ក៏​ព្រោះតែ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​នៅ​ចុងក្រោយ លោក ត្រាំ ក៏​បន្ទោស​កូរ៉េខាងជើង​ដែល​ចង់បាន​សម្បទាន​ខ្លាំងពេក​ទៅវិញ​។ 
 
​ក្រោយ​ជំនួប​គ្មាន​ផ្លែផ្កា​នៅ​ហាណូយ លោក ត្រាំ មិន​រេរា​យូរ​ឡើយ ក៏​ហោះ​ទៅ​អាមេរិក​វិញ​ភ្លាម​។ ចំណែក​លោក គីម វិញ បន្ត​ស្នាក់នៅ​ទឹកដី​វៀតណាម ដើម្បី​ធ្វើ​ទស្សនកិច្ច​ពីរ​បី​ថ្ងៃ​ទៀត​។ តាម​គម្រោង លោក គីម ចាក​ចេញពី​ទៅកាន់​កូរ៉េខាងជើង​វិញ​នៅ​ថ្ងៃទី​២ ខែមីនា​ខាងមុខ​។ 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  វៀតណាម​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com