កីឡាអន្តរជាតិ
អន្តរជាតិ
Nantes ប្តឹង FIFA ថា Cardiff មិន​បង់ប្រាក់ ១៩​លាន​ដុល្លារ លើ​ថ្លៃ​ខ្លួន Sala
28, Feb 2019 , 5:27 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA កំពុង​ស៊ើបអង្កេត​ជុំវិញ​ការផ្ទេរ Emiliano Sala ពី​ក្លិប FC Nantes ទៅកាន់ Cardiff City បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ខាង​ភាគី​ក្លិប​បារាំង ជុំវិញ​ការ​ព្យា​រ​ពេល​បង់ប្រាក់​លើ​ការផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​។ នេះ​បើតាម​ការបញ្ជាក់​របស់ FIFA នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។


 
Sala បានបញ្ចប់​ការផ្ទេរ​ពី Nantes នៃ​ក្របខណ្ឌ Ligue 1 របស់​បារាំង ដោយ​ក្លាយជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Cardiff ប្រមាណ ១៩​លាន​ដុល្លារ​អាមេរិក​។ ជា​អកុសល​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន រួមទាំង​ពី​ឡុ​ត​លោក David Ibbotson ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ពី Nantes ប្រទេស​បារាំង​ទៅកាន់ Cardiff City បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្ត​ហោះចូល​សមុទ្រ​តែម្តង​។​
 
​ជុំវិញ​ការផ្ទេរ​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ ប្រធាន​ក្លិប Cardiff លោក Mehmet Dalman ថា​ក្លិប​លោក​នឹង​បង់ប្រាក់​ចំនួន ១៩​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ FC Nantes សម្រាប់​ថ្លៃ​ផ្ទេរ Sala ទៅតាម​កិច្ចសន្យា​ដោយ​គ្រាន់តែ​សុំ​ពន្យារពេល​ផ្ទេរប្រាក់​រយៈពេល​មួយ​សប្តាហ៍​ប៉ុ​ណ្នោះ​។​
 
​បើតាម​ការផ្សាយ​របស់ BBC ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្របខណ្ឌ Premier League នេះ​ត្រូវ​ដល់ពេល​កំណត់​ទូទាត់​ប្រាក់​លើកទីមួយ​តាំងពីរ​ថ្ងៃទី​២០ ខែកុម្ភៈ ហើយ​ក្លិប FC Nantes ក៏បាន​ព្រមព្រៀងគ្នា​ពន្យារ​រហូតដល់​ថ្ងៃទី​២៧ ខែកុម្ភៈ​ដែរ​។​
 
​ប៉ុន្តែ​យ៉ាងណា ក្លិប​ទាំងពីរ​បែ​ជាមាន​ជម្លោះ​ជុំវិញ​ការពន្យារពេល​បង់ប្រាក់​នេះ​ទៅវិញ ហើយ​ថែមទាំង​មានការ​ប្តឹងផ្តល់​ដល់ FIFA ទៀតផង​។​
​អ្នកនាំពាក្យ​របស់ FIFA និយាយថា​ស្ថាប័ន​លោក​បានទទួល​ពាក្យបណ្តឹង​ពី​ភាគី​ក្លិប FC Nantes ទៅកាន់ Cardiff City ជុំវិញ​ការផ្ទេរ​កីឡាករ Sala រួចហើយ និង​កំពុង​ស៊ើបអង្កេត​ពី​បញ្ហា​នេះ ហើយ​លោក​ក៏​មិនទាន់មាន​ការបកស្រាយ​អ្វី​ជុំវិញ​រឿងនេះ​ដែរ​៕

Tag:
 បាល់ទាត់​
  Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com