កីឡាអន្តរជាតិ
អន្តរជាតិ
FIFA គ្រោង​ពិនិត្យ​ច្បាប់​ផ្ទេរ​កីឡាករ​ក្មេងៗ​ឡើងវិញ ខណៈ​Chelsea រង​ពិន័យ​ជុំវិញ​ករណីនេះ​
28, Feb 2019 , 10:39 pm        
រូបភាព
ប្រធាន FIFA លោក Gianni Infantino នាសន្និសីទកាសែតក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី
ប្រធាន FIFA លោក Gianni Infantino នាសន្និសីទកាសែតក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នឹង​ពិចារណា​ផ្លាស់ប្តូរ​ច្បាប់​ស្តីពី​ការផ្ទេរ​កីឡាករ​វ័យក្មេង​ឡើងវិញ បន្ទាប់ពី​ក្លិប Chelsea ត្រូវបាន​ហាម​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល​ពេញ​មួយ​រដូវ​កាល​ជុំវិញ​ករណីនេះ​។​

 
 
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ បាន​និយាយថា FIFA បានសម្រេច​ហាម​ក្លិប Chelsea មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល នៅ​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​ចំនួន​ពីរលើក​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​រកឃើញ​កំហុសឆ្គង​របស់​ក្លិប​នៅ​ក្របខណ្ឌ England Premier League មួយ​នេះ បាន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ក្នុងការ​ទាក់ទង និង​ទិញ​កីឡាករ​ក្មេងៗ​ក្រោម​អាយុ​១៨​ឆ្នាំ​។​
 
​ច្បាប់ FIFA ចែងថា កីឡាករ​ក្រោម​អាយុ ១៨ ឆ្នាំ អាច​ផ្ទេរ​ទៅ​ក្រៅប្រទេស​បាន ត្រូវមាន​លក្ខខណ្ឌ​១​ក្នុងចំណោម​លក្ខខណ្ឌ​៣​ខាងក្រោម​៖ ទី​១.​ឪពុកម្តាយ​របស់​កីឡាករ​ដែល​ធ្វើ​អន្តោប្រវេសន៍ គឺ​មិនមែន​ត្រឹមតែ​មូលហេតុ​អាជីព​កីឡាបាល់ទាត់​របស់​កូន​ទេ ពោលគឺ​ឪពុកម្ដាយ​ត្រូវ​ហេតុផល​ចាំបាច់​ផ្សេងទៀត ក្នុង​ការធ្វើ​អន្តោ​ស​ប្រវេសន៍​ឡើយ​។ ទី​២.​ក្លិប​ទាំងពីរ​ត្រូវ​ស្ថិតនៅ​តំបន់​អឺរ៉ុប ឬ តំបន់​សេដ្ឋកិច្ច​អឺរ៉ុប ហើយ​កីឡាករ​ត្រូវមាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ១៨ ឆ្នាំ និង​ទី​៣ កីឡាករ​ត្រូវមាន​ទីកន្លែង​រស់នៅក្នុង​ចម្ងាយ​ត្រឹម ១០០ គីឡូម៉ែត្រ​ពី​ក្លិប​ថ្មី​របស់​ពួកគេ​។​
 
​ក្រៅពី​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ មាន​ក្លិប​ធំៗ​ពី​អេ​ស្ប៉ា​ញ​ដូចជា Barcelona, Real Madrid និង Atletico Madrid ក៏​ធ្លាប់​ត្រូវ FIFA ពិន័យ​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​ចូល​ដូចគ្នា​ដែរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ។​
 
​ដោយសារ​មាន​បញ្ហា​បែបនេះ ទើប​ធ្វើ​ឲ្យ​ប្រធាន FIFA លោក Infantino បាន​និយាយ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា ច្បាប់​នេះ​គួរតែ​ត្រូវ​ពិនិត្យឡើងវិញ ។ ប៉ុន្តែ​ការកែប្រែ​កម្រិតណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​
 
«​ប្រហែល​យើង​ត្រូវ​បង្កើន​អាយុ​អប្បបរមា​សម្រាប់​ក្លិប​នៅ​អឺរ៉ុប ឬ​គួរ​អនុញ្ញាត​ឲ្យ​មាន​ករណី​លើកលែង​មួយចំនួន​ដោយ​ផ្អែកលើ​លក្ខណ​វិនិច្ឆយ​ច្បាស់លាស់​ដល់​កីឡាករ​ក្មេងៗ​ទាំងប្រុស​និង​ស្រី ប៉ុន្តែ​ក៏ត្រូវ​ការការពារ​អនីតិជន​ផងដែរ​»​។ Infantino និយាយ​បែបនេះ​។​
 
​បន្ថែម​លើ​ករណីនេះ​លោក Infantino បន្ថែមថា FIFA គ្រោង​ពិនិត្យឡើងវិញ អំពី​បទបញ្ជា​ខ្លះៗ​លើ​សកម្មភាព​របស់​ភ្នាក់ងារ​កីឡាករ​បាល់ទាត់​ផងដែរ​។ «​យើង​គ្រោង​ពិនិត្យមើល​ច្បាប់​នានា​ដែល​គ្រប់គ្រង​ភ្នាក់ងារ​ទាំងនោះ​ព្រោះ​យើង​មាន​អារម្មណ៍​ថា វា​ចាំបាច់​ដើម្បី​កែសម្រួល​ច្បាប់​ទាំងនោះ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Infantino ។​
 
​សូមបញ្ជាក់ថា មកទល់នឹង​បច្ចុប្បន្ននេះ​លំហូរ​ផ្ទេរ​កីឡាករ​ជុំវិញ​ពិភពលោក ជាពិសេស​នៅ​តំបន់​អឺរ៉ុប​ត្រូវបាន​វាយតម្លៃថា មាន​ចំនួន​ទឹកប្រាក់​រហូតដល់ ៩,២០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ដោយ​មិន​គិត​លើ​ប្រាក់​ឈ្នួល​របស់​កីឡាករ និង​ថ្លៃ​ជើងសារ​សម្រាប់​ភ្នាក់ងារ​៕
 

Tag:
 បាល់ទាត់​
  FIFA
  Chelsea
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com