ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ត្រៀម​ចេញ​បទ​ថ្មី «​បង​ជាទន្សាយ​» ឌឺ​លោក សម រង្ស៊ី​
01, Mar 2019 , 9:50 am        
រូបភាព
​សរសេរចម្រៀង​ពីរបទឌឺឲ្យលោក សម រង្សី ហើយ នៅមិនទាន់អស់ចិត្ត សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សកាន់អំណាច ចង់សរសេរបទថ្មីមួយថែមទៀត។ ប្រហែលជា​មិនយូរ​ទេ​មើលទៅ បទ​ចម្រៀង​ថ្មីនេះ នឹងត្រូវ​លេចឡើងហើយ។

  

​បទ​ថ្មី​ ដែលនាយករដ្ឋមន្ត្រី នឹងនិពន្ធ គឺ​យក​សត្វ​ទន្សា​យមក​រៀបរាប់ តែ​បង្កប់ន័យ​បញ្ឆិតបញ្ឆៀង​ទៅ​ឲ្យលោក សម រង្ស៊ី​ មេដឹកនាំក្រុមប្រឆាំង ដែលកំពុងនិរទេស។ ​ធ្វើជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​នេះ ប្រធាន​គណបក្សកាន់អំណាច ប្រាប់គេឯងយ៉ាងដូច្នេះថា​៖«ខ្ញុំ​ត្រៀម​ចេញ​បទ​ថ្មី​មួយទៀត គឺ​បទ បង​ជា​ទន្សាយ រត់​បាន​ឆ្ងាយ​ដោយសារ​ចាញ់​ភ្នាល់ ព្រោះ​ចាញ់​ភ្នាល់​ហើយ នៅ​ធ្វើ​អី​ទៀត​»។ 

យ៉ាងណាក៏ដោយ មេដឹកនាំរូបនេះ អះអាងថា បទចម្រៀង​របស់ខ្លួន គឺនិពន្ធឡើង ដើម្បីឲ្យគេយកទៅច្រៀង និងរាំលេងកម្សាន្ត មិនមែនចង់ឌឺដងឲ្យអ្នកណាឡើយ។ លោក និយាយសំដៅទៅលោក សម រង្ស៊ី បែបនេះថា៖«កុំរើសដាក់ខ្លួន»។

ទោះជាប្រធានគណបក្សកាន់អំណាច បកស្រាយយ៉ាងនេះក្តី តែគេ នៅតែគិតថា បទចម្រៀងនេះ គឺបង្កប់ន័យចំអកឲ្យលោក សម រង្ស៊ី។ ថ្មីៗនេះ ប្រធានគណបក្សកាន់អំណាច ទើបនឹងបាននិពន្ធចម្រៀងពីរបទ ដែលសុទ្ធតែបង្កប់ន័យចំអកឲ្យលោក សម រង្សី គឺបទទីមួយ «ទទាយំឆ្លង ត្រយងបងអើយអត់ឆ្លើយ....»​ និងបទទីពីរ ទទាយំឆ្លង ត្រយងបងអើយ រត់ហើយ....»។

អត្ថបទទាក់ទង

បទចម្រៀងបែបឌឺដងនេះ បានកើតឡើងជាហូរហែ ខណៈការភ្នាល់យកឈ្នះ-ចាញ់គ្នារវាងសម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ជិតឈានមកដល់ ដោយខ្វះតែពីរថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។

លោក សម រង្ស៊ី ហ៊ានភ្នាល់ ថាលោក កឹម សុខា នឹងត្រូវដោះលែងនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ តែបើការអះអាងនេះខុស លោក សុខចិត្តដើរចូលស្រុក ឲ្យសមត្ថកិច្ច ចាប់ខ្លួន។ សម្តេច ហ៊ុន សែន បានទទួលយកការភ្នាល់នេះ ដោយប្រកាសថា សុខចិត្តចុះចេញពីតំណែង បើលោក កឹម សុខា ពិតជាត្រូវដោះលែងមែន តែបើអត់ទេ លោក សម រង្ស៊ី ត្រូវវិលមកកម្ពុជា តាមការសន្យា។ 

ក្រោយមក លោក សម រង្ស៊ី ហាក់បង្ហាញពីភាពមិនជាក់លាក់អំពីពេលវេលានៃការវិលត្រឡប់មកកម្ពុជា។ ប៉ុន្តែ ទាំងខ្លួនលោកផ្ទាល់ និងមន្រ្តីរបស់លោក បានប្រកាសថា លោក នៅតែរក្សាគម្រោងនៃការធ្វើមាតុភូមិនិវត្តនៅឆ្នាំ២០១៩នេះដដែល ​ដោយគ្រាន់តែមិនទាន់ហ៊ានប្រកាសឲ្យច្បាស់លាស់ថា នៅថ្ងៃ-ខែណា។ ពួកគេ នៅតែអះអាងថា គម្រោងមាតុភូមិនិវត្តនេះ គឺកើតឡើងនៅឆ្នាំ២០១៩នេះ ហើយកម្ពុជា នឹងមានការផ្លាស់ប្តូរ។ 

Tag:
 ​ហ៊ុន សែន​
  សម រង្ស៊ី​
  បទ​ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com