កីឡាអន្តរជាតិ
អន្តរជាតិ
Fulham បញ្ចប់​តំណែង Ranieri ក្រោយ​ដឹកនាំ​បាន ១៧​ប្រកួត​
01, Mar 2019 , 9:57 am        
រូបភាព
Fulham បានបញ្ចប់​តំណែង​អ្នកចាត់ការ​ទូទៅ​លោក Claudio Ranieri បន្ទាប់ពី​ដឹកនាំ​បាន​ត្រឹម​រយៈពេល ១០៦ ថ្ងៃ​ប៉ុណ្ណោះ​។ លោក Scott Parker អតីត​ខ្សែបម្រើ​ឆ្នើម Tottenham Hotspur និង​ធ្លាប់ជា​ប្រធាន​ក្រុម Fulham នេះ​នឹង​ឡើង​ជំនួស​តំណែង​បណ្ដោះអាសន្ន​។​


 
​ការប្រកួត​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​គឺ​បរាជ័យ​ក្រោម​ថ្វី​ជើង Southampton ២-០ ក្នុង​ទឹកដី​ខ្លួនឯង​ដែល​នាំ​ឲ្យ Fulham នៅតែ​ស្ថិតក្នុង​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ Premier League ដដែល​។ ក្រោយ​ឆ្លង​ការ​ការប្រកួត​២៨​លើក Fulham ឈ​ចំណាត់ថ្នាក់​ទី​១៩ មាន​១៧​ពិន្ទុ និង​តាម​ពីក្រោយ​ក្រុម​នៅ​តំបន់​សុវត្ថិភាព​១០​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​១០​លើក​ទៀត​។​


លោក Scott Parker ដែលនឹងឡើងទៅដឹកនាំ Fulham
 
Ranieri បាន​ឡើង​ដឹកនាំ​ក្រុម​រហស្សនាម​ព្រលិត​កាលពី​ខែ​ខែវិច្ឆិកា​កន្លងទៅ​ដើម្បី​ជំនួស​តំណែង​លោក Slavisa Jokanovic​។ គ្រូបង្វឹក​វ័យ ៦៧ ឆ្នាំ​រូបនេះ​រក​ជ័យជម្នះ​៣​លើក​ប៉ុណ្ណោះ​ក្នុងចំណោម ១៧ ប្រកួត​។​
 
​លទ្ធផល​មិន​សមប្រកប​បែបនេះ​បានធ្វើ​ឲ្យ Fulham សម្រេច​បញ្ចប់​តំណែង​លោក ដោយ​ទុក​ឱកាស​ឲ្យ Scott Parker ដឹកនាំ​ជំនួស​បណ្តោះអាសន្ន​។ 
 
Parker វ័យ​៣៨​ឆ្នាំ​បាន​ក្លាយជា​គ្រូ​ទី​៦​របស់ Fulham បន្ទាប់ពី​លោក Martin Jol, Rene Meulensteen, Felix Magath, Jokanovic និង Ranieri នេះឯង​។ Parker ក៏​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ធ្លាប់ជា​កីឡាករ Fulham ផងដែរ បន្ទាប់ពី​ចាកចេញ​ពី Spurs នៅ​ឆ្នាំ​២០១៣៕

Tag:
 បាល់ទាត់​
  Fulham
  Claudio Ranieri
© រក្សាសិទ្ធិដោយ thmeythmey.com