អន្តរជាតិ
កូរ៉េខាងជើង​បដិសេធ​សម្ដី​លោក ត្រាំ ដែលថា ខ្លួន​ទារ​អាមេរិក​លើកលែង​ទណ្ឌកម្ម​ទាំងស្រុង​
01, Mar 2019 , 10:33 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (ឆ្វេង) និងអនុរដ្ឋមន្រ្តីការបរទេស ឆេ ស៊ុនហ៊ី (ស្ដាំ)  នាសន្និសីទសារព័ត៌មាននៅវៀតណាម។  (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (ឆ្វេង) និងអនុរដ្ឋមន្រ្តីការបរទេស ឆេ ស៊ុនហ៊ី (ស្ដាំ) នាសន្និសីទសារព័ត៌មាននៅវៀតណាម។ (រូបភាព AFP)
​អាមេរិក និង​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ បាន​បិទ​បញ្ចប់​ជំនួប​លើក​ទី​ពីរ​របស់ខ្លួន ដោយ​គ្មាន​បាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ​។ មុន​ជិះ​យន្តហោះ​ទៅ​អាមេរិក​វិញ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រុញ​កំហុស​លើ​កូរ៉េខាងជើង ដោយ​អះអាងថា កូរ៉េខាងជើង​ចង់បាន​ការលើកលែង​ទណ្ឌកម្ម​ទាំងអស់ ដែល​នោះ​ជា​រឿង​អាមេរិក​មិនអាច​ធ្វើ​បានឡើយ​។ មិន​ប៉ុន្មាន​ម៉ោង​ក្រោយមក កូរ៉េខាងជើង​បានចេញ​មក​ប្រកាស​បដិសេធ​ការលើកឡើង​បែបនេះ​។​

 
​ក្នុងជំនួប​កម្រ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ពាក់កណ្ដាល​យប់​ដ៏​បន្ទាន់​មួយ​ជុំវិញ​លទ្ធផល​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​គ្មាន​បាន​អ្វី​នោះ​។ ប្រមុខ​ការទូត​កូរ៉េខាងជើង បានផ្ដល់​ព័ត៌មាន​ផ្ទុយ​ពី​ខាង​អាមេរិក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ជំនួប​លើក​ទី​ពីរ​នៅ​វៀតណាម មិនមាន​កិច្ចព្រមព្រៀង​អ្វី​សោះ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ហោះ​ទៅ​អាមេរិក​វិញ​ថ្ងៃទី​២៨ ខែកុម្ភៈ លោក ត្រាំ និយាយថា ភាគី​ទាំងពីរ​ខ្វែងគំនិត​គ្នា​លើ​លទ្ធភាព​នៃ​ការដក​ទណ្ឌកម្ម​របស់​អាមេរិក​លើ​កូរ៉េខាងជើង ដែលជា​ការទាមទារ​រ​បស់​ក្រុង​ព្យុងយ៉ាង​ជា​យូរ​មកហើយ​។ លោក​ប្រធានាធិបតី​អាមេរិក​អះអាងថា វា​ក៏​ព្រោះតែ​ទណ្ឌកម្ម​តែម្ដង គឺ​កូរ៉េខាងជើង​ចង់​ឲ្យ​អាមេរិក​ទណ្ឌកម្ម​របស់​ខ្លួន​ទាំងស្រុង ប៉ុន្តែ​អាមេរិក​មិនអាច​ធ្វើតាម​ការ​លក្ខខណ្ឌ​នេះ​បានឡើយ​។​
 
​មិនមែន​លុប​ទណ្ឌកម្ម​ទាំងស្រុង​ឡើយ តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​។ នេះ​ជាការ​ឆ្លើយតប​របស់លោក រី ក្នុង​សន្និសីទ​សារព័ត៌មាន​ភ្លាម​នៅ​រដ្ឋធានី​ហាណូយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​កូរ៉េខាងជើង​ដែល​ចូលរួម​ជំនួប​ពីរ​ថ្ងៃ​នេះដែរ បញ្ជាក់ថា ក្រុង​ព្យុងយ៉ាង​ស្នើ​បោះបង់​ទាំងស្រុង និង​អចិន្ត្រៃយ៍​ទីតាំង​នុយក្លេអ៊ែរ Yongbyon ប្រសិនបើ​អាមេរិក​យល់ព្រម​ដក​ទ​ណ្ឌ​កម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​ស៊ីវិល និង​ជីវភាព​ប្រជាជន​របស់ខ្លួន​។​
 
​សំណើ​ខាងលើនេះ ជា​ជំហាន​ដ៏​ធំ​បំផុត​ដែល​កូរ៉េខាងជើង​អាចធ្វើ​បាន​នៅ​ដំណាក់កាល​បច្ចុប្បន្ន និង​ក្នុង​កម្រិត​នៃ​ការទុកចិត្ត​ដូច​សព្វថ្ងៃនេះ​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក រី ដែល​បន្តថា ជំហរ​បែបនេះ នឹងមិន​ផ្លាស់ប្ដូរ​ឡើយ ហើយ​សំណើ​បិទ Yongbyon ក៏​មិន​ផ្លាស់ប្ដូរ​ដែរ ទោះជា​អាមេរិក​ចង់​ចរចា​ប៉ុន្មាន​ដង​ទៀត​ក៏ដោយ​។ 
 
​ជុំវិញ​បញ្ហា​នេះ លោក ត្រាំ ក៏​លើកឡើង​ដែរ​ថា សំណើ​របស់​កូរ៉េខាងជើង​មិនសូវ​សំខាន់​ឡើយ​ក្នុង​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ ហើយ​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ធំដុំ​ជាង​នេះ​។ ទោះជា​យ៉ាងណា ប្រធានាធិបតី​អាមេរិក​នៅតែមាន​សុទិដ្ឋិនិយម​ដដែល ហើយ​ភាគី​ទាំងពីរ​នឹងមាន​ការចរចា​នៅ​ថ្ងៃ​អនាគត​បន្តទៀត​។​
 
​មិន​ដូច​ក្ដី​រំពឹងទុក នៅ​ចុងក្រោយ ជំនួប​រវាង​លោក ត្រាំ និង​លោក គីម បែរជា​គ្មាន​បាន​ផល​ទៅវិញ ខណៈពេល​ជួបគ្នា​ដំបូង មេដឹកនាំ​ទាំងពីរ​ហាក់​ល្អូក​ល្អឺ​ន​នឹង​គ្នា​ខ្លាំង​។ មេដឹកនាំ​កូរ៉េខាងជើង​ថែមទាំង​និយាយថា លោក​ធ្វើដំណើរ​ទៅ​ជួប​លោក ត្រាំ ដល់​វៀតណាម ក៏​ព្រោះ​លោក​តែ​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​នៅ​ចុងក្រោយ លោក ត្រាំ ក៏​បន្ទោស​កូរ៉េខាងជើង​ដែល​ចង់បាន​សម្បទាន​ខ្លាំងពេក​ទៅវិញ​៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com