ជាតិ
សង្គមជាតិ
អភិបាលរងខេត្តព្រះសីហនុពីររូប ត្រូវបានដកចេញ ដោយសារហិង្សារឿងដីធ្លី
01, Mar 2019 , 10:53 am        
រូបភាព
លោក ស្រ៊ុន ស្រ៊ន់ (ឆ្វេងដៃ) និង​លោក ផៃ ប៊ុនវណ្ណៈ
លោក ស្រ៊ុន ស្រ៊ន់ (ឆ្វេងដៃ) និង​លោក ផៃ ប៊ុនវណ្ណៈ
ទីបំផុត អភិបាលរងខេត្តព្រះសីហនុពីររូប គឺលោក ផៃ ប៊ុនវណ្ណៈ និង លោក ស៊្រុន ស៊្រន់ ត្រូវបានបញ្ចប់មុខតំណែង។ ការបញ្ចប់មុខតំណែងនេះ គឺធ្វើឡើយដោយអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅថ្ងៃទី១ មីនា ឆ្នាំ២០១៩។



អមជាមួយនឹងអនុក្រឹត្យ ដែលបង្ហោះលើទំព័រហ្វេសប៊ុក ប្រមុខរដ្ឋាភិបាល បានសរសរយ៉ាងដូច្នេះថា៖«ខ្ញុំបង្ខំចិត្តអនុវត្តអភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំ ត្រូវតែយកគ្រាប់ក្រួសនិងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន។ 

លោក ផៃ ប៊ុនវណ្ណៈ និង លោក ស៊្រុន ស៊្រន់ ជាអ្នកដែលទទួលបញ្ជាចុះទៅអនវុត្តដីការបស់តុលាការកំពូល ដែលសម្រេចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីលើប្រជាពលរដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ពេលនោះ ក៏មានការផ្ទុះអំពើហិង្សារវាងកម្លាំងសមត្ថកិច្ច និង ប្រជាពលរដ្ឋប្រមាណ២០០នាក់​ ដែលនាំគ្នាទៅតវ៉ានឹងសេចក្តីសម្រេចរបស់តុលាការកំពូល។ 

មានប្រជាពលរដ្ឋម្នាក់ បានរងរបួសដោយសារត្រូវគ្រាប់កាំភ្លើង។ ប៉ុន្តែ សមត្ថកិច្ច បកស្រាយថា គ្រាប់កាំភ្លើងនោះ មិនមែនជាគ្រាប់កំាភ្លើងរបស់សមត្ថកិច្ចឡើយ។ 

ការផ្ទុះអំពើហិង្សានេះ បានធ្វើឲ្យកងរាជអាវុធហត្ថ៤នាក់ រងការស្តីបន្ទោស ហើយកងរាជអាវុធម្នាក់ និងយោធាម្នាក់ ត្រូវបានដកចេញពីក្របខណ្ឌ និងត្រូវបានកសាងសំណុំរឿងទៅតុលាការ។ 

ក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បញ្ជាឲ្យរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លីក្នុងខេត្តព្រះសីហនុ៕ 

អត្ថបទទាក់ទង

Tag:
 ដីធ្លីព្រះសីហនុ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com