អន្តរជាតិ
អាកាសចរណ៍ថៃ បើកជើងហោះហើរទៅកាន់អឺរ៉ុបឡើងវិញដោយប្រើដែនអាកាសចិន រូបភាព៖ The Nation ថៃ
× ក្រុមហ៊ុនអាកាសចរណ៍ THAI AIRWAYS របស់ថៃ បានប្រកាសបើកការហោះហើររបស់ខ្លួនឡើងវិញ ពីទីក្រុងបាងកកទៅកាន់អឺរ៉ុប ក្រោយពីផ្អាកក្នុងរយៈពេលខ្លីដោយសារប៉ាគីស្ថានបិទដែនអាកាសរបស់ខ្លួន។ ការបិទដែនអាកាសរបស់អាជ្ញាធរប៉ាគីស្ថាននេះ គឺបណ្តាលមកពីភាពតានតឹងជាមួយឥណ្ឌា បន្ទាប់ពីមានការបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា២គ្រឿង និងចាប់អ្នកបើកយន្តហោះឥណ្ឌាម្នាក់ជាចំណាប់ខ្មាំងទៀតផង។
ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ អ្នកដំណើរប្រមាណ៤៩០០នាក់រង់ចាំព្រោងព្រាតនៅឯអាកាសយានដ្ឋានសុវណ្ណភូមិថៃ ក្រោយពីភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានឈានដល់ការបិទដែនអាកាសជាបណ្តោះអាសន្ន។ ប្រធានចាត់ការទូទៅរបស់អាកាសយានដ្ឋានសុវណ្ណភូមិ Suthirawat Suwannawat បញ្ជក់ថា ក្នុងចំណោមនោះ ៤ពាន់នាក់ ជាអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ក្រុមហ៊ុន Thai Airways បានគូសបញ្ជាក់ថា ជាធម្មតាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនខ្លួនហោះហើរឆ្លងកាត់ដែនអាកាសរបស់ប៉ាគីស្ថាន នៅពេលដែលធ្វើដំណើរទៅឬមកពីអឺរ៉ុប។ ប៉ុន្តែក្រោយពីផ្លូវហោះហើរនេះត្រូវបានបិទជាបណ្តោះអាសន្ននោះ មន្ត្រីជំនាញផ្នែកអាកាសចរណ៍បានស្នើសុំការអនុញ្ញាតឲ្យហោះឆ្លងកាត់ដែនអាកាសរបស់ចិនវិញ។
អនុប្រធានទទួលបន្ទុកផ្នែកសុវត្ថិភាព សន្តិសុខ និងស្តង់ដាអាកាសចរណ៍របស់ក្រុមហ៊ុន Thai Airways លោក Pratana Patanasiri និយាយថា អាកាសចរណ៍ជាតិថៃទទួលបានការអនុញ្ញាតពីអាជ្ញាធរឲ្យហោះហើរឆ្លងកាត់ប្រទេសចិន ជំនួសដែនអាកាសរបស់ប៉ាគីស្ថានរួចហើយ។ លោកបន្តថា ការហោះហើរឆ្លងកាត់ដែនអាកាសចិន អាចកាត់បន្ថយពេលវេលាធ្វើដំណើរដល់ទៅជាង២០នាទីឯណោះ។
ទន្ទឹមនឹងគ្នានេះ អាកាសចរណ៍ថៃមួួនេះ ក៏មានគម្រោងផ្តល់ជើងហោះហើរពិសេសទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ក្នុងគោលដៅជួយសម្រួលដល់អ្នកដំណើរឆ្ពោះទៅកាន់ទិសដៅរបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com