អន្តរជាតិ
អាមេរិក ផ្ដល់​រង្វាន់​១​លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ពី​ទីតាំង​លាក់ខ្លួន​កូនប្រុស ប៊ិន​ឡា​ដិ​ន​
01, Mar 2019 , 2:52 pm        
រូបភាព
ដោយ:
សហរដ្ឋអាមេរិក បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​ចំនួន​១​លាន​ដុល្លារ​សម្រាប់​ព័ត៌មាន​ស្តីពី​ទីតាំង​របស់​កូនប្រុស​មេដឹកនាំ​ក្រុម​ឧទ្ទាម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន ។ ក្រុង​វ៉ាស៊ីនតោន​អះអាងថា ហាម​សា ប៊ិន​ឡា​ដិ​ន កំពុង​លេច​មុខជា​មេដឹកនាំ​ថ្មី​របស់​ក្រុម​ជ្រុលនិយម ព្រមទាំង​ត្រៀម​វាយប្រហារ​លើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ខ្លួន​បណ្តា​ប្រទេស​លោកខាងលិច​ទៀតផង​។​

 
​ជាច្រើន​ឆ្នាំ​មកហើយ សហរដ្ឋអាមេរិក​បាន​ស្វះ​ស្វែងរក​ទីតាំង​របស់ ហាម​សា ប៊ិន​ឡា​ដិ​ន ដែល​ត្រូវបាន​អ្នកខ្លះ​ស្គាល់​ថា «​រជ្ជទាយាទ​នៃ​ក្រុម​ជី​ហាត​» ។ កន្លងទៅ​របាយការណ៍​មួយចំនួន បង្ហាញថា ហាម​សា កំពុង​រស់នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​, អា​ហ្វ​ហ្កា​នី​ស្ថាន​, ស៊ី​រី ឬ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នៅ​អ៊ីរ៉ង់​។ 
 
«​ហាម​សា ប៊ិន​ឡា​ដិ​ន គឺជា​កូនប្រុស​អតីត​មេដឹកនាំ​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ិន​ឡា​ដិ​ន និង​កំពុង​លេច​មុខជា​មេដឹកនាំ​ម្នាក់​ក្នុង​ក្រុម​អាល់​កៃ​ដា​ផងដែរ​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយ​បន្ថែមថា ប្រាក់រង្វាន់​១​លាន​ដុល្លារ​នឹង​ផ្តល់ជូន​អ្នក​ដែល​ផ្តល់ដំណឹង​ពី​ទីតាំង​របស់​ភេរវជន​រូបនេះ​។ 
 
​កាលពីពេល​កន្លងទៅ កូនប្រុស​វ័យ​ឆ្នាំ​៣០​របស់​មេ​អាល់​កៃ​ដា​រូបនេះ ធ្លាប់បាន​គំរាម​វាយប្រហារ​លើ​សហរដ្ឋអាមេរិក ដើម្បី​សងសឹក​នឹង​ការសម្លាប់​ឳ​ពុក​ខ្លួន​កាលពី​ឆ្នាំ​២០១១ ដោយ​កងកម្លាំង​ពិសេស​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា​។ ប្រតិបត្តិការ​ពិសេស​នោះ​ត្រូវបាន​ឡើង​ក្នុង​ប៉ា​គី​ស្ថាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AFP ។​
 
​ទន្ទឹមនឹងនេះ ក្នុង​ឆ្នាំ​២០១៥ ហាម​សា ប៊ិន​ឡា​ដិ​ន ត្រូវបាន​គេ​រាយការណ៍​ថា បាន​បញ្ចេញ​សារ​ជា​ខ្សែអាត់​សំឡេង​មួយ ដោយ​ទទូច​ឲ្យ​ក្រុម​ជ្រុលនិយម​ក្នុងប្រទេស​ស៊ី​រី​រួបរួមគ្នា​ចូល​ប្រយុទ្ធ ក្នុង​គោលដៅ​ទាមទារ​សេរីភាព​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​។ ចំណែកឯ​ក្នុង​សារ​ដោយឡែក​មួយទៀត កាលពី​ឆ្នាំមុន ដោយ​ដើរ​តាម​គន្លង​របស់​ឳ​ពុក​ខ្លួន ហាម​សា បាន​ទទូច​ឲ្យ​មានការ​ផ្តួលរំលំ​មេដឹកនាំ​ក្នុង​អា​រ៉ា​ប៊ី​សា​អូឌីត​ថែម​ទៀតផង​៕

Tag:
 សហរដ្ឋអាមេរិក​
  អាល់​កៃ​ដា
© រក្សាសិទ្ធិដោយ thmeythmey.com