អន្តរជាតិ
វិបត្តិវ៉េណេស៊ុអេឡា៖ UNSC មិនអាចចេញដំណោះស្រាយបាន ព្រោះរុស្ស៊ីនិងអាមេរិកវ៉េតូគ្នាទៅមក តំណាងអាមេរិកសម្រាប់កិច្ចការវ៉េណេស៊ុយអេឡា Elliot Abrams (រូបឈរ) ជជែកជាមួយតំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Visaly Nebenzya (រូបបែរខ្នង)ក្នុងសាលក្រុមប្រឹក្សាសន្តិសុខ (រូបភាព AFP)
× ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចអនុម័តដំណោះស្រាយអ្វីបានឡើយជុំវិញវិបត្តិនៅវ៉េណេស៊ុយអេឡា ដ្បិតមហាអំណាចធំៗដែលកាន់ជើងភាគីជម្លោះផ្សេងគ្នា បោះឆ្នោតប្រឆាំងសេចក្ដីព្រាងដំណោះស្រាយគ្នាទៅមក។ តំណាងរុស្ស៊ីដែលគាំទ្ររដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌុយរ៉ូ ចោទអាមេរិកថា យកវេទិកានេះដើម្បីត្រៀមអន្តរាគមន៍យោធានៅវ៉េណេស៊ុយអេឡា។ ឯតំណាងអាមេរិកវិញ រិះគន់ប្រទេសប្រឆាំងសំណើខ្លួន ដោយមិនគិតពីប្រជាជនវ៉េណេស៊ុយអេឡាសោះ។
រុស្ស៊ីដែលប្រកាសគាំទ្ររបបដឹកនាំលោក នីកូឡាស់ ម៉ាឌុយរ៉ូ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ (UNSC) ដែលស្នើដោយអាមេរិកអំឡុងពេលកិច្ចប្រជុំថ្ងៃទី២៨ ខែកុម្ភៈ ខណៈសេចក្ដីព្រាងរបស់រុស្ស៊ីមិនទទួលបានសំឡេងគ្រប់គ្រាន់ឡើយ។ បរាជ័យក្នុងការអនុម័តសេចក្ដីព្រាងណាមួយ ជាសញ្ញានៃការបែងចែករវាងមហាអំណាចពិភពលោក ដែលប្រកាន់ជំហរខុសគ្នា ហើយគាំទ្រភាគីជម្លោះនៅវ៉េណេស៊ុយអេឡាផ្សេងគ្នាផង។
ដំណោះស្រាយរបស់អាមេរិក ស្នើឲ្យមានការបោះឆ្នោតនៅវ៉េណេស៊ុយអេឡាឡើងវិញ និងបើកផ្លូវដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រជាជន។ សេចក្ដីព្រាងនេះ ទទួលបានសំឡេងគាំទ្រចំនួន៩ ពីសមាជិកទាំង១៥ ប្រទេស ប៉ុន្តែរុស្ស៊ី និងចិនដែលជាសមាជិកអចិន្ត្រៃយ៍ ប្រើអំណាចវ៉េតូជំទាស់។ អំណាចវ៉េតូទាំងពីរនេះ គ្រប់គ្រាន់ដើម្បីបញ្ចប់សំណើរបស់អាមេរិក ទោះជាប្រមូលសំឡេងគាំទ្រចំនួន៩ តាមការកំណត់ក្ដី។
ចំណែកសេចក្ដីព្រាងដំណោះស្រាយរបស់រុស្ស៊ីវិញ មានបញ្ចូលការដោះស្រាយបញ្ហាតាមផ្លូវនយោបាយ និងតួនាទីរបស់រដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ ក្នុងការទទួលជំនួយមនុស្សធម៌។ ខុសពីសេចក្ដីព្រាងរបស់អាមេរិក សេចក្ដីព្រាងលើកឡើងដោយរុស្ស៊ី មិនទទួលបានសំឡេងគ្រប់គ្រាន់ឡើយ ពោលគឺមានសមាជិកគាំទ្រទាំងអស់ចំនួន៤ ប្រទេសប៉ុណ្ណោះ។ លទ្ធផលបែបនេះ មិនចាំបាច់អាមេរិកវ៉េតូក៏ចេញមិនរួចដែរ។ ប៉ុន្តែអាមេរិក និងប្រទេសខ្លះទៀតនៅតែបោះឆ្នោតប្រឆាំងដដែល។
ថ្លែងក្រោយការបោះឆ្នោត តំណាងអាមេរិកសម្រាប់កិច្ចការវ៉េណេស៊ុអេឡា Elliott Abrams ក៏ពន្លះរុស្ស៊ី និងចិនធ្ងន់ៗ និងចោទប្រទេសទាំងនោះថា បន្តឈរពាំងលោក ម៉ាឌុយរ៉ូ និងបក្សពួក ហើយអូសបន្លាយការឈឺចាប់របស់ប្រជាជនវ៉េណេស៊ុយអេឡា។ ជាមួយនឹងលទ្ធផលការបោះឆ្នោតវិញ មន្ត្រីអាមេរិករូបនេះ ពេញចិត្តខ្លាំងទោះមិនអាចឆ្លងផុតក្ដី ហើយអះអាងថា ភាគច្រើននៃសមាជិកក្រុមប្រឹក្សាសន្តិសុខឈរខាងអាមេរិក។
តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ ក៏មិនស្ងៀមដែរពេលអាមេរិករិះគន់ខ្លួនមិនដាក់មាត់បែបនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Vassily Nebenzia ចោទអាមេរិកថា ផ្ដួចផ្ដើមសេចក្ដីព្រាងដំណោះស្រាយដែលមានន័យផ្លាស់ប្ដូររបបដឹកនាំនៅវ៉េណេស៊ុយអេឡា ក្រោមរូបភាពជាការយកចិត្តទុកលើប្រជាជនស៊ីវិល។ បើតាមមន្ត្រីទូតរុស្ស៊ី អាមេរិកធ្លាប់ធ្វើទង្វើបែបនេះនៅអ៊ីរ៉ាក់ លីប៊ី អាហ្វហ្គានីស្ថាន និងស៊ីរីរួចហើយ៕
Tag:
UNSC
អាមេរិក
រុស្ស៊ី
វ៉េណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com