ជាតិ
សម្ដេច ហ៊ុន សែន ៖ «​ខ្ញុំ​ដើរ​ដល់​អភិក្រម​ទី​៥​ហើយ​»! មន្ត្រី​ណា ដែល​បំផ្លាញ​ផលប្រយោជន៍​ពលរដ្ឋ ត្រូវតែ​វះកាត់​
01, Mar 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ គ្មាន​ឡើយ​ការលើកលែង ឬ​អនុគ្រោះ សម្រាប់​មន្ត្រី​ដែល​ធ្វើ​ខុស​អភិក្រម​ទាំង​៥​របស់​សម្ដេច ហ៊ុន សែន ។ បើ​ពួកគេ​ធ្វើ​ខុស​ធ្ងន់​នោះ នឹង​ប្រឈម​ការដក​ចេញពី​តំណែង ដោយ​គ្មាន​ការយោគយល់​។​

 
«​ខ្ញុំ​ដើរ​ដល់​អភិក្រម​ទី​៥»! ដែល​ចាំបាច់​ត្រូវតែ​វះកាត់​ហើយ​។ នេះ​ជាការ​ប្រកាស​របស់​សម្ដេច ហ៊ុន សែន ដែល​ព្រមាន​កម្ចាត់​មន្ត្រីរាជការ​ណា បំផ្លាញ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ សម្រាប់​សម្ដេច ហ៊ុន សែន ការអភិវឌ្ឍ​ប្រទេស គឺ​គ្មាន​ការយោគយល់​ដល់​មន្ត្រី ដែល​នាំទុក្ខ និង​រារាំង​ដល់​ដំណើរការ​របស់​រដ្ឋាភិបាល​ឡើយ​។​
 
​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ នៅក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ សម្ដេច ហ៊ុន សែន បាន​ព្រលយ​សម្តី​ព្រមាន​ជាថ្មី​ថា មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស គឺ​ត្រូវ​ទទួលរង​ពិន័យ​ដាក់ទោស​តាមច្បាប់ ហើយ​សូម្បី​តែមាន​ឋានៈ​ជា​ផ្កាយ ឬ​ជា​ព្រះ​ខែ ក៏ត្រូវ​តែ​ដក​ចេញពី​ដំណែង​ដែរ​។​



 
«​យើង​ត្រូវ​ធ្វើដំណើរ​ទៅដោយ​ស្វាហាប់ ហើយ​យើង​ត្រូវតែ​យកចេញ​ពី​ក្នុង​ស្បែកជើង​របស់​យើង ជា​គ្រាប់​គ្រួស​ក៏ដោយ ខ្សាច់​ក៏ដោយ ត្រូវយក​ចេញពី​ជើង​របស់​យើង​ឲ្យ​អស់​។ បើ​មិន​ដូច្នោះ​ទេ យើង​មិនអាច​ដើរ​មុខ​រួច​នោះទេ ហើយ​វា​ក៏​នាំ​ឲ្យ​ពង​ជើង​របស់​យើង ឈឺ​ជើង​របស់​យើង​។ ខ្ញុំ​ចង់​និយាយថា មន្ត្រីរាជការ​ណា ដែល​ធ្វើ​ផ្ដេសផ្ដាស​ត្រូវតែ​ទទួល​នូវ​វិន័យ ដែល​ពួកគេ​ត្រូវ​ទទួល​ការបណ្ដេញចេញ ឬ​ត្រូវ​ទទួល​វិន័យ​ជាង​នេះ តាមរយៈ​ការផ្ដន្ទាទោស​ដោយ​ច្បាប់​»​។ នេះ​ជាការ​បញ្ជាក់​ជំហរ​យ៉ាង​មុតមាំ​របស់​នាយករដ្ឋមន្ត្រី​។​
 
​អម​ជាមួយ​សម្ដី​ខាងលើ​ប្រមុខ​រដ្ឋាភិបាល ប្រកាស​ដាច់​ណាត់​ថា ការអនុវត្ត​អភិក្រម​ទី​៥​នេះ គឺជា​ជំហាន​វះកាត់​រាល់​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ធ្វើ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ ដូច្នេះ​ការវះកាត់​នេះ គឺ​សម្ដេច នឹង​វាយ​កម្ចាត់​ទាំងអស់ មិន​ថា​ជា​សត្វ​ខ្លា ពស់ កណ្ដុរ ឬ​រុយ ដែល​បំផ្លាញ​ផលប្រយោជន៍​ពលរដ្ឋ​ឡើយ​។​
 
​តាមរយៈ​ការអនុវត្ត​អភិក្រម​ទី​៥​នេះ សម្ដេច ហ៊ុន សែន ក៏បាន​ដកតំណែង​ភ្លាម​ពី​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជា​អ្នកទទួល​បញ្ជា​ចុះទៅ​អន​វុត្ត​ដីកា​របស់​តុលាការ​កំពូល ដែល​បានសម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្នះក្តី​លើ​ប្រជាពលរដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ការដក​មន្ត្រី​ទាំងពីរ​រូបនេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្ទុះ​ហិង្សា​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ ដែល​ទៅ​តវ៉ា​រឿង​ដីធ្លី​នេះ ហើយ​បង្ក​ឲ្យ​មាន​ពលរដ្ឋ​ម្នាក់​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង​។ មិន​ត្រឹមតែ​បញ្ចប់​តំណែង​ទេ សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​លើ​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំងពីរ​រូបនេះ​ទៀតផង​។ ដោយឡែក​មេបញ្ជាការ​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ពលរដ្ឋ​តវ៉ា​នោះ ក៏​ស្ថិតនៅក្នុង​ការតាមដាន​ដែរ​។​
 
​ក្រៅពី​បញ្ចប់​តំណែង​នេះ សម្ដេច ហ៊ុន សែន ក៏​សម្រេច​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ តាមរយៈ​ការដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ជម្លោះ​នោះ យកមក​បង្វែរ​ជា​ដី​សម្បទាន​សង្គមកិច្ច ចែកជូន​ពលរដ្ឋ​រង​គ្រោះ​ទាំងនោះ​វិញ​។ វា​ជា​អនុវត្តតាម​អភិក្រម​ទាំង​៥ ដែល​សម្ដេច ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ចេញ​ប្រាប់​ថ្នាក់ដឹកនាំ​ទាំងអស់​ឲ្យ «​ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និង​វះកាត់​»៕
 

Tag:
 ​ហ៊ុន សែន​
  មន្ត្រីរាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com