ជាតិ
សង្គមជាតិ
អ្នកជំនាញ​៖«​ការហាម​ប្រើ​សម្ភារ​ប្លា​ស្ទិ​ក​ទាំងស្រុង​មិនមែន​ដំណោះស្រាយ​សមស្រប​សម្រាប់​កម្ពុជា​ទេ​ពេលនេះ​»
01, Mar 2019 , 7:19 pm        
រូបភាព
​កំណើន​សំណល់​ប្លា​ស្ទិ​កជាប​ញ្ហា​ប្រឈម​ធំ​សម្រាប់​កម្ពុជា ដែល​វា​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​បន្ទាន់​។ បច្ចុប្បន្ន​មានការ​ការ​ផ្តល់យោបល់​ឲ្យ​មានការ​អនុវត្ត​វិធានការ​ហាមឃាត់​ទាំងស្រុង​លើ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ថែមទៀត​។ ប៉ុន្តែ​អ្នកជំនាញ​យល់ថា ការហាមឃាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ទាំងស្រុង​មិន​សមស្រប​ឡើយ​ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន​។​


 
«​យើង​មិនទាន់​អាចអនុវត្ត​វិធានការ​ហាមឃាត់​ប្លា​ស្ទិ​ក​បានឡើយ​។ ប៉ុន្តែ​វា​អាចទៅរួច​នៅពេល​អនាគត​»​។ នេះ​ជាការ​លើកឡើង​របស់លោក នី ផល្លី អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នៃ​ក្រសួងទេសចរណ៍ នា​កិច្ចពិភាក្សា​អាហារ​ពេលព្រឹកស្តីពី «ផលប៉ះពាល់នៃសំណល់​ប្លាស្ទិក និងដំណោះស្រាយ» ​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham Cambodia) នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​នៅ​ព្រឹក​ថ្ងៃ​២៨ ខែកុម្ភៈ​។​
 
​អគ្គលេខាធិការរង​រូបនេះ​បាន​ពន្យល់​បន្ថែម​ដែរ​ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​វិធានការ​ជំរុញ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តាមរយៈ​ការគិត​លុយ​ថ្លៃ​ថង់​ប្លា​ស្ទិ​ករួច​រាល់​ហើយ ហើយ​លោក​ជឿជាក់ថា ការបន្ត​តាមដាន​បន្ថែម​ពី​ការប្រែប្រួល​នៃ​ឥរិយាបថ​របស់​ប្រជាជន​ជា​រឿង​ចាំបាច់​។ 


វាគ្មិននាវេទិកាពិភាក្សាអាហារពេលព្រឹកស្តីពីប្រធានបទគ្រប់គ្រងសំណល់ប្លាស្ទិក រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាថ្ងៃ ២៨ ខែកុម្ភៈ
 
​កាល​ខែមេសា​ពី​ឆ្នាំ ២០១៨ ក្រសួងបរិស្ថាន​កម្ពុជា​បាន​ដាក់ចេញ​បទបញ្ញត្តិ​ថ្មី​ដែល​គ្រប់គ្រង​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កដោយ​តម្រូវ​ឲ្យ​ផ្សារ​ធំៗ​ដូចជា ឡាក់​គី និង Aeon គិត​តម្លៃបន្ថែម ១០​សេន​ឬ ៤០០​រៀល​សម្រាប់​ថង់​មួយ​។ ក្រសួង​ក៏​កំពុង​ពិចារណា​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​កាបូប ជំនួស​ថង់​ប្លា​ស្ទិ​ក​ផងដែរ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ឌិន សុមេធា​រិ​ទ្ធ នាយក​ប្រតិបត្តិ​សណ្ឋាគារ Frangipani Villa និង​ជា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បានបង្ហាញ​ឯកភាព​ថា ការហាម​ប្រាម​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ទាំងស្រុង​មិនមែនជា​ដំណោះស្រាយ​សមស្រប​ទេ​។ 
 
​ផ្ទុយទៅវិញ​លោក​គាំទ្រ​ចំណាត់​ការយកថ្លៃ​បន្ថែម​លើ​ការប្រើ​ថង់​ប្លា​ស្ទិ​ក ដែល​កម្ពុជា​កំពុង​អនុវត្ត​បច្ចុប្បន្ន ដ្បិត​វា​មាន​ប្រសិទ្ធភាព​រួចទៅហើយ ក្នុងការ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​ក្នុងការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​។ លោក​ក៏​រំពឹងថា ការអនុវត្ត​វិធានការ​នេះ​នឹង​ឈានដល់​ការ​ទីផ្សារ​តូចៗ​នៅពេល​ខាងមុខ​។​
 
«​វា​មិនបាច់​មានការ​ហាមប្រាម​ទាំងស្រុង​លើ​ប្លា​ស្ទិ​ក​ទេ​។ យើង​ឃើញ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​រួចហើយ​ក្នុងចំណោម​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ក្រោយ​មាន​ការយកថ្លៃ​បន្ថែម​លើ​ថង់​ប្លា​ស្ទិ​ក​។ ជាធម្មតា​ទេ ឲ្យ​តឹង​ពេក​វា​ដាច់​។ ដូច្នេះ​វា​ចាំបាច់​ត្រូវធ្វើ​សន្សឹមៗ​។ ឥឡូវ​ការអនុវត្ត​ការយក​តម្លៃបន្ថែម​ធ្វើ​នៅ​ផ្សារ​ទំនើប​ធំៗ បន្តិចទៀត​វា​នឹង​អាចមាន​ការអនុវត្ត​លើ​ទីផ្សារ​តូចៗ​ផ្សេងទៀត​ដែរ​»​។ លោក សុមេធា​រិ​ទ្ធ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ 
 
​ចំណែក​លោកស្រី Marianne Teoh ប្រធាន​គម្រោង​អភិរក្ស​តំបន់​សមុទ្រ​និង​ឆ្នេរ​នៃ​អង្គការ Fauna and Flora International ក៏​យល់ឃើញ​ស្រដៀង​គ្នា​ដែរ​ថា ក្នុងស្ថានភាព​បច្ចុប្បន្ន វិធានការ​ហាមប្រាម​សំណល់​ប្លា​ស្ទិ​ក​ទាំងស្រុង​ប្រហែល​មិនមែន​ដំណោះស្រាយ​ល្អប្រសើរ​សម្រាប់​កម្ពុជា​ទេ​។​
 
​អ្នកជំនាញ​រូបនេះ​ពន្យល់​បន្ថែម វា​មិនអាច​ប្រកែក​បានឡើយ​ដែលថា ប្លា​ស្ទិ​កមាន​តួនាទី​សំខាន់​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ដោយសារ​គ្មាន​ផលិត​ផ្សេងទៀត​សម្រាប់​ប្រើប្រាស់​ជំនួស​។ ជារួម បើ​គ្មាន​ការសិក្សា​លម្អិត​ទេ ការអនុវត្ត​វិធានការ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ថែមទៀត​។​
 
«​ខ្ញុំ​គិតថា វា​ពិតជា​ចាំបាច់​ត្រូវមាន​វិធាន​ច្បាប់​តឹងរ៉ឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្លា​ស្ទិ​ក​។ ប្លា​ស្ទិ​ក​នៅតែមាន​តួនាទី​វិជ្ជមាន​ក្នុង​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ក្នុង​សហគមន៍​នានា​។ ជារួម ប្រជាជន​ជាច្រើន​នៅ​ពឹងពាក់​លើ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ត្បិត​មិនមាន​អ្វី​ផ្សេង​ប្រើប្រាស់​ជំនួស​ប្លា​ស្ទិ​ក​នៅឡើយ​។ ដូច្នេះ វា​ប្រហែលជា​ប៉ះពាល់​ដល់​វិស័យ​ច្រើន​ទៀត បើ​យើង​ហាមឃាត់​ប្លា​ស្ទិ​ក​ទាំងស្រុង​។ ធម្មតា​ទេ ការអនុវត្ត​ចំណាត់ការ​ភ្លាមៗ ដោយ​មិនបាន​រៀបចំ​ជាមុន​គ្រប់​ជ្រុងជ្រោយ និង​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​នឹង​ប​ង្កើ​ឲ្យ​មាន​បញ្ហា​ច្រើន​»​។ លោកស្រី Marianne បាន​បកស្រាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៕ 
 

Tag:
 ​ប្លា​ស្ទិ​ក​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com