អន្តរជាតិ
លោក គីម ធ្វើទស្សនកិច្ចនៅវៀតណាម ក្រោយជំនួបជាមួយលោក ត្រាំ បរាជ័យ លោក គីម ជុងអ៊ុន និងលោក ង្វៀន ភូជុង ត្រួតពលនៅវិមានប្រធានាធិបតីនៅរដ្ឋធានីហាណូយថ្ងៃ ១ ខែមីនា (AFP)
× មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១ ខែមីនា បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្លួននៅវៀតណាម។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមួយថ្ងៃក្រោយជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើងបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីសោះ។ នៅវៀតណាម លោក គីម ទំនងជាពិនិត្យមើលគំរូអភិវឌ្ឍប្រទេសរបស់រដ្ឋអាស៊ីអាគ្នេយ៍មួយនេះ ដែលត្រូវលោក ដូណាល់ ត្រាំ ចាត់ទុកជាមេរៀនដែលកូរ៉េខាងជើងអាចរៀនសូត្របាន។
លោក គីម ជុងអ៊ុន ប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយប្រធានាធិបតីវៀតណាម ង្វៀន ភូជុង នៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានីហាណូយនៅថ្ងៃទី១ ខែមីនា។ នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់មេដឹកនាំកូរ៉េខាងជើងនៅវៀតណាមក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ វៀតណាម ជាប្រទេសទីពីរប៉ុណ្ណោះបន្ទាប់ពីចិន ដែលលោក គីម ធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋបែបនេះ។
វៀតណាម ត្រូវបានគេមើលឃើញថា ជាឧទាហរណ៍ដ៏ស័ក្តិសមសម្រាប់កូរ៉េខាងជើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ វៀតណាមដែលធ្លាប់ក្រីក្រអត់ឃ្លាន ប្រែមុខមាត់ទៅជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនមួយក្នុងតំបន់ បន្ទាប់ពីការបើកចំហទីផ្សាររបស់ខ្លួនតាមរយៈការអនុវត្តគោលនយោបាមូលធននិយមក្នុងវិស័យសេដ្ឋកិច្ច តែបន្តអនុវត្តប្រព័ន្ធនយោបាយឯកបក្សដដែល។ ប្រព័ន្ធដឹកនាំបែបនេះ គឺជាអ្វីដែលសមស្របសម្រាប់លោក គីម ។
ទស្សនកិច្ចរបស់លោក គីម នៅវៀតណាម ធ្វើឡើងមួយថ្ងៃក្រោយជំនួបរវាងលោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ចប់ទៅ។ ជំនួបលើកទីពីរនេះ មិនមានលទ្ធផលផ្លែផ្កាអ្វីឡើយ ដោយភាគីទាំងពីរមិនយល់ស្របគ្នាលើបញ្ហាដកទណ្ឌកម្ម។ លោក ត្រាំ និយាយថា កូរ៉េខាងជើងចង់ឲ្យអាមេរិកលើកទណ្ឌកម្មទាំងស្រុង ជាថ្នូរនឹងការបិទទីតាំងនុយក្លេអ៊ែរ Yongbyon ប៉ុន្តែកូរ៉េខាងជើងលើកឡើងថា ខ្លួនចង់ឲ្យលើកលែងមួយផ្នែកប៉ុណ្ណោះ៕
Tag:
វៀតណាម
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com