សិង្ហបុរី ត្រូវបានមើលឃើញថា កំពុងពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ ថវិកាការពារជាតិរបស់ប្រទេសដែនកោះមួយនេះ ត្រូវបានបង្កើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៩ នេះ ហើយបន្តកើនឡើងទៀតនៅមួយទសវត្សរ៍បន្ទាប់។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិ អ៊ឹង អេងហេន នៅថ្ងៃទី១ ខែមីនា។ សិង្ហបុរី ក៏គ្រោងទិញសព្វាវុធថ្មីៗដើម្បីជំនួយអាវុធចាស់ទាំងក្នុងជួរជើងទឹក ជើងគោក និងជើងអាកាស។
សម្រាប់ឆ្នាំ២០១៩ ថវិកាលើវិស័យការពារជាតិ នឹងកើនដល់ចំនួន១៥,៥ពាន់លានដុល្លារសិង្ហបុរី ដែលឆ្នាំ២០១៨ មានតែ១៤,៨ពាន់លានដុល្លារសិង្ហបុរីប៉ុណ្ណោះ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ ហេង ស្វីគៀត នាពេលថ្មីៗនេះ។
ការកើនឡើងកញ្ចប់ថវិកាយោធានេះ ជារឿងចាំបាច់ក្នុងការអភិវឌ្ឍកងទ័ពសិង្ហបុរីឲ្យមានប្រសិទ្ធភាព និងសមត្ថភាពការពារប្រទេស។ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី អ៊ឹង អេងហេន និយាយបែបនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការសភានៅថ្ងៃទី១ ខែមីនា។ បើតាមលោក អ៊ឹង ការវិនិយោគជាបន្តបន្ទាប់ ជាតម្រូវការក្នុងការពង្រឹងសមត្ថភាពយោធាដើម្បីការពារផលប្រយោជន៍ជាតិ និងរក្សាសុវត្ថិភាពសម្រាប់ប្រជាជនសិង្ហបុរីជំនាន់ក្រោយ។
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរិ អ៊ឹង អេងហេន
ប្រមុខការពារជាតិរូបនេះនិយាយថា វិស័យការពារជាតិពិសេសសម្រាប់ប្រទេសតូចដូចជាសិង្ហបុរី ជារឿងសំខាន់។ ក្នុងន័យនេះ លោកក៏បញ្ចេញផែនការអភិវឌ្ឍអង្គភាពទ័ពទាំងបីរបស់សិង្ហបុរីដើម្បីទប់ទល់ការគំរាមទាំងអស់ក្នុងសតវត្សរ៍ទី២១នេះ។ លោក អ៊ឹង អះអាងថា បើសិង្ហបុរីនៅតែបន្តបោះទុនលើវិស័យការពារជាតិ ហើយកងទ័ពទាំងអស់អាចរក្សាការប្ដេជ្ញាចិត្តការពារប្រទេស នោះអនាគតរបស់មនុស្សជំនាន់ក្រោយ នឹងត្រូវបានធានា។
ស្របតាមទិសដៅលើកកម្ពស់សមត្ថភាពយោធាជាតិ សិង្ហបុរីនឹងទិញយុទ្ធោបករណ៍ថ្មីសម្រាប់ប្រើប្រាស់ក្នុងជួរកងទ័ពទាំងបីប្រភេទរបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីប្រាប់កិច្ចប្រជុំសភាថា ដំណើរការធ្វើទំនើបកម្មយោធាជំនាន់ក្រោយសំដៅទប់ការគំរាមកំហែង កំពុងធ្វើឡើងដោយរលូន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewsAsia ។
សម្រាប់ទ័ពអាកាស សិង្ហបុរីនឹងទិញយន្តហោះចម្បាំងស៊េរី F-35 ពីអាមេរិកដើម្បីជំនួសយន្តហោះ F-16 ដែលនឹងចូលនិវត្តន៍។ បើតាមរដ្ឋមន្ត្រីការពារជាតិដដែល សិង្ហបុរីនឹងទិញយន្តហោះ F-35 ចំនួន៤គ្រឿងសិន ដើម្បីប្រើប្រាស់ មុននឹងសម្រេចចិត្តតាមក្រោយថា ត្រូវទិញថែម៨គ្រឿងទៀតឬអត់។ សិង្ហបុរីនឹងសរសេរសំណើទៅអាមេរិកនៅពេលខាងមុខ ខណៈតម្លៃពិតប្រាកដសម្រាប់យន្តហោះមួយគ្រឿង មិនទាន់ត្រូវបានកំណត់ឡើយ ខណៈតម្លៃសព្វថ្ងៃមានពី៩០លានដុល្លារទៅ១១៥លានដុល្លារអាមេរិក។
ងាកទៅកម្លាំងជើងទឹកវិញ បុរីរដ្ឋមួយនេះ នឹងនាំចូលនាវាចម្បាំង និងនាវាមុជទឹកថ្មីៗបន្ថែមទៀតដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន។ នៅពេលខាងមុខ សិង្ហបុរីនឹងទទួលនាវាមុជទឹកថ្នាក់ Invincible ចំនួនបួនគ្រឿង។ ថ្មីៗនេះ នាវាមុជទឹកមួយគ្រឿង ក្នុងចំណោមបួនគ្រឿង ត្រូវបានដាក់ឲ្យប្រើប្រាស់នៅឯអាល្លឺម៉ង់ ហើយទៅសិង្ហបុរីឆាប់នេះ ខណៈបីគ្រឿងនៅសេសសល់ ស្ថិតក្រោមការសាងសង់នៅឡើយ។ លោក អ៊ឹង រំពឹងថា សិង្ហបុរីមាននាវាមុជទឹកទាំងបួននៅត្រឹមឆ្នាំ២០២៥ ។
នាវាមុជទឹកថ្នាក់ Invincibles ដែលសិង្ហបុរីទិញពីអាល្លឺម៉ង់ (រូបភាពពីហ្វេសប៊ុក Ng Eng Hen)
ដូចគ្នានឹងអង្គភាពជើងទឹក និងជើងអាកាសដែរ កងទ័ពជើងគោកសិង្ហបុរី នឹងទទួលយុទ្ធោបករណ៍ថ្មីៗដើម្បីជំនួយអាវុធចាស់ៗ។ រថពាសដែកធុន MI13 នឹងត្រូវជំនួសដោយរថពាសដែកស៊េរីក្រោយដែលទំនើបជាង ហើយនឹងរក្សាតួនាទីស្នូលក្នុងអង្គភាពគ្រឿងយន្តរបស់កងទ័ពបន្តទៀត។ រដ្ឋមន្ត្រីការពារជាតិ អ៊ឹង អេងហេន និយាយថា យោធាជំនាន់ក្រោយៗ ដែលប្រដាប់ដោយអាវុធពេញលេញ នឹងការពារសិង្ហបុរីសម្រាប់មនុស្សជំនាន់ក្រោយ៕