កីឡាអន្តរជាតិ
អន្តរជាតិ
Son និង Pochettino ឈ្នះ​ពាន​កីឡាករ​និង​គ្រូ​ឆ្នើម​ប្រចាំឆ្នាំ​នៅ Premier League
01, Mar 2019 , 5:59 pm        
រូបភាព
Son Heung-min ខ្សែបម្រើ​ក្រុម Tottenham Hotspur បាន​ក្លាយជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំក្នុង​ក្របខណ្ឌ Premier League ក្នុង​កម្មវិធី London Football Awards ដែល​រៀបចំឡើង​ក្នុង​ក្រុង​ឡុង​ដ៏ នៅ​រាត្រី​ថ្ងៃទី​២៨ ខែកុម្ភៈ​។ អ្នកចាត់ការ​ទូទៅ​លោក Mauricio Pochettino ក៏​ជាប់​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​ផងដែរ​។​


 
​សមាជិក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​រូបនេះ បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់​សម្រាប់ Spurs នៅ​រដូវ​កាល​នេះ ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី ១៦​គ្រាប់ និង​បញ្ជូន​ឲ្យ​ដៃគូ​សម្រេច​ទី​៩​លើក​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៣៤​ប្រកួត​។​
 
Son អាយុ​២៦​ឆ្នាំ ដែល​បាន​ជួយ​ជ​ម្រើ​ជាតិ​ខ្លួន​ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​២០១៨ ទទួល​សំឡេងឆ្នោត​នាំមុខ​មិត្ត​រួម​ក្រុម Harry Kane ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal និង Eden Hazard ខ្សែបម្រើ Chelsea ដើម្បី​ឈ្នះ​ពានរង្វាន់​ប្រចាំឆ្នាំ​សម្រាប់​កីឡាករ​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នេះ​។ កម្មវិធី London Football Awards នេះ​រៀបចំឡើង ដើម្បី​ផ្តល់​រង្វាន់​សម្រាប់តែ​កីឡាករ​ដែល​លេង​នៅក្នុង​មូលដ្ឋាន​ទីក្រុង​ឡុង​ដ៏​ប៉ុណ្ណោះ​។​
 
​ដោយឡែក​គ្រូ​របស់ Son លោក Pochettino ក៏​ត្រូវបាន​បោះឆ្នោត ដើម្បី​ក្លាយជា​ម្ចាស់​ពាន​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ប្រចាំឆ្នាំ​ផងដែរ បើ​ទោះ​មិនអាច​ដឹកនាំ​ក្រុម​ឈ្នះ​ពាន​ក្តី​។​
 
​ក្រៅពី​ពានរង្វាន់​នេះ ក៏​មានការ​ផ្តល់ជូនពាន​សម្រាប់​កីឡាករ​ឆ្នើមៗ​ដទៃទៀត​ជាច្រើនរូប​ផងដែរ​ដូចជា​៖
 
-​ ​Declan Rice ខ្សែបម្រើ​ក្រុម West Ham ឈ្នះ​ពាន​កីឡាករ​វ័យក្មេង​ល្អ​ប្រចាំឆ្នាំ​



-​ ​Andros Townsend ខ្សែបម្រើ Crystal Palace ឈ្នះ​ពាន​គ្រាប់​បាល់​ល្អ​ប្រចាំឆ្នាំ​



-​ ​Ben Foster អ្នកចាំទី​ក្រុម Watford ឈ្នះ​ពាន​អ្នក​ចាំ​ល្អ​ប្រចាំឆ្នាំ​
 
-​ ​Neal Maupay ខ្សែប្រយុទ្ធ​ក្រុម Brentford ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំឆ្នាំ​នៅ EPL Cup



-​ ​Vivianne Miedema កីឡាការិនី​ក្រុម Arsenal ឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​៕



Tag:
 បាល់ទាត់​
  Son Heung-min
  Mauricio Pochettino
  London Football Awards
© រក្សាសិទ្ធិដោយ thmeythmey.com