រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ទីតាំង​បង្កើត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី
ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​មិនទាន់​បង្ហាញ​ទីតាំង​បង្កើត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី
01, Mar 2019 , 10:19 pm        
រូបភាព
លោក ជា សុផារ៉ា ដឹកនាំប្រជុំ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជំវិញគម្រោងបង្កើតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ រូបពីក្រសួងដែនដី
លោក ជា សុផារ៉ា ដឹកនាំប្រជុំ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជំវិញគម្រោងបង្កើតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ រូបពីក្រសួងដែនដី
​រាជរដ្ឋាភិបាល គ្រោង​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទំហំ​ដី​២៦០០​ហិកតា ស្ថិតនៅ​ខេត្តកណ្ដាល​និង​ខេត្តតាកែវ​។ នេះ​បើ​យោងសេចក្តី​ប្រកាស​ព័ត៌មាន ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។​

 
​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល ស​ម្រ​ច​បង្កើត​អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត 4F លើ​ផ្ទៃដី​ទំហំ ២៦00​ហិកតា ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​និង​ខេត្តតាកែវ​»​។ ប៉ុន្តែ​សេចក្តីប្រកាស​ព័ត៌មាន ពុំបាន​បញ្ជាក់ថា ស្ថិតក្នុង​ស្រុក​ឬ​តំបន់​ណាមួយ នៃ​ខេត្តកណ្តាល​និង​ខេត្តតាកែវ​នោះទេ​។ 
 
​ចំណែក លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែន សុំ​មិន​បកស្រាយ​អ្វី​ទាំងអស់​។ លោក និយាយ​យ៉ាងខ្លី​ថា​៖«​សួរ​ខ្ញុំ​ក៏​អត់​មានអី​លើស​ហ្នឹង​ដែរ​។ សរសេរ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ហ្នឹង​ទៅ​»​។ 
 
​យ៉ាងណាក៏ដោយ កាលពីដើមឆ្នាំ​២០១៩​នេះ លោក ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) និង​លោក ហ៊ូ ហ៊ួ​យ​ប៉ាង ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន (CDB) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ថ្មី នៅ​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ គម្រោង​នេះ សាងសង់ឡើង ដែលមាន​ផ្ទៃដី​ទំហំ​២៦០០​ហិកតា​នេះ មាន​ទុនវិនិយោគ​១៥០០​លាន​ដុល្លារ​។  
 
​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​កិច្ចប្រជុំ គណៈកម្មការ បានសម្រេច​ឲ្យ​ក្រុមការងារ​ចុះ​កំណត់​ទីតាំង​បោះបង្គោល​ព្រំ កំណត់​តំបន់​លំនៅដ្ឋាន និង​កម្ពស់​អគារ រៀបចំ​ប្លង់​លម្អិត និង​ប្លង់​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​។ គណៈកម្មការ ក៏បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តកណ្តាល និង​ខេត្តតាកែវ និង​អគ្គនាយកដ្ឋាន​សុរិយោដី ត្រូវ​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ ដែលមាន​ដី​នៅក្នុង​ទីតាំង​គម្រោង​ឲ្យ​បានច្បាស់លាស់ ដោយ​ផ្អែក​ទៅតាម​ការកាន់កាប់​ជាក់ស្តែង និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​។ ជំហាន​បន្ទាប់ តាម​ការចាំបាច់ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ចរន្ត​ការ​ដី​ស្ថិតក្នុង​ទីតាំង ដែល​បង្ក​ការលំបាក និង​រាំងស្ទះ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​។​
 
​លោក ជា សុផារ៉ា ក៏បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ គិតគូរ​ជាមុន​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជាអាទិ៍ ការ​បង្កប់​បំពង់​ហ្គាស បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​លូ ខ្សែកាប​អុ​ប​ទិ​ក អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ឲ្យ​បាន​ត្រឹមត្រូវ​មុន​បង្ហូរ​ចូល​លូ​សាធារណៈ អង់​តែ​ន​ទូរ​សព្ទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី​ផ្សេងទៀត ចៀសវាង​រៀបចំ​តាម​ក្រោយ​ដែល​បង្ក​ឲ្យ​ខូចខាត​ដល់​ផ្លូវថ្នល់ ជាពិសេស ប្រព័ន្ធ​ការពារ និង​រំដោះ​ទឹកជំនន់​៕ 
 

Tag:
 ​កម្ពុជា​
  អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com