ជាតិ
សង្គមជាតិ
ADB ផ្ដល់ជំនួយ​៨៧​លាន​ដុល្លារ ដល់​ក្រសួង​ការងារ សម្រាប់​អនុវត្ត​គម្រោង​«​ជំនាញ​ដើម្បី​ប្រកួតប្រជែង​»
01, Mar 2019 , 10:59 pm        
រូបភាព
​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដ​ល​វិជ្ជាជីវៈ ទទួលបាន​ថវិកា​៨៧​លាន​ដុល្លារ​អាមេរិក ពី​ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់​អនុវត្ត​គម្រោង​មួយ​ដែលមាន​ឈ្នោះ​ថា​«​ជំនាញ​ដើម្បី​ប្រកួតប្រជែង​»(S4C) ។​គម្រោង​នេះ​មាន​រយៈពេល​៥​ឆ្នាំ​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ក្រសួង​ការងារ​។

 
​លោកស្រី Ayoko Inagaki នាយក​ផ្នែក​អភិវឌ្ឍន៍ និង​មនុស្ស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​និយាយថា​គម្រោង​ថ្មី​ក្នុង​ការជួយ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ មាន​រយៈពេល​៥​ឆ្នាំ (២០១៩​ដល់ ២០២៣) នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​នា​ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ឈ្វេងយល់​អំពី​គម្រោង​ជាមួយ លោកស្រី Ayoko Inagaki នៅ​ថ្ងៃទី​១ ខែ មីនា​នេះ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ចាត់ទុក​ជំនួយ​របស់​ADB គឺជា​ការរួមចំណែក​ដ​ល់​វិស័យសេដ្ឋកិច្ច​-​សង្គម តាមរយៈ​ការគាំទ្រ​ផ្នែក​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​នេះ ដែល​វា​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​កម្ពុជា ទទួលបាន​វឌ្ឍនភាព​កំណើនសេដ្ឋកិច្ច ។ ជាពិសេស​វា​នឹង​ជួយ​ឲ្យ​កម្ពុជា អាច​សម្រេច​តាម​គោលដៅ​របស់ខ្លួន ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​
 
​ក្រៅពីនេះ ADB ក៏​កំពុង​សិក្សា​ក្នុង​ការរៀបចំ​ជា​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ទាប់​របស់ខ្លួន ដើម្បី​ផ្តល់​ការជួយ​គាំទ្រ​ដល់​វិស័យ​ការងារ ដែល​ស្របតាម​អទិភាព​ទាំង​៥​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូចជា បន្ត​ពង្រឹង​វិស័យ​បណ្តុះបណ្តាល ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស , ប្រាក់​ឈ្នួល​អប្បបរមា​, សុវត្ថិភាព​, សុខភាព​ការងារ ,​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​, ទេសន្តរប្រវេសន៍​ការងារ​, បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​ការធ្វើ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវាសាធារណៈ ,​ស្វែងរក​មូលនិធិ​ជួយ​ធានា​ដល់​និរន្ត​ភាព និង​ឯករាជ្យភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​នាយក​ផ្នែក​អភិវឌ្ឍន៍ និង​មនុស្ស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​៕ 
 

Tag:
 ក្រសួង​ការងារ​
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com