ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ព្រមាន​មន្ត្រី​៖ ចាប់ពី​រុយ​ដល់​ខ្លា ត្រូវ​វ៉ៃទាំងអស់ ឲ្យ​តែ​ប៉ះពាល់​ពលរដ្ឋ​
01, Mar 2019 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បង្ហាញ​ឆន្ទៈ​កាន់តែ​ខ្លាំងក្លា ក្នុងការ​ការពារ​ប្រជាពលរដ្ឋ ហើយ​ព្រមាន​មិន​លើកលែង​ឲ្យ​មន្ត្រី​ណា ដែល​បំពារបំពាន​ប្រជាពលរដ្ឋ​។ ជាក់ស្តែង នាយករដ្ឋមន្ត្រី បានចេញ​អនុក្រឹត្យ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយ​សម្រេច​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប ដោយសារតែ​មានការ​ផ្ទុះ​ហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច ជាមួយ​ប្រជាពលរដ្ឋ ដែល​ទៅ​តវ៉ា​រឿង​ដីធ្លី​។​


 
​សម្តេច ហ៊ុន សែន អះអាងថា ការដក​អភិបាលរង​ខេត្ត​ទាំងពីរ​នេះ គឺធ្វើឡើង​ដោយ​បង្ខំចិត្ត ដើម្បី​អនុវត្ត​អភិក្រម​ទី​ប្រាំ​ឲ្យ​បាន គឺ «​ការវះកាត់​»​។ បន្ទាប់មក នាយករដ្ឋមន្ត្រី ក៏​យក​ករណី​អភិបាលរង​ខេត្ត​ទាំងពីរ ទៅ​ព្រមាន​ដល់​មន្ត្រី​ផ្សេងទៀត​។ 
 
​ប្រមុខ​រដ្ឋាភិបាល បាន​ហៅ​មន្ត្រី​ខិលខូច ថា​ជា​គ្រាប់​ក្រួស​និង​ខ្សាច់ ដែល​ត្រូវតែ​យក​ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅមុខទៀត​បាន​។ ប្រមុខ​រដ្ឋា​ភិបាល ប្តេជ្ញា​ចាត់វិធានការ​លើ​គ្រប់​មន្ត្រី​ខិលខូចទាំងនោះ ទោះមានអំណាចធំឬឋានៈខ្ពស់កម្រិតណាក៏ដោយ ហើយ​ក៏មិនចាច់ចំណាយពេល​អប់រំ​ឬ​និយាយ​ជាមួយ​ពួកគេ​ទៀត​ដែរ​។ 
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក មេដឹកនាំ​កម្ពុជា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ដល់ពេលនេះ ខ្លា​ក៏ត្រូវ​វាយ ពស់​ក៏ត្រូវ​វាយ កណ្តុរ​ក៏ត្រូវ​វាយ រុយ​ក៏ត្រូវ​វាយ ឲ្យ​តែ​បំពាន​លើ​ផលប្រយោជន៍​ប្រជាជន​»​។ 
 
​ថ្មីៗ​នេះ ព្រះមហាក្សត្រ បានបញ្ចប់​តំណែង​លោក គឹម រស្មី ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី។ លោក គឹម រស្មី ត្រូវបាន​ដកចេញ​ពី​តំណែង ក្រោយពី​លោក ចែក​លុយ​ឲ្យ​កូន​៥​នាក់ ដោយ​ម្នាក់ៗ ទទួលបាន​១០​ម៉ឺន​ដុល្លារ ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​កន្លងទៅ​។ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ហៅ​ការដក​លោក គឹម រស្មី ថា​ជាការ​អនុវត្ត​អភិក្រម​ទី​ប្រាំង​ដែរ ហើយ​ត្រូវបាន​ធ្វើឡើង​ទាំង​ឈឺចាប់​។ 
 
​មិន​ត្រឹមតែ​ត្រូវបាន​ដកចេញ​ពី​តំណែង​ទេ លោក គឹម រស្មី នៅ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិ​របស់លោក​ថែមទៀត​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា ការស៊ើបអង្កេត​លើ​ករណី​របស់លោក គឹម រស្មី ជិត​ចប់សព្វគ្រប់​ហើយ​។ 
 
​ស៊ើបអង្កេត​លើ​លោក គឹម រស្មី មិនទាន់បាន​ប៉ុន្មាន​ផង អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ចាប់ផ្តើម​ស៊ើបអង្កេត​លើ​មន្ត្រីនគរបាល​ម្នាក់ទៀត គឺ​លោក ស្រេង សុខា ស្នងការរង​ខេត្តកណ្តាល​។ ការស៊ើបអង្កេត​នេះ គឺធ្វើឡើង បន្ទាប់ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នាំគ្នា​រិះគន់​លោក ស្រេង សុខា ថា មានទ្រព្យ​សម្បត្តិ​ច្រើន រហូតដល់​មានលទ្ធភាព​បង្គាប់​ឲ្យ​ខាង​ស្រី ដល់​ទៅ​១០​ម៉ឺន​ដុល្លារ និង ឡាន​លុច​ស៊ី​ស​៥៧០​។ 
 
​គេ​នៅចាំ​ថា កន្លងមក សម្តេច ហ៊ុន សែន មិនមែន​ព្រមាន​តែម​ន្ត្រី​ទេ សូម្បីតែ​មនុស្ស​ត្រកូល​ហ៊ុន​ខ្លួនឯង ក៏​រង​ការព្រមាន​ដែរ​។ សម្តេច ហ៊ុន សែន ធ្លាប់​ប្រកាសថា ត្រកូល​ហ៊ុន​ក៏ដោយ ឲ្យ​តែ​ធ្វើ​អាក្រក់​ឬ​ធ្វើ​ខុសច្បាប់ ត្រូវតែ​ប្រឈមមុខ​នឹង​ច្បាប់​ដូច​គេឯង​៕   
 

Tag:
 ហ៊ុន សែន​
  អភិបាល​ក្រម​
© រក្សាសិទ្ធិដោយ thmeythmey.com