ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាំង សិរី​រតន៍​៖ ទោះ​ការងារ​បរិស្ថាន មិនបាន​ផល​ភ្លាមៗ តែ​នឹង​បាន​ផល​យូរអង្វែង​
10, Mar 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា មិនមាន​យុវជន​ច្រើន​ឡើយ ដែល​កំពុងធ្វើការ​ងារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ព្រៃឈើ ការអភិរក្ស​ធនធាន​ធម្មជាតិ និង​បរិស្ថាន​។ ជាងនេះទៅទៀត មនុស្ស​ស្រី  ដែល​ប្រឡូក​នឹង​ការងារ​នេះ ក៏មាន​ចំនួន​តិចតួច​ទៅទៀត ពីព្រោះ​គេ​យល់ថា ការងារ​អភិរក្ស​បរិស្ថាន ជាការ​ងារ​ដែល​គ្រោះថ្នាក់ ហើយ​អ្នក​ខ្លះទៀត​យល់ថា ការងារ​បរិស្ថាន គឺ​ទាក់ទង​នឹង​រឿង​សំរាម និង​កាកសំណល់​មិនល្អ​ជាដើម​។ កញ្ញា អាំង សិរី​រតន៍ ជា​ធនធានមនុស្ស​ដ៏​កម្រ​ម្នាក់ ក្នុង​កិច្ចការ​អភិរក្ស​បរិស្ថាន​នេះ​។ សិរី​រតន៍ យល់ថា​បរិស្ថាន​គឺ​ស្រស់ស្អាត ហើយ​បរិស្ថាន​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស   ម្នាក់ៗ រួមទាំង​រូបនាង​ផ្ទាល់​ផង​។​



 
 
 
​កញ្ញា អាំង សិរី​រតន៍ មាន​អាយុ​២៦​ឆ្នាំ ជា​អ្នក​ខេត្តពោធិ៍សាត់​។ នាង​ជាម​នុស្ស​ស្រគត់ស្រគំ ប៉ុន្តែ​ក្លៀវក្លា​ក្រៃ នៅពេល​និយាយ​ដល់​រឿង​បរិស្ថាន​។ យុវតី​រូបរាង​តូច​ច្រឡឹង​រូបនេះ បានចាប់ផ្តើម​ធ្វើ​ការងា​រពាក់​ព័ន្ធ​នឹង​បរិស្ថាន នៅក្នុង​ឆ្នាំ​២០១៣ ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត​។ បន្ត​បន្ទាប់មក នាង​ក៏​ចូលរួម​ធ្វើការ​នៅ​ម​អង្គការក្រៅរដ្ឋាភិបាល និង​ក្រោយមក ក៏​សម្រេច​បង្កើត​គម្រោង​ដោយ​ខ្លួនឯង ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​។ គម្រោង​នេះ ឈ្មោះថា​«​គម្រោង​ស្ម័គ្រចិត្ត​អេកូ​យុវ​ទូត​» ដែល​ផ្តោត​សំខាន់​លើ​ការងារ​អប់រំ ផ្សព្វផ្សាយ​ពី​បរិស្ថាន​។  
 
​ពី​ពេល​ថ្មីៗ​នេះ សិរី​រតន៍ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​គម្រោង​ស្ម័គ្រចិត្ត​អេកូ​យុវ​ទូត ត្រូវបាន​គម្រោង​អច្ឆរិយ​ភាព​ទន្លេមេគង្គ ជ្រើសរើស​ជា​បុគ្គល​ឆ្នើម​ក្នុង​ការរួម​ចំណែ​ក​អភិរក្ស​ទន្លេមេគង្គ នៅក្នុង​ចំណោម​យុវជន​៦​នាក់​ទៀត​។ 
 
 
 
​កញ្ញា សិរី​រតន៍ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​ត្រូវបាន​ជ្រើស​ជា​បុគ្គល​ឆ្នើម​នេះ ដោយសារ​រយៈពេល​ប្រមាណ​៥​ឆ្នាំ​មកនេះ នាង​បានធ្វើ​ការងារ​ច្រើន​ទាក់ទង​នឹង​ការការពារ និង​អភិរក្ស​បរិស្ថាន ហើយដោយ​សារ​គេ​យល់ថា នាង​អាចជា​មនុស្ស​ម្នាក់ ដែល​អាច​ជំរុញ​ឲ្យ​យុវជន​ដទៃទៀត ចូលរួម​ឲ្យ​ក្នុង​កិច្ចការងារ​អភិរក្ស​នេះ​កាន់តែច្រើន​ថែមទៀត​។​
 
​បរិស្ថាន ប្រៀបបាន​នឹង​សាច់ ឈាម ស្បែក​របស់ខ្លួន​
 
​តាមពិតទៅ ធ្វើជា​អ្នកចូលរួម​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធានធម្មជាតិ មិនមែនជា​បំណង​របស់​យុវតី​រូបនេះ កាលពី​កុមារភាព​ឡើយ​។ ប៉ុន្តែ​ដោយ​ការចិញ្ចឹម​ចិត្ត​ថា នៅពេល​ធំ​ឡើង នាង​ចង់​ធ្វើ​ការងារ​សង្គម និង​ចង់​ជួយ​អ្នកដទៃ ទើប​សិរី​រន​ត៍ ជ្រើសរើស​ជំនាញ​វិទ្យាសាស្ត្រ​បរិស្ថាន ទោះជា​មានការ​ផ្តល់យោបល់​ជាច្រើន​ឲ្យ​នាង​រើសយក​ជំនាញ​ពេទ្យ ឬ​គ្រូបង្រៀន និង​ទាំង​ដែល​កាលណោះ ឪពុកម្តាយ​មិនសូវ​សប្បាយ​ចិត្តនឹង​ការសម្រេចចិត្ត​របស់ខ្លួន​ក៏ដោយ​។ យុវតី​រូបនេះ​យល់ថា បើ​ខ្លួន​ជ្រើសរើស​រៀន​ពេទ្យ ឬ​គ្រូបង្រៀន នោះ​នាង​នឹង​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​សហគមន៍ និង​ទិដ្ឋភាព​នៅ​ជនបទ ដែល​នាង​ប៉ង​តាំងពី​តូច​នោះ​។​
 
​តាមរយៈ​ការបំពេញ​ការងារ ពាក់ព័ន្ធ​នឹង​បរិស្ថាន​ប្រមាណ​៥​ឆ្នាំ​មកនេះ បានធ្វើ​ឲ្យ​យុវតី​រូបនេះ កាន់​តែមាន​សេចក្តីស្រឡាញ់ និង​មាន​មនោសញ្ចេតនា​កាន់​ជ្រាលជ្រៅ ជាមួយនឹង​បរិស្ថាន​។ យុវតី​រូបនេះ បាន​និយាយថា បរិស្ថាន​បានក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់ខ្លួន​ទៅហើយ​។ សិរី​រតន៍ បញ្ជាក់​ដូច្នេះ​៖«​ចំពោះ​ខ្ញុំ វា​(​បរិស្ថាន​) ដូចជា​ដៃជើង សាច់ ស្បែក ឈាម ព្រោះ​រាល់​ពេលដែល​ធ្វើ​ការងារ​ហ្នឹង ពេលដែល​អាន​ឯកសារ និង​មើល​អ្នក​ដែល​គាត់​ធ្លាប់ធ្វើ​ការងារ​ហ្នឹង គាត់​ជា​អ្នកជំរុញ​ចិត្ត​យើង​។ ខ្ញុំ​ធ្លាប់​យំ នៅពេលដែល​ទៅដល់​សហគមន៍ ហើយ​ឮ​អ្នកធ្វើការ​ចាស់ៗ​គេ​ថា ព្រៃឈើ​ឥឡូវ​ថយចុះ គេ​ចាប់​ដីព្រៃ មក​ធ្វើជា​ដី​កសិកម្ម​។ ធ្លាប់​យំ​ដោយសារ​ឃើញ​សហគមន៍​មូលដ្ឋាន រង​ការគំរាមកំហែង​»​។​
 
 
​ទោះ​ធម្មជាតិ​នឹង​ផ្លាស់ប្តូរ តែ​សេរី​រតន៍​នៅតែ​ស្មោះស្ម័គ្រ​នឹង​បរិស្ថាន​
 
​ទោះបីជា​នាង មាន​ភាពស្និទ្ធស្នាល​ជាមួយនឹង​បរិស្ថាន​យ៉ាងណាក្តី ប៉ុន្តែ​វា​ពិតជា​រឿង​ដ៏​លំបាក​ណាស់ សម្រាប់​អ្នក​អប់រំ​ផ្សព្វផ្សាយ​ពី​កិច្ចការពារ​ព្រៃឈើ និង​អភិរក្ស​ធនធានធម្មជាតិ​វ័យក្មេង​រូបនេះ ដែល​ប្រាថ្នា​ផ្លាស់ប្តូរ​ការយល់ដឹងរ​បស់​ពលរដ្ឋ ពិសេស​ជំរុញ​ឲ្យ​មានការ​ចូលរួម​ការពា​រ​បរិស្ថាន​។ រឿង​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​រសើប និង​ប្រឈម​ច្រើន​ជា​រឿង​មួយ ប៉ុន្តែ​រឿង​មួយទៀត គឺ​ការស្រេកឃ្លាន​ចង់ឃើញ​លទ្ធផល​ភ្លាម របស់​យុវជន​នេះឯង​។ បញ្ហា​នេះ​ធ្វើ​ឲ្យ សិរី​រតន៍ ស្ទើរ​បោះបង់ចោល​ការងា​រ​នេះ​ម្តងម្កាល​ដែរ​។ សិរី​រតន៍​ដក​ដង្ហើមធំ​បន្តិច មុននឹង​បន្ត​ពន្យល់​ដូច្នេះ​៖«​ហត់​! ខ្ញុំ​ក៏​ជា​យុវជន​ដែរ​។ យុវជន​ធ្វើ​អី ចង់ឃើញ​លទ្ធផល​ភ្លាមៗ ប៉ុន្តែ​ពេលដែល​យើង​ធ្វើ យើង​មិនទាន់​ឃើញ​លទ្ធផល​ភ្លាម នៅពេល​បច្ចុប្បន្ន​ទេ​...​យើង​ក៏​ចង់​បោះបង់​ដែរ ដោយសារ​វា​យឺត​ពេក​! វា​យូរពេក​! ប៉ុន្តែ​ដោយសារតែ​យើង​គិតថា យើង​កំពុង​កសាង​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ឲ្យ​កាន់តែ​ច្រើនឡើង​»​។ 
 
​បើទោះបីជា​ដឹងថា កិច្ចការពារបរិស្ថាន គឺជា​រឿង​មួយ​ដ៏​សែន​លំបាក   ប៉ុន្តែ​ភក្តីភាព និង​មនោសញ្ចេតនា រវាង​សេរី​រតន៍ និង​បរិស្ថាន នឹងមិន​ផ្លាស់​ប្រែ​នោះឡើយ​។ នាង​ថា  ទោះបី​មិនបាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​អ្វី​ជា​ដុំកំភួន​ក៏ដោយ  ប៉ុន្តែ​នាង​នៅតែ​ព្យាយាម និង​រក្សា​គោលដៅ​របស់ខ្លួន​ក្នុង​ការងារ​បរិស្ថាន​នេះ​ដដែល បើទោះបី​ដឹងថា គ្រប់យ៉ាង​នឹងមាន​ការផ្លាស់ប្តូរ​ដ៏​ដោយ​។  សិរី​បន្ថែមថា​៖ «​ខ្ញុំ​ដឹងថា រាល់​សកម្មភាព​ដែល​យើង​ធ្វើ​នៅពេល​បច្ចុប្បន្ន មិនអាច​ឃើញ​លទ្ធផល​ភា្ល​ម​ទេ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា វា​នឹងមាន​លទ្ធផល​នៅ​ជំនាន់​កូនចៅ​គាត់​»​។ 
 
 
​ក្នុងពេល​បច្ចុប្បន្ន នាង​មើលឃើញថា មាន​មនុស្ស​កាន់តែច្រើន បានចាប់ផ្តើម​យល់ដឹង​ពី​ធម្មជាតិ ហើយ​អ្នក​ដែល​ធ្វើ​ការងារ​បរិស្ថាន ព្រៃឈើ សត្វព្រៃ និង​ធ្វើ​ការងារ​ជាមួយ​សហគមន៍ ក៏​កាន់តែ​កើនឡើង​។ ទន្ទឹមនឹងនោះ សិរី​រតន៍​ក៏​អះអាង​ដែរ​ថា​គម្រោង​របស់​នាង ក៏បាន​ចូលរួម​មួយផ្នែក ក្នុងការ​បណ្តុះ​គ្រាប់ពូជ​អ្នក​ស្រឡាញ់​បរិស្ថាន​ដែរ​។ នេះហើយ​ជា​ក្តីសង្ឃឹម របស់​សិរី​រតន៍ ដែលថា គ្រាប់ពូជ​អ្នក​ស្រឡាញ់​បរិស្ថាន ដែល​កំពុង​ដុះដាល​នៅពេល​បច្ចុប្បន្ន នឹងចូលរួម​បណ្តុះបណ្តាល​គ្រាប់ពូជ​អ្នក​ស្រឡាញ់ និង​បរិស្ថាន និង​ធម្មជាតិ​ជា​បន្តទៀត​។ លើសពីនេះ នាង​សង្ឃឹមថានឹង​ពេល​មួយ ដែល​មនុស្ស​គ្រប់គ្នា​ចាប់ផ្តើម​សួរ​ខ្លួនឯង​ថា តើ​ពួកគាត់​អាចធ្វើ​អ្វី​បាន​ដើម្បី​ស្រោចស្រង់ និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​បាន​៕
 
 

 

Tag:
 អាំង សិរី​រតន៍​
 ​ បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com