អន្តរជាតិ
នយោបាយអន្តរជាតិ
មេដឹកនាំអឺរ៉ុប ជំទាស់ការដាក់អារ៉ាប៊ីសាអូឌីតក្នុងបញ្ជីប្រទេសលាងលុយកខ្វក់ មហាក្សត្រ សាល់ម៉ាន របស់អារ៉ាប៊ីសាអូឌីត (រូបភាព Reuters)
× បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប បានជំទាស់ការបញ្ចូលឈ្មោះអារ៉ាប៊ីសាអូឌីតទៅក្នុងបញ្ជីឈ្មោះប្រទេសដែលផ្ដល់លុយឲ្យក្រុមភេរវករ និងការលាងលុយកខ្វក់។ បញ្ជីឈ្មោះប្រទេសនេះ ត្រូវបានរៀបចំដោយគណៈកម្មការអឺរ៉ុប ហើយដែលធ្វើឲ្យអារ៉ាប៊ីសាអូឌីតខឹងសម្បារយ៉ាងខ្លាំង។ គណៈកម្មការអឺរ៉ុប ក៏បានបញ្ជូលដែនដីអាមេរិកមួយចំនួនទៀតក្នុងបញ្ជីនេះដែរ។ យ៉ាងណាមិញ អាមេរិកធូរទ្រូងវិញក្រោយមេដឹកនាំអឺរ៉ុបជំទាស់សំណើនេះ។
តំណាងរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង២៨ប្រទេស នៅថ្ងៃទី១ ខែមីនា បានបោះឆ្នោតជំទាស់សំណើរបស់គណៈកម្មការអឺរ៉ុបដែលចង់បញ្ចូលអារ៉ាប៊ីសាអូឌីត និងដែនដីអាមេរិកចំនួនបួនក្នុងបញ្ជីប្រទេសលាងលុយកខ្វក់។ អាមេរិក និងអារ៉ាប៊ីសាអូឌីត ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង គ្រាន់តែឮដំណឹងនេះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកការទូតអឺរ៉ុបមិនពេញចិត្តផែនការរបស់គណៈកម្មការអឺរ៉ុបឡើយ ពិសេសវិធីសាស្ត្រក្នុងការរៀបចំបញ្ជី និងដំណើរការដែលពួកគេយល់ឃើញថា គ្មានតម្លាភាព និងមិនគួរទុកចិត្តបានឡើយ។ ដែនដីអាមេរិកទាំងបួនដែលជាប់ឈ្មោះក្នុងបញ្ជីនេះមានកោះ Guam, Puerto Rico, កោះ Virgin Islands និងប៉ាណាម៉ាដែលទើបបញ្ចូលថ្មី។ ដែនដីទាំងបួននេះ ត្រូវជាប់សង្ស័យលើការលាងលុយកខ្វក់ជាជាងការផ្ដល់លុយឲ្យក្រុមភេរវករ។
អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន កូរ៉េខាងជើង និងអេត្យូពីជាដើម សុទ្ធតែជាប់ឈ្មោះក្នុងបញ្ជីនេះរួចហើយ។ ការជាប់ឈ្មោះនេះ មិនទាន់ឈានដល់ការដាក់ទណ្ឌកម្មឡើយ ប៉ុន្តែវាតម្រូវឲ្យធនាគារអឺរ៉ុបរឹតបន្តឹងការគ្រប់គ្រងលើការរកស៊ីរបស់ពួកគេ និងស្ថាប័នហិរញ្ញក្នុងប្រទេសទាំងនោះ។
អារ៉ាប៊ីសាអូឌីត ដែលជាប់ឈ្មោះក្នុងបញ្ជីថ្មីនេះមិនសប្បាយចិត្តឡើយ។ ព្រះចៅសាល់ម៉ាន មហាក្សត្រអារ៉ាប៊ីសាអូឌីត ចេញមុខអន្តរាគមន៍ដោយផ្ទាល់ ដោយបានសរសេរសារទៅកាន់អឺរ៉ុបឲ្យគិតគូរឡើងវិញ។ មហាក្សត្រអង្គនេះ អះអាងថា ការបញ្ចូលអារ៉ាប៊ីសាអូឌីត ជាការបំបាក់មុខមាត់ ហើយវានឹងបង្កើតផលវិបាកក្នុងការធ្វើពាណិជ្ជកម្ម និងលំហូរការវិនិយោគរវាងអារ៉ាប៊ីសាអូឌីត និងសហភាពអឺរ៉ុប។
ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងសហភាពអឺរ៉ុប ល្អក់កករខ្លាំង ក្រោយឃាតកម្មលើអ្នកសារព័ត៌មាន Jamal Khashoggi ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ ។ ដាណឺម៉ាក ន័រវ៉េស និងអាល្លឺម៉ង់សុទ្ធតែបានផ្អាកការធ្វើជំនួញអាវុធជាមួយអារ៉ាប៊ីសាអូឌីតជុំវិញស្ថានភាពយ៉ាប់យ៉ឺនផ្នែកសិទ្ធិមនុស្ស និងតួនាទីក្នុងជម្លោះបង្ហូរឈាមនៅយេម៉ែនផង៕
Tag:
អឺរ៉ុប
អារ៉ាប៊ីសាអូឌីត
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com