វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
សត្វ​អំពិលអំពែក​អាច​បញ្ចេញ​ពន្លឺ​បាន​ដូចម្តេច​?
02, Mar 2019 , 3:59 pm        
រូបភាព
​មាន​មនុស្ស​ភាគច្រើន ជាពិសេស​ក្មេង​តូចៗ​តែងមាន​ចម្ងល់​សាមញ្ញ​មួយ​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​សត្វ​អំពិលអំពែក​អាច​បញ្ចេញ​ពន្លឺ​ដោយ​ខ្លួនឯងបាន​នៅពេល​យប់​។ តើ​សត្វល្អិត​មួយ​នេះ​ប្រើ​ចរន្ត​អគ្គីសនី​មែន​ទេ​? ចម្លើយ​គឺ​មិនមែន​ទេ​។

 
​យោងតាម​ការបកស្រាយ​របស់​គេហទំព័រ​វិទ្យា​សាស្ត្រ​មួយ​មាន​ឈ្មោះថា scientificamerican.com សត្វ​អំពិលអំពែក​ប្រើប្រាស់​ប្រតិកម្ម​គីមី​មួយបែប​យ៉ាង​ពិសេស​ក្នុង​ការបញ្ចេញ​ពន្លឺ​មក​ខាងក្រៅ​។ 
​ប្រតិកម្ម​នោះ បើ​និយាយ​ឲ្យ​ងាយ​ស្តាប់ គឺ​កើតឡើង​រវាង​ការ​រលាយ​ចូលគ្នា​នូវ​ធាតុ​កាល់ស្យូម​, ម៉ូលេគុល Adenosine Triphosphate (ATP) ដែលជា​ម៉ូលេគុល​សរីរាង្គ​សម្រាប់​ផលិត​ថាមពល និង​អុកស៊ីសែន​នៅក្នុង​ខ្យល់​។ ប្រតិកម្ម​គីមី​ប្រភេទ​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា ប្រភេទ​ប្រតិកម្ម Luciferin ដែលមាន​នាទី​បញ្ចេញ​ពន្លឺ​។ មិនមែន​មានតែ​សត្វ​អំពិលអំពែក​ដែល​បញ្ចេញ​ពន្លឺ​នោះទេ​។ 
 
​ប្លង់តុង និង​សត្វ​រស់នៅក្នុង​ជម្រៅ​សមុទ្រ​ជ្រៅ​ជាច្រើន​ទៀត​ក៏​អាច​ផលិត​ពន្លឺ​ក្នុង​លំនាំ​ស្រដៀង​គ្នា​ដែរ​។ ពន្លឺ​ដែល​បាន​ផលិត​នេះ​មិន​បញ្ចេញ​កម្តៅ​ក្តៅ​ដូច​អំពូល​អគ្គីសនី​ដែល​មនុស្ស​ប្រើប្រាស់​នោះទេ​។ វា​ជា​ពន្លឺ​គ្មាន​កម្តៅ​។ លំនាំ​ដែល​សត្វ​បញ្ចេញ​ពន្លឺ​ដោយ​ខ្លួនឯង​នេះ​មាន​ឈ្មោះថា Bioluminescent ។ 
 
​ចុះ​អំពិលអំពែក​បញ្ចេញ​ពន្លឺ​ក្នុង​គោលបំណង​អ្វី​? នេះ​ជា​សំណួរ​ដែល​មិនទាន់មាន​ចម្លើយ​ច្បាស់លាស់​នៅឡើយ​ទេ​។ តាម​ការសិក្សា អ្នកស្រាវជ្រាវ​សន្ម​ត់​ថា ពន្លឺ​របស់​វា​អាច​បញ្ជាក់​ពី​ក្រុម បក្សពួក និង​ប្រភេទ​។ ពេលខ្លះ ដង្កូវ​អំពិល​អំពែ​ល​ប្រើប្រាស់​ពន្លឺ​នោះ​ដើម្បី​ការពារ​ខ្លួន​វាពី​សត្វរំពារ​។ ពន្លឺ​ក៏​អាចជា​សញ្ញា​ដែល​សម្គាល់​ភេទ និង​ពេលខ្លះ​សត្វ​ឈ្មោល​អាច​បញ្ចេញ​សញ្ញា​ទាំងនោះ​ក្នុងការ​ទាក់ទាញ​សត្វ​ញី​។ ធម្មជាតិ​គឺ​ពោរពេញ​ទៅដោយ​អាថ៌កំបាំង និង​ភាព​អស្ចារ្យ​៕  

Tag:
 អំពិលអំពែក
© រក្សាសិទ្ធិដោយ thmeythmey.com