ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រាប់ម្ចាស់អាជីវកម្មកម្សាន្តនានា ឲ្យចូលរួមបំបាត់គ្រឿងញៀន សម្តេច ស ខេង ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យគ្រប់ម្ចាស់អាជីវកម្មកម្សាន្ត ចូលរួមគាំទ្រការលុបបំបាត់គ្រឿងញៀន។ រដ្ឋមន្ត្រីរូបនេះ ព្រមានថា ក្នុងករណីទីតាំងអាជីវកម្មណាមួយ ជាប់ពាក់ពន្ធនឹងបទល្មើសគ្រឿងញៀន ហើយមិនព្រមចូលរួមសហការជាមួយសមត្ថកិច្ចទេ សមត្ថកិច្ច នឹងចុះទៅបង្រា្កបដោយបិទអាជីវកម្មនោះចោលតែម្តង។
ការលើកឡើងរបស់សម្តេច ស ខេង គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រៅពីសារផ្ញើទៅកាន់ម្ចាស់អាជីវកម្ម រដ្ឋមន្ត្រីមហាផ្ទៃ ក៏បានក្រើនរម្លឹកកម្លាំងសមត្ថកិច្ចផងដែរ ឲ្យចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យបាន ដោយមិនត្រូវខ្លាចជនល្មើសឡើយ។
ទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង បានបង្ហោះសារយ៉ាងដូច្នេះថា៖«ចំពោះបញ្ហាគ្រឿងញៀន សម្ដេចបានណែនាំថា មិនអាចរង់ចាំតែបទបញ្ជារាល់ថ្ងៃ រាល់ម៉ោងនោះទេ ពីព្រោះកម្ពុជា មានច្បាប់គ្រឿងញៀន មានគោលការណ៍ណែនាំពាក់ព័ន្ធរួចអស់ហើយ ដូច្នេះត្រូវតែដាក់វិធានការទប់ស្កាត់ និងលុបបំបាត់ឲ្យបាននូវបញ្ហាដែលនាំឲ្យប៉ះពាល់អនាគតយុវជន និងសន្តិសុខសាធារណៈ»។
រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញបន្ថែមពីការទប់ស្កាត់បទល្មើសគ្រឿងញៀននេះ គឺបន្ទាប់ពីសមត្ថកិច្ច ទើបនឹងបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្លិបកម្សាន្ត Rock នាពេលថ្មីៗនេះ ដោលចាប់បានអ្នកសេពគ្រឿងញៀនដល់ទៅជាង៣០០នាក់ និង រឹបអូសគ្រឿងញៀនដល់ទៅជាង៥០គីឡូក្រាមឯណោះ។ សមត្ថកិច្ច បានសម្រេចបិទក្លិបកម្សាន្ត Rock និងបង្ហាញឆន្ទៈក្នុងការស្វែងរកជនល្មើស ដែលនាំគ្រឿងញៀនចូលក្នុងក្លិបនេះ៕
Tag:
ស ខេង
គ្រឿងញៀន
Rock
© រក្សាសិទ្ធិដោយ thmeythmey.com