ONE Championship
កីឡាជាតិ
ជាតិ
សិស្សប្អូន Aung La N Sang ថា​នឹង​ផ្ដួល រិ​ន សា​រ័ត្ន ដោយ​មិន​ប្រើពេល​យូរ​
02, Mar 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
អត្ថបទ​៖ Matias Andres
 
​សមាជិក​ថ្មី​របស់ ONE Championship: Tial “The Dragon Leg” Thang នឹង​ឡើង​ប្រកួត​គុន​ចម្រុះ​ជា​លើកដំបូង​នៅ​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​មួយ​នេះ​ទល់នឹង​កីឡាករ​កម្ពុជា រិ​ន សា​រ័ត្ន នៅ​ថ្ងៃ​សុក្រ​ទី​៨ ខែមីនា​ក្នុង​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​

 
​ការប្រកួត​ទម្ងន់ catchweight ៦៨​គីឡូក្រាម​នេះ​នឹងធ្វើ​ឡើង​នៅ ONE: REIGN OF VALOR ហើយ​មុន​ការប្រកួត​មកដល់ កីឡាករ​វ័យ​២៥​ឆ្នាំ Thang បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ដ៏​មុតមាំ​របស់គេ​ថា​នឹង​ផ្ដួល​គូបដិបក្ខ​កម្ពុជា​មកពី​ក្លិប Cambodian Top Team ដោយ​មិន​ប្រើពេល​យូរ​ឡើយ​។​
 
Thang លើកឡើង​បែបនេះ​ថា​៖ «​ខ្ញុំ​គិតថា​ការប្រយុទ្ធ​មួយ​នេះ​នឹង​ចប់​ក្នុងពេល​ដ៏​ខ្លី​។ មិនមែន​មិន​គោរព​សា​រ័ត្ន​ទេ ប៉ុន្តែ​ខ្ញុំ​ល្អ​ជាង​គាត់ ហើយ​ខ្ញុំ​មាន​សមត្ថភាព​ក្នុង​ការបញ្ចប់​ការប្រកួត​នេះ​ក្នុង​ទឹក​ដំបូង​»​។​
 
Thang ជា​សិស្ស​ប្អូន​របស់​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​២​ប្រភេទ​ទម្ងន់​របស់ ONE Championship: “The Burmese Python” Aung La N Sang ហើយ​គេ​ជឿជាក់ថា​បទពិសោធ​រប​ស់​គេ​កាល​នៅ​ជា​កីឡាករ​ស្ម័គ្រចិត្ត​និង​ការហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្លិប​ដែលមាន​កម្រិត​ខ្ពស់ៗ​បានផ្ដល់​ការត្រៀម​លក្ខណៈ​យ៉ាង​ល្អ​ដល់​គេ​ដើម្បី​ផ្ដួល សា​រ័ត្ន​។​
 
Thang និយាយ​ពី សា​រ័ត្ន ថា​៖ «​គាត់​ពូកែ​គ្រប់យ៉ាង ប៉ុន្តែ​ការចាប់​កាច់​គឺជា​ចំណុចខ្សោយ​ធំ​បំផុត​របស់គាត់​។ គាត់​មាន​ដៃស្ដាំ​ដ៏​ធ្ងន់ ប៉ុន្តែ​ក្រៅពី​ចំណុច​នេះ ខ្ញុំ​គ្មាន​បារម្ភ​អ្វី​ឡើយ​»​។​
 
​សូមបញ្ជាក់ថា សា​រ័ត្ន កំពុង​ស្ថិតនៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ហាត់​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍ ONE: REIGN OF VALOR នៅ​យ៉ាង​ហ្គូ​ន ដែល​នឹងមាន​ការប្រកួត​គូ​ឯក​រវាង​ម្ចាស់​ខ្សែក្រវាត់ ONE Welterweight World Champion ជនជាតិ​ស៊ុយអែត Zebaztian Kadestam ការពារ​ខ្សែក្រវាត់​ទល់នឹង​កីឡាករ​កា​ហ្សា​ក់​ស្ថាន Georgiy Kichigin ដែល​ខ្លាំង​ខាង​ផ្ដួល​ឱ្យ​គូប្រកួត​សុំ​ចុះចាញ់​។​
 
​ទាំង សា​រ័ត្ន និង​អ្នកដឹកនាំ​ក្លិប Yorky Mixed Martial Arts: Nicholas “JJ” Lee ដែល​កំពុង​បង្ហាត់​រូបគេ ប៉ង​បង្ហាញ​អាវុធ​ថ្មីៗ​ដែល​គេ​កំពុង​សម្ងំ​សម្រួច​នៅ​ថៃ ដើម្បី​ចាប់​ឆ្នើម​ឆ្នាំ​២០១៩​ជាមួយ​ជ័យជម្នះ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​។​
 
​លោក Lee និយាយថា​លោក​និង​សា​រ័ត្ន​មិន​មើលស្រាល Thang ឡើយ និង​កំពុង​ខំ​ហាត់​យ៉ាងខ្លាំង​ដើម្បី​ត្រៀម​ឱ្យបាន​ល្អ​សម្រាប់​ការប្រកួត​ដ៏​តានតឹង​មួយ​នេះ​។​
 
​លោក Lee ពន្យល់ថា​៖ «​អ្នកផង​និយាយ​អំពី Thang ថា​ជា​អត្ត​ព​លិ​ក​លំដាប់​កំពូល​ម្នាក់ ពួកគេ​និយាយ​មិន​ខុស​ទេ​។ កម្រិត MMA នៅ​អាស៊ីអាគ្នេយ៍ កំពុង​រីកចម្រើន​ឡើងជា​លំដាប់ តែ​ពួកយើង​មិនទាន់​រីកចម្រើន​ដូច​នៅ​អាមេរិក​ឬ​អឺរ៉ុប​នៅឡើយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​សា​រ័ត្ន ពីព្រោះ​គាត់​មាន IQ ខ្ពស់​ក្នុង​កីឡា​ប្រយុទ្ធ​នេះ ហើយ​គាត់​យល់​ពីអ្វី​ដែល​គាត់​ត្រូវធ្វើ​»​។​
 
​ខណៈ​ការប្រកួត​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ចូល​មកដល់ លោក Lee និង សា​រ័ត្ន កំពុង​ហាត់​បន្ថែម​ក្បាច់​ពិសេស​ដើម្បី​ដណ្ដើមយក​ជ័យជម្នះ​ដ៏​កក្រើក​បំផុត​មួយ​សម្រាប់​កម្ពុជា​។​
 
​លោក Lee បញ្ជាក់​ចុងក្រោយ​ថា​៖ «​ខ្ញុំ​ជឿថា​ពួកយើង​នឹង​យកជ័យ​ជម្នះ​បាន ទោះបី Tial Thang ធំ​ជាង​និង​មាន​អ្នក​សង្ឃឹមទុក​ច្រើនជាង​ក៏ដោយ​»៕
 
 

Tag:
 ONE Championship
  Aung La N Sang
  រិ​ន សា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com