ជាតិ
សង្គមជាតិ
សុខភាព
មន្ត្រី​ថា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​វៀតណាម មិនទាន់​ឆ្លង​ចូល​ខេត្តសៀមរាប​ទេ​
02, Mar 2019 , 10:19 pm        
រូបភាព
រូបភាព៖ មន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
រូបភាព៖ មន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
​សៀមរាប​៖ បន្ទាប់​មានការ​ចែកចាយ​ព័ត៌មាន​អំពី​ការឆ្លង​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ឬ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ មកដល់​ខេត្តសៀមរាប​រួចមក មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្តសៀមរាប បាន​ចេញមុខ​បកស្រាយ​ថា ជំងឺ​នេះ​មិនទាន់​ឆ្លង​មកដល់​ឡើយ​។ ការអះអាង​នេះ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​នៅតាម​ទីសត្តឃាត​នានា​ក្នុង​ខេត្ត និង​សន្មត​ថា​មិនទាន់មាន​ឆ្លង​ជំងឺ​នេះ​ចូលមក​ខេត្ត​ទេសចរណ៍​នេះឡើយ​។​






​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពី​ផ្ទុះ​ករណី​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នៅ​វៀតណាម​ប៉ុន្មាន​ថ្ងៃ​មកនេះ ប្រជាពលរដ្ឋ​កម្ពុជា​បាន​សម្ដែង​ការព្រួយបារម្ភ​ក្នុង​ការបរិភោគ​សាច់ជ្រូក​។ លោក ព្រំ វិច បញ្ជាក់ថា សាច់ជ្រូក​ដែល​នាំ​ចេញពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្តសៀមរាប គឺ​មិនមាន​ឆ្លង​មេរោគ​ខាងលើ​ឡើយ ហើយ​ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយ​សុ​វ​តិ្ថ​ភាព​។ 
 
​ក្នុងជំនួប​ជាមួយ​ម្ចាស់​សត្តឃាត​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២៨ កុម្ភៈ លោក ព្រំ វិច បាន​ពន្យល់ថា សត្វ​ជ្រូក​ទាំងអស់​ដែល​ដឹក​ចូល​សត្តឃាតដ្ឋាន មុន និង​ក្រោយ​ពិឃាត គឺមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ បើ​ដឹងថា សត្វ​ជ្រូក​ទាំងនោះ​ពុំមាន​សុខភាព​ល្អ​ទេ ខាង​មន្ត្រី​ជំនាញ​មិន​អនុញ្ញាតឱ្យ​យក​លក់​នៅលើ​ទីផ្សារ​ឡើយ​។ យ៉ាងណា​លោក​ថា មិន​ហ៊ាន​ធានា​ចំពោះ​សត្វ​ជ្រូក​ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ និង​ពិឃាត​យក​សាច់​ហូប ឬ​លក់​តាម​ផ្ទះ​នោះឡើយ ដ្បិត​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។​
 
​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប លោក ទា គឹម​សុទ្ធ បាន​លើកឡើងថា ដ្បិត​បច្ចុប្បន្ននេះ ខេត្តសៀមរាប​មិនទាន់មាន​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ​ក៏ពិតមែន តែម​ន្ត្រី​ជំនាញ​របស់លោក​មិន​នៅ​ស្ងៀម​ទេ គឺ​បាននិងកំពុង​ចុះ​ត្រួតពិនិត្យ​ជារឿយៗ ដើម្បីឱ្យ​ប្រាកដថា ជំ​ងឹ​នេះ​បាន​ឆ្លង​មកដល់​ខេត្តសៀមរាប​ហើយ​ឬ​យ៉ាងណា​។ លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ទទួលដំណឹង​ពី​ការសង្ស័យថា​មាន​សត្វ​ជ្រូក ឬ​សត្វ​ផ្សេងៗ​ទៀត​មាន​ជំងឺ ឬ​ឆ្លង​ជំងឺ​ណាមួយ​នោះ សូម​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​ឱ្យទាន់​ពេលវេលា​។​
 
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ខេត្តសៀមរាប មាន​តម្រូវការ​សាច់ជ្រូក​ប្រមាណ​ជាង ១៣​តោន​ក្នុង​មួយថ្ងៃ សម្រាប់​ផ្ត​ត់​ផ្គង់​នៅតាម​ទីផ្សារ ហើយ​សត្វ​ជ្រូក​ភាគច្រើន គឺ​ជ្រូកស្រុក និង​មួយចំនួន​តូច​នាំចូល​ពី​ប្រទេស​ថៃ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com