សង្គមអន្តរជាតិ​
អន្តរជាតិ
ទារក​ជប៉ុន​កើតមក​មាន​ទម្ងន់​តែ​២៦៨​ក្រាម ហើយ​៦​ខែក្រោយ​មក កើន​ដល់​៣,២​គីឡូក្រាម​
02, Mar 2019 , 10:39 pm        
រូបភាព
ដោយ: ធីតា
​ទារក​ជប៉ុន​ដែល​កើតមក មាន​ទម្ងន់​តែ​២៦៨​ក្រាម (​ឬ​០,២៦៨​គីឡូក្រាម​) ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ថែរក្សា​នៅផ្ទះ​របស់ខ្លួន​ហើយ បន្ទាប់ពី​ទទួល​នូវ​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​តូ​ក្យូ អស់​រយៈពេល​ជាច្រើន​ខែ​។​

 
​ទារក​បានប្រសូត​កាលពី​ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ម្តាយ​ពរ​ពោះ​បានត្រឹមតែ​រយៈពេល​២៤​សប្តាហ៍​។ ក្រុមគ្រូពេទ្យ​នៅ​សាកលវិទ្យាល័យ Keio University បាន​វះកាត់​ស្បូន​បើក​ពោះ​ដើម្បី​យក​ទារក​ចេញ ដោយសារតែ​មិនមាន​ការឡើង​ទម្ងន់​ទាល់តែសោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ទារក​នោះ បានប្រសូត​ដោយ​សុវត្ថិភាព ហើយ​បន្ត​ស្ថិតក្រោម​ការថែទាំ​នៅ​មន្ទីរពេទ្យ​ដោយផ្ទាល់​។ រយៈពេល​៦​ខែ ទារក​បាន​ឡើងដល់​៣,២​គីឡូក្រាម ដែលមាន​ចំនួន​គុណ​១២​ដង​លើ​ទម្ងន់​ដែល​គេ​ទើប​កើត​។​
 
​លោក Takeshi Arimitsu វេជ្ជបណ្ឌិត​ម្នាក់​ប្រចាំ​សាកលវិទ្យាល័យ បាន​អះអាង​ប្រាប់ Kyod News ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ដឹងថា ទារក​អាច​ត្រឡប់​ទៅវិញ​ដោយ​សុខភាព​មាំទាំ បើទោះបីជា​គេ​មាន​ទំហំ​តូច​ក៏ដោយ​»​។​
 
​ម្តាយ​របស់​ទារក​នោះ រំភើប​យ៉ាងខ្លាំង​ដែល​ឃើញ​ការឡើង​ទម្ងន់​របស់​កូន​ខ្លួន​។ គាត់​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​មិន​ហ៊ាន​គិត​សោះ ថា​កូន​ខ្ញុំ​អាចមាន​ជីវិត​រហូតដល់​ពេលនេះ​»​។​
 
​កាលពី​ឆ្នាំ​២០១៥ ទារិកា​អាល្លឺម៉ង់​ម្នាក់​បាន​កើតមក​ដោយមាន​២៥២​ក្រាម រីឯ​ទារក​ម្នាក់ទៀត​ដែល​នៅ​អាល្លឺម៉ង់​ដូចគ្នា បានកើត​កាលពី​ឆ្នាំ​២០០៩ ដោយមាន​ទម្ងន់​២៧៤​ក្រាម​៕
 

Tag:
 ទារក​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com