ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា ក្រើនរំឭក​ពលរដ្ឋ កុំ​ឲ្យ​បោះ​កន្ទុយបារី និង​ដាំ​ស្លរ​ក្នុងព្រៃ ដែល​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​
02, Mar 2019 , 4:59 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ថ្មីៗ
​សៀមរាប​៖ ដើម្បី​បញ្ចៀស​ករណី​ភ្លើង​ឆេះ​ព្រៃ​ជាយថាហេតុ​នោះ អាជ្ញាធរ​ជាតិ​អប្សរា ហាម​ពលរដ្ឋ​បោះ​កន្ទុយបារី និង​ដាំ​ស្លរ​នៅក្នុង​ព្រៃ​។​ការ​ក្រើនរំឭក​នេះ បណ្ដាល​ពី​ធ្លាប់មាន​ករណី​ភ្លើង​ឆេះ​នៅ​ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប ,​ចម្ការ​កូនឈើ​មុខ​ប្រាសាទគងភ្លុក និង​ផ្នែក​ខាងកើត​ប្រាសាទបេង​មាលា​អស់​ជាច្រើន​ហិកតា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​អាជ្ញាធរ​អប្សរា កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​


​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទទួលបាន​ពី​ព័ត៌មាន​តាមរយៈ​ការព្យាករណ៍​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើងថា នៅ​ដើម​ឆ្នាំនេះ កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​បាតុភូត Ei Nino ដែល​បង្ក​ឱ្យ​រដូវប្រាំង​មាន​ភាព​ក្ដៅ​ហួតហែង សីតុណ្ហភាព​នឹង​កើនឡើង​ពី ៤០ ដល់​៤២​អស្សា​។ ដូច្នេះ​ករណី​ភ្លើង​ឆេះ​ព្រៃ ក៏​អាច​កើតមាន​តាមរយៈ​ការធ្វេសប្រហែស​ណាមួយ​។​
 
​សេចក្តីជូនដំណឹង​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខណៈ​រង​ឥទ្ធិពល​កម្ដៅ​កើន​ខ្លាំង​ដូច្នេះ គ្រោះថ្នាក់​ភ្លើង​ឆេះ​ព្រៃ​ងាយ​នឹង​កើតឡើង​ណាស់​ប្រសិនបើ​មានការ​ធ្វេស​ប្រហែង​ណាមួយ ជាពិសេស​ការ​ចោល​កន្ទុយបារី ការដាំ​បាយ​ធ្វើ​ម្ហូបអាហារ​នៅក្នុងពេល​ទៅ​ចាប់​ត្រី ការដើរ​កម្សាន្ត ការរក​ឃ្មុំ បរបាញ់​សត្វ ដុត​ចម្ការ ។​ល​។ ដោយ​មិនបាន​ពន្លត់ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ​»​។​
 
​ជាមួយគ្នានេះ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ ជាពិសេស​ម្ចាស់​អាហារ​ដ្ឋា​ន​ស្ថិត​នៅក្បែរ​ប្រាង្គ​ប្រាសាទ និង​អ្នកដើរ​កម្សាន្ត​ព្រៃ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង ៕

Tag:
 ភ្លើង​ឆេះ​​ព្រៃ​​
  ​ប្រុងប្រយ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com