ជាតិ
សង្គមជាតិ
អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបាន​ពានរង្វាន់​បេតិកភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី​
03, Mar 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា កាលពីពេល​ថ្មីៗ​នេះ​បានទទួល​ពានរង្វាន់​បេ​តិក​ភ​ភណ្ឌ​អង្គរ​គ្មាន​ផ្សែង​បារី ពី​សម្ពន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​។ ពានរង្វាន់​នេះ​ធ្វើឡើង បន្ទាប់ពី​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រឹងប្រែង​បណ្ដុះបណ្តាល និង​ផ្សព្វផ្សាយ​ពី​គ្រោះ​ថា្នក់​សុខភាព ផលប៉ះពាល់​ដល់​ប្រាសាទ និង​មាន​ឆ​ន្ទះ​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ ក្លាយជា​បរិស្ថាន​គ្មាន​ផ្សែង​បារី​ចាប់តាំងពី​ឆ្នាំ ២០១២​មក​។​

 
 
​សម្ពន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក បានប្រគល់​ពានរង្វាន់​ខាងលើ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​សិក្ខាសាលា​ស្ដីពី «​ការជំរុញ​ទីក្រុង​សៀមរាប​ជាទី​ក្រុង​គ្មាន​ផ្សែង​បារី​» នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។ លោកស្រី​បណ្ឌិត ដូ​មី​លី វីឡា​រេ បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ថែរក្សា​រមណីយដ្ឋាន​អង្គរ និង​ការិយាល័យ​ធ្វើការ​គ្មាន​ផ្សែង​បារី​។ ការខិតខំ​នេះ ជាហេតុ​ផល​មួយ​ដែល​ស្ថាប័ន​នេះ បាន​ផ្សព្វផ្សាយ​អង្គរ​ទៅកាន់​ពិភពលោក ដូចនឹង​រមណីយដ្ឋាន​នៃ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដែល​គ្មាន​ផ្សែង​បារី ហើយ​ពានរង្វាន់​នេះ ស័ក្តិសម​ចំពោះ​កិច្ចប្រឹងប្រែង​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បំពេញ និង​បន្ត​ពង្រឹង​កិច្ចការ​លើកកម្ពស់​បរិ​ស្ថាន​បន្តទៀត​។ 
  
​យោងតាម​ខ្លឹមសារ​ដែល​បាន​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ ដែលជា​អគ្គនាយក បាន​សម្តែង​អារម្មណ៍​រីករាយ​ចំពោះ​ការផ្តល់​ទំនុកចិត្ត និង​កិត្តិយស​ដល់​ស្ថាប័ន​មួយ​នេះ​។ តាមរយៈ​ពានរង្វាន់​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ភារកិច្ច ហើយ​ពង្រីក​តំបន់​គ្មាន​ផ្សែង​បារី​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​បន្ថែមទៀត​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ហង់ ពៅ​។​
  
​គួររម្លឹកថា យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស​៧​លាន​នាក់​បាន​ស្លាប់​រៀងរាល់ឆ្នាំ (៦​លាន​នាក់​ជក់បារី ៨៦០​ពាន់​នាក់​ស្រូប​ផ្សែង​បារី​ពី​គេ​)​។ ក្នុងនោះ ថវិកា​ចំនួន​១.៤​ពាន់​លាន​ដុល្លារ​បាន​ខាតបង់​ដោយ​ការប្រើប្រាស់​ថ្នាំជក់ (​ព្យាបាល​ជំងឺ និង​ស្លាប់​មុនពេល​កំណត់ បាត់បង់​កម្លាំង​ពលកម្ម​)​។ នៅ​កម្ពុជា មនុស្ស​១​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​១​ឆ្នាំ (​ប្រហែល​៣០​នាក់​ក្នុង​១​ថ្ងៃ​)​។ ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ខាតបង់​ដោយសារ​ការទិញ​បារី រីឯ​ថវិកា​ប្រមាណ​១៦២​លាន​ដុល្លារ​ត្រូវ​ចំណាយ​ដើម្បី​ព្យាបាល​ជំងឺ​ប្រាំ​មុខ ដែល​បណ្ដាលមកពី​ការជក់បារី​នេះ​៕
 
 

Tag:
 ​បារី​
© រក្សាសិទ្ធិដោយ thmeythmey.com