កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ស៊ុត​២​គ្រាប់​ជួយ Man Utd ដណ្តើមបាន Top 4 ពី Arsenal
03, Mar 2019 , 11:49 am        
រូបភាព
ខ្សែប្រយុទ្ធ​ឆ្នើម Romelu Lukaku អា​រកបាន​ពីរ​គ្រាប់​ក្នុងការ​ប្រកួត​ដែល Manchester United យកឈ្នះ Southampton ៣-២ នា​ជំនួប​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃទី​២ ខែមីនា​។ ជ័យ​ជ​ន្នះ​នេះ​បាន​នាំ​ក្រុម​លោក Ole Gunnar Solskjaer ឡើងទៅ​ចំណាត់ថ្នាក់​ទី​៤ វិញ​បន្ទាប់ពី Arsenal ប្រកួត​ស្មើ​ជាមួយ Tottenham Hotspur ១-១​។​

 
​ខ្សែការពារ Yann Valery បាន​ស៊ុត​បាល់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​ដើម្បី​ជួយ Southampton នាំមុខ Man Utd មុន​នៅ​នាទី​២៦ ដែល​លទ្ធផល​នេះ​អាច​រក្សាបាន​រហូត​ចប់​តង់​ទី​១​។​
 
​ចូលដល់​តង់​ទី​ពីរ​ខណៈ​ការប្រកួត​ដំណើរការបាន​៨​នាទី​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Andreas Pereira ដែល​ទទួល​បាល់​ពី Diogo Dalot ក៏​ស៊ុត​មិន​ចាញ់ Valery ដែរ ដើម្បី​បំប៉ោង​សំណាញ់​ទី Southampton មុនពេល Lukaku រកបាន​គ្រាប់​បាល់​នាំមុខ​សម្រាប់ Man Utd ២-១ វិញ​នៅ​៦​នាទី​បន្ទាប់​។​
  
 
​ការប្រកួត​បាន​បន្តរ​ហូត​ដល់​នាទី​៧៥ ខ្សែបម្រើ James Ward Prowse បាន​ទាត់​បាល់​ពិន័យ (free-kick) យ៉ាង​ល្អ​ម្តងទៀត​សម្រាប់ Southampton តាម​ស្មើ ២-២ វិញ​។ ប៉ុន្តែ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ម្ចាស់ផ្ទះ​នៅ​ទឹកដី Old Trafford បានធ្វើ​ឲ្យ​ក្រុម​រហស្សនាម​បិសាច​ក្រហម​អា​ចរក​គ្រាប់​បាល់​ទី​៣ និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​បាន បន្ទាប់​ខ្សែប្រយុទ្ធ​តម្លៃ​ខ្លួន​ថ្លៃ Lukaku ដដែល​សម្រេច​គ្រាប់​បាល់​ទី​២​របស់គេ​នៅ​នាទី​៨៨​។​
 
​លទ្ធផល ៣-២ បាន​នាំ​ក្រុម​ម្ចាស់​ជើង​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​រំកិល​ខ្លួន​ទៅ​ឈ​នៅ​ចំណាត់ថ្នាក់​ទី​៤​ជំនួស Arsenal វិញ ក្រោយពី​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​ប្រកួត​ស្មើគ្នា​ជាមួយ Spurs ក្នុង​លទ្ធផល ១-១​។​
  
 
​ឆ្លងកាត់​ការប្រកួត​២៩​លើក Man Utd មាន​៥៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​៣ Spurs ចំនួន​៣​ពិន្ទុ ខណៈ Arenal ឈ​លេខ​៥ មាន​៥៧​ពិន្ទុ​។ Chelsea ដែលជា​ក្រុម​ត្រូវ​ប្រជែង Top 4 ដែរនោះ ឈ​នៅ​លេខ​រៀង​ទី​៦ ក្នុង​តារាង Premier League មាន​៥៣​ពិន្ទុ​ប៉ុន្តែ​ទើប​ប្រកួត​បាន​២៧​លើក​ប៉ុណ្ណោះ​។​
 
​ដោយឡែក ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City បាន​ឡើងទៅ​ឈ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​យកឈ្នះ AFC Bournemouth ១-០​។ ក្រុម​របស់លោក Pep Guardiola ទទួលបាន​៧១​ពិន្ទុ នាំមុខ Liverpool ដែល​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ចំនួន ២​ពិន្ទុ​៕ 
  
 
​លទ្ធផល​គូ​ដទៃ​មានដូចជា​៖

-​ ​Brighton & Hove Albion ១ - ០ Huddersfield Town
-​ ​Burnley ១ - ៣ Crystal Palace
-​ ​Wolverhampton Wanderers ២ - ០ Cardiff City
-​ ​West Ham United ២ - ០ Newcastle United

 

 

 

 

Tag:
 បាល់ទាត់​
  Manchester United
  Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com