ជាតិ
សង្គមជាតិ
កម្ពុ​ជាមាន​ជ័យលាភី​បង្គន់​សាធារណៈ​ល្អ​ដាច់​គេ​ចំនួន​២២ ភាគច្រើន​នៅ​ភ្នំពេញ និង​សៀមរាប​
03, Mar 2019 , 8:30 pm        
រូបភាព
បង្គន់សាធារណៈនៅទួលស្លែងទើបបានចំណាត់ថ្នាក់បង្គន់ស្តង់ដារអាស៊ានកាលពីខែមករាកន្លងមក ហើយ​បន្តបានជ័យលាភីថ្នាក់ជាតិបន្ថែមទៀត
បង្គន់សាធារណៈនៅទួលស្លែងទើបបានចំណាត់ថ្នាក់បង្គន់ស្តង់ដារអាស៊ានកាលពីខែមករាកន្លងមក ហើយ​បន្តបានជ័យលាភីថ្នាក់ជាតិបន្ថែមទៀត
​ភ្នំពេញ​៖ កម្ពុ​ជាមាន​បង្គន់​សាធារណៈ​ចំនួន​៧២ បានទទួល​ជ័យលាភី «​បង្គន់​ស្អាត​» ក្នុងនោះ​បង្គន់​ចំនួន​២២ មាន​លក្ខណៈ​ល្អ​ដាច់​គេ​។ ជ័យលាភី​នេះ ទទួលបាន​តាមរយៈ​ចលនា​ប្រឡងប្រណាំង «​បង្គន់​សាធារណៈ​កម្ពុជា​» ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១៩ ក្រោម​ការរៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដែលមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​។​

 
​បេក្ខភាព​បង្គន់​សាធារណៈ​ចំនួន​១១៤​ពី​២០​រាជធានី​-​ខេត្ត បាន​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​បង្គន់​សាធារណៈ​» លើក​ទី​១​។ ក្នុងចំណោម​នោះ បង្គន់​សរុប​ចំនួន​៧២ បាន​ជាប់​ជ័យលាភី​។ នេះ​បើ​យោងតាម​លទ្ធផល​ដែល​ប្រកាស​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ​។​
 
​ក្នុងចំណោម​ជ័យលាភី​ទាំង​៧២ មាន​បង្គន់​ចំនួន​២២ ដែល​បាន​ជ័យលាភី​ស្អាត​ដាច់​គេ​ដោយ​ទទួលបាន​ស្នាមញញឹម​៣ ជាមួយនឹង​ការទទួលបាន​ពិន្ទុ​ចន្លោះ​ពី​៣៤ ដល់​៤៣​។ បង្គន់​ទាំង​២២​នេះ មាន​៨​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ ដែល​មាននៅ​ផ្សារ​អ៊ី​អន​ទី​១ និង​ទី​២, សណ្ឋាគារ​ផា​លេស​ហ្គេ​ត និង​រី​សត​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ហុងកុង​លែ​ន​, សារមន្ទីរ​ឧក្រឹដ្ឋ​កម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​, សួន​ព្រះ​នាង​ប្រាជ្ញា​បារមី​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​វឌ្ឍនៈ​កា​ពី​តា​ល់ និង​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​។​
 
​ដោយឡែក​បង្គន់​ស្អាត​ដាច់ ១៤​ទីតាំង​ទៀត មាននៅ​បណ្តា​ខេត្ត​នានា​។ ក្នុងនោះ​ខេត្តសៀមរាប​មាន ៥​ទីតាំង ដែល​មាននៅ​គ្រឹះស្ថាន​អង្គរ​, មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខេត្តសៀមរាប​, រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា​, ដឹ ហេ​រី​ថេ​ក វ៉ក (The Heritage Walk)
​និង​នៅ​ផ្សារ​ទំនើប​អង្គរ​។  
 
​ខេត្ត​កែប មាន​បង្គន់​នៅ​មជ្ឈមណ្ឌល​ធនធាន​តំបន់ឆ្នេរ និង​បង្គន់​សាធារណៈ​ជ្រោយ​ដូង​។ កំពង់ចាម មាន ស្ថានីយ៍​ប្រេងឥន្ធនៈ​ភី​ធី​ធី​ចំនួន​ពីរ​ទីតាំង គឺ​នៅ​ផ្តៅ​ជុំ និង​នៅ​ខេត្តកំពង់ចាម​ផ្ទាល់​។  រីឯ​ខេត្តបាត់ដំបង បង្គន់​សាធារណៈ​ស្អាត​ដាច់​នៅ​សួន​សម្តេច​ក្រឡាហោម ស ខេង​។​
 
​ខេត្តកំពង់ធំ មាន​បង្គន់​នៅ​ភោជនីយដ្ឋាន​សម្រស់​ព្រៃ​ប្រស់ ខេត្តកំពង់ធំ មាន​បង្គន់​នៅ​ចំណតរថយន្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​, ខេត្តកំពង់ស្ពឺ មាននៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ភី​ធី​ធី ពេជ្រនិល និង​មណ្ឌលគិរី មាន​បង្គន់​នៅ​សណ្ឋាគារ មយូ​រ៉ា​ហៀ​ល​រី​ស៊​ត​។​
 
​ក្រៅពី​បង្គន់​ទាំង​២២​ដែល​ទទួលបាន​ស្នាមញញឹម​បី បង្គ​ន់​ចំនួន​៣៣​ទៀត ទទួលបាន​ស្នាមញញឹម​២ ជាមួយនឹង​ពិន្ទុ​ពី​៣០ ដល់​៣៣ និង​១៧​ជ័យលាភី​ទៀត ទទួលបាន​ស្នាមញញឹម​១ ក្នុង​ពិន្ទុ​ចន្លោះ​ពី​២១ ដល់​២៩៕
 

Tag:
 ជាតិ​
  សង្គម​
  បង្គន់​
  សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com