ជាតិ
នយោបាយជាតិ
គ្មានឡើយ វត្តមានលោក សម រង្ស៊ី តាមការសន្យា!
× ភ្នំពេញ៖ «ខ្ញុំនឹងវិលត្រឡប់ចូលកម្ពុជាវិញ! ខ្ញុំនឹងចុះចេញពីតំណែង»។ នេះជាពាក្យសម្ដីភ្នាល់គ្នារវាងលោក សម រង្ស៊ី អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើករណីដោះលែង ឬមិនដោះលែងលោក កឹម សុខា នៅត្រឹមថ្ងៃទី៣ មីនានេះ។
ថ្ងៃកំណត់នៃការភ្នាល់គ្នារវាងសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី បានមកដល់។ បើមានការដោះលែងលោក កឹម សុខា ដូចការភ្នាល់មែននោះ គឺសម្ដេច ហ៊ុន សែន ត្រូវចុះចេញពីតំណែង។ ប៉ុន្តែបើគ្មានការដោះលែងវិញទេ លោក សម រង្ស៊ី នឹងត្រូវចាញ់ការភ្នាល់នេះ ហើយត្រូវវិលចូលស្រុកឲ្យអាជ្ញាធរចាប់ខ្លួន។ តែមកដល់ម៉ោងនេះ មិនទាន់ឃើញមានសាលដីកាដោះលែងលោក កឹម សុខា ឡើយ ហើយក៏មិនទាន់ឃើញវត្តមានលោក សម រង្ស៊ី វិលចូលកម្ពុជា តាមការភ្នាល់ដែរ។
មូលហេតុដែលលោក សម រង្ស៊ី មិនអនុវត្តតាមសន្យានៃការភ្នាល់គ្នា ដោយសារអតីតថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ គិតថា សម្ដេច ហ៊ុន សែន បានកែប្រែលក្ខខណ្ឌតាមចិត្ត និងបានដកខ្លួនពីការភ្នាល់គ្នាជាមួយលោក ។ មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី ថែមទាំងបានស្រង់សម្តីសម្ដេច ហ៊ុន សែន ដែលប្រកាសថា គ្មានការដោះលែងលោក កឹម សុខា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា មកចំអកនៅលើហ្វេសប៊ុកទៀតផង។ លោក សម រង្ស៊ី ដែលមិនត្រឡប់ចូលស្រុកតាមការសន្យានោះ បាននិយាយលែបខាយថា សម្ដេច ហ៊ុន សែន ចូលក្នុងអន្ទាក់ខ្លួនទៅវិញទេ ព្រោះអ្វីដែលលោកធ្វើនេះ គឺចង់ឲ្យសម្ដេចបង្ហាញពីឥទ្ធិពលទៅលើស្ថាប័នតុលាការ។ បន្ថែមពីនេះលោក សម រង្ស៊ី បានឌឺដងតាមរយៈរូបត្លុកមួយ ដោយចាត់ទុកសម្ដេច ហ៊ុន សែន ជាមនុស្សកំសាក ដែលមិនហ៊ានតទល់ គូបដិបក្ខរបស់ខ្លួន មួយទល់នឹងមួយទៀតផង។
គ្មានឡើយវត្តមាន លោក សម រង្ស៊ី តាមសន្យានៃការភ្នាល់ យកចាញ់-ឈ្នះជាមួយសម្ដេច ហ៊ុន សែន ជុំវិញការដោះលែងលោក កឹម សុខា។ ប៉ុន្តែមានតែរូបភាពលោក សម រង្ស៊ី បង្ហោះលើហ្វេសប៊ុក ដែលបង្ហាញពីការជិះស្គីនៅលើទឹកកក និងលេងវាយកូនបាល់ នៅក្រៅប្រទេស។
ដោយដឹងថា លោក សម រង្ស៊ី មិនធ្វើតាមសន្យានោះ សម្ដេច ហ៊ុន សែន ក៏សរសេរបទចម្រៀងចំនួន៣ ដែលយកបទ«បងជាទន្សាយ…» «ទទាយំឆ្លង ត្រយងបងអើយអត់ឆ្លើយ...» និងបទ «ទទាយំឆ្លង ត្រយងបងអើយ រត់ហើយ...» ដែលរៀបរាប់ឌឺដងទៅលោក សម រង្ស៊ី វិញ៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com