ជាតិ
សង្គមជាតិ
វិចិត្រករ​វ័យក្មេង​សិង្ហ​បុរី មក​តាំង​ពិ​ព័រ​ណ៌​គំនូរ​នៅ​ពេទ្យ​កុមារ​អង្គរ ដើម្បី​ប្រមូល​ថវិកា​ព្យាបាល​កុមារ​កម្ពុជា
04, Mar 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ វិចិត្រករ​វ័យក្មេងរ​បស់​សិង្ហ​បុរី ដែលមាន​ភាពល្បីល្បាញ​ផ្នែក​គំនូរ នឹងធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប ដើម្បី​រៀបចំ​ពិធី​សម្ពោធ​ពិ​ព័រ​ណ៌​គំនូរ​របស់ខ្លួន​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ពិ​ព័រ​ណ៌​នេះ នឹងធ្វើ​នៅ​ដើមខែ​មីនា ហើយ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​គំនូរ​ទាំងអស់ នឹងត្រូវ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​គេ​ស្គាល់​ថា បាននិងកំពុង​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

 
​មន្ទីរពេទ្យ​កុមារ​អង្គរ បានប្រកាស​ប្រាប់​សាធារណជន​អំពី​ការតាំង​ពិ​ព័រ​ណ៌​គំនូរ ក៏ដូចជា​វត្តមាន​រប​ស់​កុមារា ច​ន​នី ចៅ (Johnny Zhao) ជនជាតិ​ចិន​សិង្ហ​បុរី​។ ច​ន​នី ចៅ បាន​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ ហើយ​ស្នាដៃ​គំនូរ​គេ ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ នៅពេលដែល​កុមារា​រូបនេះ អាយុ​ត្រឹម​១១​ឆ្នាំ​។​
 
​ពិ​ព័រ​ណ៌​គំនូរ​របស់​កុមារា ច​ន​នី ចៅ នឹងត្រូវ​សម្ពោធ​នៅ​ថ្ងៃទី​៧ មីនា វេលា​ម៉ោង ៥​និង​៣០​នាទី នៅ​មជ្ឈមណ្ឌល​ទស្សនកិច្ចរ​បស់​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​ការតាំង​បង្ហាញ​នេះ​នឹង​បន្ត​រហូត​ពេញ​មួយខែ​។ ព័រ​ណ៌​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ពរជ័យ​» (Blessing) គឺជា​កិច្ចសហការ​រៀបចំ​ដោយ​សណ្ឋាគារ Templation និង សៀមរាប Brewpub ធ្វើឡើង​ក្នុង​បំណង​បង្ហាញ​ពី​គំនិត​នៃ​ការ​ចែត​រំលែក​ចំពោះ​អ្នក​ដែល​ខ្វះខាត និង​ការ​ជួន​ពរជ័យ​ដល់​អ្នកដទៃ​។ 
 
​គួរ​បញ្ជាក់ថា កុមារា ច​ន​នី ចៅ កើត​នៅ​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ​២០០៧ ដែល​ស្រឡាញ់​សិល្បៈ​តាំងពី​នៅ​វ័យក្មេង​។ នៅ​អាយុ​៧​ឆ្នាំ ច​ន​នី​បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៌​សប្បុរសធម៌​លើកដំបូង​ដែលមាន​ឈ្មោះថា «​អនុស្សាវរីយ៍​នាពេល​អនាគត​មួយ​» ដែល​បាន​ប្រារព្ធ​ធ្វើឡើង​អំឡុង​ខែ តុលា ឆ្នាំ​២០១៥ ដែល​ពេលនោះ​ហើយ​ធ្វើឱ្យ​កុមារា​រូបនេះ មាន​ភាពល្បីល្បាញ​ក្នុងប្រទេស សិង្ហ​បុរី​៕
 


 

© រក្សាសិទ្ធិដោយ thmeythmey.com